ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែចិញ្ចឹមត្រី និងផ្ទះលើទឹកបន្តត្រៀបត្រាតាមដងទន្លេសាបនៅភូមិគ្រួសព្រុំប្រទល់ស្រុកពញាឮ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​នៅ​តែ​បន្ត​នៅ​ត្រៀម​ត្រា នៅ​តាម​ដង​ទ​ន្ល​សាប​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​នៅឡើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​យ៉ាង​ក្តៅ​គគុក កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​នៅ​តែ​បន្ត​នៅ​ត្រៀម​ត្រា នៅ​តាម​ដង​ទ​ន្ល​សាប​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​នៅឡើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​យ៉ាង​ក្តៅ​គគុក កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក ។

Picture

ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​ស្ទើរ​១០០​ភាគរយ​នៅ​សល់​តែ​ប្រមាណ​៥​ភាគរយ​នោះ​ទេ ដែល​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​បាន​ចល័ត​ទៅ​ស្រុក​វិញ ដោយ​អាជ្ញាធរ​វៀតណាម​មិន​អោយ​ចូល​ជាប់​នៅ​ត្រឹម​ព្រំប្រទល់ និង​មួយ​ចំនួន​បាន​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុងភូមិ​គ្រួ​ស​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ និង​ស្រុក​ពញាឮ​ខេត្តកណ្តាល ។

Picture

ទោះបីជា​យ៉ាងណា​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី​ដែល​ចត​ត្រៀម​ត្រា នៅ​ក្បែរ​វត្ត​គ្រួ​ស​នោះ អាជ្ញាធរ​ទុក​ពេល​អោយ​តែ​៦​ខែ រង់ចាំ​ត្រី​ធំ​អាច​ចាប់​លក់​ហើយ អាជ្ញាធរ​នឹង​បន្ត​រុះរើ​ទៀត ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​ដង​ទន្លេសាប​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ , ខណ្ឌ​ជ្រោយចង្វារ និង​មួយ​ផ្នែក​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ខាងជើង​ស្ពាន​ព្រែក​ព្នៅ​ដែល​ពីមុខ​សំបូរ​ទៅ​ដោយ​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ​នោះ​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​អស់ ។ តែ​នៅ​មានផ្ទះ​ទឹកជា​ច្រើន ដែល​អាជ្ញាធរ​អះអាង​ថា ទុក​ពេល​អោយ​បាន​ចល័ត​ទៅ​ចត​ត្រៀបត្រា នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង​ខាងជើង​និង​ខាងត្បូង វត្ត​គ្រួ​ស ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ។

Picture

តាម​លោក យ៉ាំ​ង ខា ជា​ជនជាតិ​វៀតណាម មានឈ្មោះ​ខ្មែរ ហៅ សុខ ចំរើន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​ជា​អ្នក​ចិញ្ចឹម​ត្រី ខ្យារ ,​ត្រី​ចាប , ឆ្ពិន ,​ប្រួល និង​ត្រី​ក្អែក បានអោយ​ដឹង​ថា លោក​មាន​បែរ​ចិញ្ចឹម​ត្រី​ចំនួន​៤ នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី អាជ្ញាធរ​អោយ​រុះរើ​គាត់​ក៏​បាន​រុះរើ​អស់​ចំនួន​២ នៅ​សល់​ចំនួន​២ ទៀត​ត្រី​នៅ​តូច​ៗ ត្រូវ​បាន​អាជ្ញាធរ​ទុក​ពេល​អោយ​៦​ខែ ដោយ​អោយ​ចល័ត​មក​ចត​នៅ​ក្នុងភូមិ គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ជា​បណ្តោះអាសន្ន តែ​ដល់​ថ្ងៃ​កំណត់​ត្រូវ​តែ​រុះរើ បើ​មិន​រុះ​អាជ្ញាធរ នឹង​ចុះ​រុះរើ​ទៀត ។

Picture

អ្នក​ចិញ្ចឹម​ត្រី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​អាជ្ញាធរ​អោយ​រុះរើ មាន​បែ​ត្រី​ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​ចល័ត​ទៅ​ប្រទេស​វិញ តែ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម អោយ​ចូល​ឡើយ​ដោយនៅ​ជាប់​ព្រំប្រទល់ ហើយ​ពួក​គេ​បាន​ជួល​ដី​អ្នកស្រុក​ចត​បណ្តោះអាសន្ន​ក្នុង​១​ឆ្នាំ​៥០០​ដុល្លារ ។ចំណែក​មួយ​ចំនួន​ដែល​ត្រី​នៅ​តូច​ៗ​ក៏​បាន​ចល័ត​មក​ចត នៅ​ក្នុងភូមិ គ្រួ​ស​ជាប់​ព្រំប្រទល់​ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ខាងជើង​វត្ត​គ្រួ​ស​នេះ ។

Picture

គួ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​កន្លង​មក អាជ្ញាធរ​ខណ្ឌ​ទាំង​៦ បាន​ប្រើ​កម្លាំង​អនុវត្តន៍​វិធានការ​រដ្ឋបាល រុះរើ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ដើម្បី​បើកផ្លូវ​នាវាចរ​កុំអោយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​កុំអោយ​បន្ត​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណរ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។

Picture

ទន្ទឹម​ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ចាត់​ទុក​ថា ការ​អនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្ទៃ​ទន្លេ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ ។

Picture

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​២៦​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោកប៉ា សុ​ជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពីដើម​ខែកក្កដា ឆ្នាំ​២០២១​កន្លង ។

លោក​មាន ចាន់​យ៉ា​ដា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​០៦ ដែល​មានផ្ទះ​បណ្ដែត​ទឹក បែ​ត្រី និង​សំណង់​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ ដែល​មាន​ចំនួន​១៤៧២​ទីតាំង​ចែក​ចេញ​ជា​៤​ប្រភេទ ក្នុង​នោះ​មាន​ប្រភេទ​ជា បែ​ត្រី សំណង់​មិន​រៀបរយ ដៃ​ត្រី​និង​ទូក​នេសាទ ។
អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធនាការ​រុះរើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​បាន​ចំនួន​១២៤២​ទីតាំង ។ នៅ​សល់​មួយ​ចំនួន អាជ្ញារ​បាន​រៀបចំ​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន​ចំនួន​២​ទីតាំង​ផ្សេង​គ្នា​,​ទី​១ នៅ​ជាប់​ព្រំប្រទល់​រវាង​ស្រុក​ពញាឮ និង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន​១៩៤​ទីតាំង និង​ទីតាំង​ទី​២ នៅ​ជាប់​និង​ស្រុក​លើក​ដែក​ចំនួន​១៩​ទីតាំង ហើយ​កំពុង​តែ​រុះរើ​ជា​បណ្តើរ ។

ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​តាម​ដង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​នេះ​ទទួល​បាន​ជោគជ័យ គឺ​ដោយសារ​យើង​បាន​សហការ​គ្នា​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ និង​មានការ​គាំទ្រ​ពី​មហាជន​យ៉ាង​ពេញទំហឹង ។ ទោះបីជា​យ៉ាងណា​នៅ​មាន​បែ​ត្រី​ដែល​អាជ្ញាធរ​អះអាង​ថា នៅ​សល់​ប្រមាណ ២០០​ទៀត​បន្ត​នៅ​ចត​ត្រៀម​ត្រា​នៅឡើយ ។

សង្ឃឹមថា​បែ​ត្រី​ទាំងនោះ​នឹង​ត្រូវ​បាន​រុះរើ​ចេញ​នៅ​ពេល​ផុត​ឱ​សាន​វ៉ា​ត​រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃ​ចាប់ផ្តើម​នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នោះ ៕