ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលពន្លឿនគម្រោងសាងស់ផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាបឱ្យចប់នៅចុងឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាបដែលចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បាន និងកំពុង…

រាជធានីភ្នំពេញ ៖ ផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាបដែលចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បាន និងកំពុង សាងសង់យ៉ាងមមាញឹកទោះបីជាកម្ពុជាជួបវិបត្តិនឹងកូវីដ ១៩ ធ្ងន់ធ្ងរជាងកាលពីឆ្នាំមុនក្ដី ។ គម្រោងនេះ រដ្ឋាភិបាលក៏បាននិងកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី ២០ កក្កដា ២០២១ នេះ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាននិងកំពុងឱ្យរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង ដើម្បីលើកកម្បស់សោភ័ណភាពសុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្របតាមប​ទ​ដ្ឋាន​បច្ចេកទេស ស័ក្ដិសមជាទីក្រុងទេសចរណ៍សម័យទំនើប និងពិនិត្យ​គុណភាពនៃការចា​ក់បេតុង​ស្ពាន​ និងផ្លូវ​ដើម្បីធានា​ដល់គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោង​សាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ ៣៨​ ខ្សែ​ក្នុង​ក្រុង​សៀម​រាប ខេត្តសៀមរាប ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩ លានដុល្លារអាមេរិក ចំណាយ​លើ​ការ​ងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ ចំណាយ​ពេលសាងសង់ចំនួន ១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ០៨ រួមមាន ៖ ១) កងវិស្វកម្មលេខ ១៧៨ ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, ២) កងវិស្វកម្មសម្តេច តេជោ ខេត្តសៀមរាប, ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, ៤) អគ្គនាយកដ្ឋាន សាធារណការ, ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ, ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរ ក្រសួង​ចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា ។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន ៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧ គីឡូម៉ែត្រ, ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨ គីឡូម៉ែត្រ, គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១ ០,៨៨០ គីឡូម៉ែត្រ, ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩ គីឡូម៉ែត្រ ។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យ​ប្រសើរឡើងដ​ល់ត​ភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

សូមជម្រាបជូនថា ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ សម្រេចបាន ៦៦,៣៤% ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៧ ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ