ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ ខែ រកចំណូលពន្ធបានជាង ២៦៣០ ​លានដុល្លារអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីជាជួបប្រទះ​នឹងបញ្ហា​ប្រឈម​នឹង​កូវីដ ១៩ ក៏ដោយ តែកម្ពុជានៅតែរកចំណូលពីពន្ធដារ និង​ពន្ធគយបានជាង ២៦៣០ លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ទោះបីជាជួបប្រទះ​នឹងបញ្ហា​ប្រឈម​នឹង​កូវីដ ១៩ ក៏ដោយ តែកម្ពុជានៅតែរកចំណូលពីពន្ធដារ និង​ពន្ធគយបានជាង ២៦៣០ លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២១ នេះដែរ ។ យោងតាមរបាយការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃតី ២០ កក្កដា ២០២១ នេះឱ្យដឹងថា ក្នុ​ងរយៈពេល​ ៦ ខែ​ ឬ ១ ឆមាសដំបូងនៃឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានប្រមាណ ១.៥១៥,៩០ លានដុល្លារអាមេរិក ស្មើនឹង​ប្រមាណ​ ៦៧,៥៨ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ហើយបើធៀបនឹង​ចំណូល​ពន្ធអាករ​ក្នុង​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ កន្លងទៅមានថយចុះប្រមាណ ១០,៦០ ភាគរយ ឬថយប្រមាណ ១៧៩,៧៥ លានដុល្លារអាមេរិក ។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដដែលនេះ បានបង្ហាញផងដែរថា នៅក្នុងខែមិថុនា ២០២១ នេះ អគ្គនាយកដ្ឋាន​ប្រមូល​ពន្ធបានចំនួន ១៦៧,៦១ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៧,៤៧ ភាគរយ​នៃផែន​ការច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រងឆ្នាំ ២០២១ នេះ ហើយបើធៀបនឹងខែមិថុនា ២០២០ ឃើញថា មានការថយចុះរហូតដល់ ១៦,១១ ភាគរយ ឬប្រមាណ ៣​២,១៩​ លាន​ដុល្លារ​អាមេរិក ។ របាយការណ៍ក៏បានបង្ហាញថា គិតត្រឹមថ្ងៃទី ២០ កក្កដា ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសរុបបានចំនួន ១.៥៩០,៣៨ លាន​ដុល្លារ​អាមេរិក ដោយក្នុងរយៈពេល ២០ ថ្ងៃនេះ ខែកក្កដា ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូល​ចំណូលពន្ធបាន ៧​៤,៣២​ លាន​ដុល្លារ​អាមេរិកផងដែរ ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការអូសបន្លាយ​នៃ​ការ​រាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ និងការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ បានជះ​ឥទ្ធិពល​ជាអវិជ្ជ​មានម​ក​លើ​ការគ្រប់គ្រងចំណូលពន្ធ-អាករ យ៉ាងខ្លាំង ក៏ប៉ុន្តែការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និ​ង​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និង​បាន​ឆ្លើយ​តប​ទៅ​នឹងបញ្ហាប្រឈមព្រមទាំងការលំបាកនានាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ បានឆ្លុះ​បញ្ចាំង​តាមរ​យៈ​លទ្ធផល​​​ប្រមូលចំណូលក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ សម្រេចបានរហូតដល់ ៦៧,៥៨ ​ភាគរយ​នៃផែន​ការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រងឆ្នាំ ២០២១ ដែលកំណត់ឱ្យបាន ២.២៤៣,០៧ លានដុល្លារអាមេរិក ។

សម្រាប់ស្ថាប័នប្រមូលពន្ធដ៏សំខាន់មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ក៏​រក​ចំណូល​បានប្រមាណ ១.១៥៩,៥ លានដុល្លារអាមេរិក តែបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០ កន្លងទៅមានការថយចុះ ប្រមាណ ​៨,៩​ ភាគរយ ដែលចំណូលពីពន្ធគយក្នុងឆមាសទី ១ នេះ សម្រេចបាន ៤៩ ភាគរយនៃផែន​ការឆ្នាំដែលបាន​កំណត់​ដោយច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២១ ។

តាមរយៈស្ថាប័នរកចំណូលទ្រទ្រង់ការចំណាយជាតិដ៏សំខាន់នេះបើទោះបីជាមានការថយចុះជាងឆ្នាំ ២០២០ ក្ដី តែ​លទ្ធផល​នៃ​ចំណូលនេះក៏អាចបញ្ជាក់ ថា កម្ពុជានៅតែមានលទ្ធភាពក្នុងការចាត់ចែង និងចំណាយនានាក្នុងឆ្នាំ ២០២១ នេះ ជាពិសេសការចំណាយ​ទៅលើការទប់ស្កាត់កូវីដ ១៩ ដែលកំពុង រាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ