ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សត្វ​ក្រៀល នៅ​កម្ពុជា ធ្លាក់ចុះ ដែល​យើងទាំង​អស់​គ្នា ចាំបាច់ ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ប្រកាសថា «​សត្វ​ក្រៀល គឺជា​ប្រភេទ​សត្វ​កម្រ និង​ជាស​ត្វ​ស្លាប ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ នៅលើ​ពិភពលោក ហើយ​អាច​ហើរ​បាន ត្រូវបាន​រកឃើញថា…

​រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ប្រកាសថា «​សត្វ​ក្រៀល គឺជា​ប្រភេទ​សត្វ​កម្រ និង​ជាស​ត្វ​ស្លាប ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ នៅលើ​ពិភពលោក ហើយ​អាច​ហើរ​បាន ត្រូវបាន​រកឃើញថា មាន​និន្នាការ​ធ្លាក់ចុះ​ខ្លាំង ក្នុងនោះ សត្វ​ក្រៀល​នៅ​កម្ពុជា ក៏មាន​ចំនួន​ធ្លាក់ចុះ​ដែរ ដែល​យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ទាំង​ការថែរក្សា​ទីជម្រក​ពង​កូន និង​តំបន់ដីសើម ដែលជា​កន្លែង​ស្វែងរក​ចំណី​របស់​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​»​។

​យោងតាម​ជំរឿន​សត្វ​ក្រៀល នៅ​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ នៅ​កម្ពុជា មាន​សត្វ​ក្រៀល​ចំនួន ១៩៤​ក្បាល ត្រូវបាន​កត់ត្រា​នៅ​ប្រមាណ ១០​ទីតាំង​ខុសៗ​គ្នា នៅក្នុង​ប្រទេស​កម្ពុជា​។

​ការធ្វើជំរឿន​នេះ ធ្វើឡើង​នៅ​រាល់​ខែធ្នូ ដល់​ខែឧសភា នៃ​ឆ្នាំ​នីមួយៗ ដើម្បី​អាចឱ្យ​យើង​ប៉ាន់ស្មាន និង​ពិនិត្យ​តាមដាន​ពី​ចំនួន​សត្វ​ក្រៀល ថា​តើ​វា​កើនឡើង ឬ​ថយចុះ និង​ដើម្បី​រៀបចំ​យន្តការ និង​ផែនការ​ការពារ​និង​អភិរក្ស​បន្ថែមទៀត​។​

​តាម​ក្រសួងបរិស្ថាន យោងតាម​ទិន្នន័យ​សិក្សា​ដោយ​អ្នកជំនាញ ចំនួន​សត្វ​ក្រៀល នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន​ចន្លោះ​ពី ១៣.០០០ ទៅ ១៥.០០០​ក្បាល ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ឥណ្ឌា ប្រទេស​អូស្ត្រាលី ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា​។

​ក្រសួងបរិស្ថាន ក៏បាន​ប្រកាសថា សត្វ​ក្រៀល មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រសិន​បើសិន​យើង​បាន​ទស្សនា​ប្រាសាទបាយ័ន នៅ​ខេត្តសៀមរាប យើង​នឹង​ឃើញ​រូបចំលាក់​សត្វ​ក្រៀល ដែល​ត្រូវបាន​ឆ្លាក់​ជាប់​នឹង​ផ្ទាំង​ថ្ម​។ នៅក្នុង​ទ្វីបអាស៊ី សត្វ​ក្រៀល គឺជា​និមិត្តរូប​នៃ​ជោគវាសនា​ល្អ និង​អាយុ​យឺនយូរ​។

​ពួកវា​ក៏ត្រូវ​បាន​គេ​គិតថា ជា​និមិត្តរូប​នៃ​មនោសញ្ចេតនា​ស្នេហា​ស្ម័គ្រស្មោះ ដោយយោង​ទៅតាម​ការភ្ជាប់​ចំណង​មេត្រីភាព​របស់​ពួកវា​។ នៅក្នុង​ប្រទេស​ភូមា សត្វ​ក្រៀល​ត្រូវបាន​គេ​ឃើញ​មាន​ក្នុង​ពុទ្ធសាសនា​។​

​ក្រសួងបរិស្ថាន ក៏បាន​លើកឡើងថា ការធ្លាក់ចុះ​ចំនួន​សត្វ​ក្រៀល នៅ​ទូទាំង​ពិភពលោក​នេះ គឺ​បណ្ដាលមកពី​កត្តា​គំរាមកំហែង​ផ្សេងៗ ដែល​បង្កឡើង ដោយ​មនុស្ស និង​ធម្មជាតិ ដូចជា ការបាត់បង់​តំបន់ដីសើម ដែលជា​ទីជម្រក​ដ៏​សំខាន់​របស់​សត្វ​ក្រៀល ការរំខាន់​នៅ​តំបន់​ពង​កូន ដែលនាំឱ្យ​អាត្រា​បង្ក​កំណើត​ទាប ការបំពុល​ដោយ​ថ្នាំពុល​កសិកម្ម ការថយចុះ​នូវ​វត្តមាន​ចំណីអាហារ ការកែប្រែ​ប្រព័ន្ធ​ជលសា​ស្ត្រ ជំងឺឆ្លង ការយក​ស៊ុត ឬ​កូន​សត្វ​ក្រៀល​ពី​សំបុក​ដើម្បី​ច​ញ្ចឹ​ម ឬ​ជួញដូរ ការសម្លាប់​ដោយ​សត្វ​ឆ្កែ​ខាំ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​សត្វ​ក្រៀល គឺជា​សត្វ​ស្លាប ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក ហើយ​អាច​ហើរ​បាន​។ ជាទូទៅ សត្វ​ក្រៀល មាន​កម្ពស់​ប្រហែល ១,៧៦ ម៉ែត្រ មាន​ទម្ងន់ ៥-១២ គីឡូក្រាម និង​ប្រវែង​ស្លាប​ទាំងសងខាង ២,៥ ម៉ែត្រ​។ ពួកវា មាន​ម្រាមជើង​មុខ​វែងៗ​ចំនួន​បី និង​ម្រាមជើង​ក្រោយ​ខ្លី​មួយ​។ ពួកវា​មិនអាច​ទំ​នៅលើ​ដើមឈើ​បានទេ ហើយ​ដេក​ដោយ​ឈរ ឬ​ក្រាប​ស្ងៀម​ធ្មឹង​នៅ​ទីតាំង​ជិតៗ​កន្លែង​រក​ចំណី​របស់​វា​នៃ​តំបន់ដីសើម​។

សត្វ​ក្រៀល មាន​សម្បុរ​ប្រផេះ លើ​ដងខ្លួន ក​ផ្នែក​ខាងលើ និង​ក្បាល មាន​ពណ៌​ក្រហម ក្បាល​ផ្នែក​ខាងលើ​បំផុត និង​ត្រចៀក​មាន​ពណ៌​ប្រផេះ​ស្រាល​។

​កូន​ក្រៀល​មាន​មាឌតូច​បន្តិច និង​មាន​ពណ៌​ត្នោត​នៅ​ចំក្បាល​របស់​វា​។ គេ​ពិបាក​ស​ម្គា​ស់​ថា សត្វ​ក្រៀល​ណា​ជា​ឈ្មោល ឬ​ញី នៅពេលដែល​ពួកវា​នៅ​ជា​គូ ប៉ុន្តែ​មី​ញី​មាន​មាឌតូច​ជាង អា​ឈ្មោល​បន្តិច ហើយ​ពេលដែល​វា​ស្រែក​រកគ្នា​ជា​គូ អា​ឈ្មោល​ធ្វើ​ការបើក​ស្លាប​ឡើងលើ​។ សត្វ​ក្រៀល ត្រូវបាន​ចាត់ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅក្នុង​បញ្ជី ក្រហម IUCN​។​

​ទាក់ទង​នឹង​ទីជម្រក​សត្វ​ក្រៀល នៅ​កម្ពុជា លោក ស្រី ស៊ុន​លាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ បានឱ្យដឹងថា សត្វ​ក្រៀល​ប្រើប្រាស់​ទីជម្រក​ផ្សេងៗ​គ្នា ដែលមាន​វិសាលភាព​ធំ​គ្របដណ្ដប់​ទូទាំងប្រទេស​កម្ពុជា ដែល​នេះ​ជា​តម្រូវការ​នានា នៅ​រដូវ​កាល​ផ្សេងៗ​គ្នា​សម្រាប់​សត្វ​ក្រៀល​។

​នៅ​រដូវ​ពង​កូន​ចាប់ពី ខែកក្កដា ដល់ ខែតុលា សត្វ​ក្រៀល​ធ្វើ​បំលាស់​ទី​ទៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន​(​ខាងជើង​ឈាង​ខាងកើត​) នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​ព្រៃ​ដែល​សំបូរ​ដោយ តំបន់ដីសើម​តូចៗ​(​ត្រពាំង ឬ​ថ្លុក​ទឹក​) គឺជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​បន្ត​ពូជ​។

​នៅ​រដូវ​រក​ចំណី​មិន​បន្ត​ពូជ​ចាប់ពី​ខែធ្នូ ដល់​ខែមេសា សត្វ​ក្រៀល​ធ្វើការ​ផ្លាស់​ទី​ទៅ​ភាគ​ពាយ័ព្យ (​ខាងជើង​ឈាង​ខាងលិច​) និង​ភាគ​អាគ្នេយ៍ (​ខាងត្បូង​ឈាង​ខាងកើត​) នៃ​ប្រទេស​កម្ពុជា ដែលជា​ទីជម្រក​ដ៏​សំខាន់ សម្រាប់​រក​ចំណី​បំប៉ន​សុខភាព​សម្រាប់​រដូវ​បន្ត​ពូជ​។

​សត្វ​ក្រៀល ធ្វើការ​ផ្លាស់​ទី​ពី​ទីតាំង​បន្ត​ពូជ​ទៅ​ទីតាំង​រក​ចំណី នៅ​ចន្លោះ​ខែតុលា និង​ខែវិច្ឆិកា​អាស្រ័យ​លើ​ស្ថានភាព​រដូវវស្សា​ប្រចាំឆ្នាំ​។ ពួកវា​ធ្វើការ​ផ្លាស់​ទី​ពី​ទីតាំង​រក​ចំណី​ទៅ​ទីតាំង​បន្ត​ពូជ​វិញ នៅ​ចន្លោះ​ខែមេសា និង​ខែមិថុនា​។​

​នៅ​រដូវ​ពង​កូន សត្វ​ក្រៀល​ញី​ឈ្មោល ដែលជា​ដៃគូ​បន្ត​ពូជ​នឹង​បំបែក​ខ្លួន​ចេញពី​ហ្វូង​របស់​វា ហើយ​ស្វែងរក​ទីតាំង​សមរម្យ​ដើម្បី​ធ្វើ​សំបុក​។ នៅក្នុង​ប្រទេស​កម្ពុជា ទីតាំង ដែល​ពួកវា​ធ្វើ​សំបុក គឺជា​តំបន់​ព្រៃ​ល្បោះ​ដែល​សំបូរ​ដោយ​តំបន់ដីសើម​តូចៗ (​ត្រពាំង ឬ​ថ្លុក​ទឹក​ផ្សេងៗ​)​។ ទីតាំង​ពង​កូន​ទាំងនេះ គឺ​ស្ថិតនៅ​តំបន់​ព្រៃ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។

ទីតាំង​ពង​កូន​ទាំងនោះ ភាគច្រើន គឺ​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​។ រដូវ​មិន​បន្ត​ពូជ សត្វ​ក្រៀល​តែង​រក​ចំណី​ផ្ដុំគ្នា​ជា​ហ្វូងៗ ដែល​ក្នុង​ហ្វូង​នោះ​ពួកវា​រកស៊ី​ផ្ដុំគ្នា ឬ​ហោះហើរ ជា​គ្រួសារ​នីមួយៗ​។ ក្នុង​រដូវ​នេះ សត្វ​ក្រៀល​ដែល​ពុំទាន់​មាន​គូ​នឹង​ប្រមូល​ផ្ដុំគ្នា ដើម្បី​ចងសម្ព័ន្ធ​មេត្រី សម្រាប់​រដូវ​ពង​កូន​បន្ទាប់ពី​រដូវ​រក​ចំណី​នេះ​។ នៅ​រដូវ​រក​ចំណី សត្វ​ក្រៀល ធ្វើ​ផ្លាស់​ទី​ទៅ​តំបន់​ផ្សេងៗ​គ្នា នៅក្នុង​ប្រទេស​កម្ពុជា​។

ចំនួន​សត្វ​ក្រៀល ប្រហែល​ពាក់កណ្ដាល ធ្វើការ​ផ្លាស់​ទី​ទៅ​តំបន់​នានា​នៃ​អាង​ទន្លេសាប ដោយ​រាប់បញ្ចូល​ទាំង​តំបន់​ការពារទេសភាព​អាង​ត្រពាំងថ្ម ហើយ​ចំនួន​សត្វ​ក្រៀល ប្រហែល​ពាក់កណ្ដាល​ទៀត ធ្វើការ​ផ្លាស់​ទី​ទៅ​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម​។

​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា រួមមាន តំបន់ការពារទេសភាព​អន្លង់​ព្រីង​ក្នុង​ខេត្តកំពត និង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ខេត្តតាកែវ​។​

​ទាក់ទង​នឹង​លក្ខណៈ​ជីវសាស្ត្រ​នៃ​សត្វ​ក្រៀល លោក ស្រី ស៊ុន​លាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ បាន​ថ្លែងថា នា​រដូវប្រាំង​(​ខែធ្នូ​ដល់​ខែមេសា​) ដែលជា​រដូវ​មិន​បន្ត​ពូជ និង​ត្រូវខិតខំ​ស្វែងរក​ចំណី សត្វ​ក្រៀល បាន​ហើរ​ផ្លាស់​ទី ពី​តំបន់​ដែល​ពួកវា​ពង​កូន ទៅរក​ចំណី និង​ដេក​ជា​ហ្វូងៗ នៅតាម​តំបន់ដីសើម ដែលមាន​ទឹក​រាក់ៗ និង​សម្បូរ​ដោយ​ចំណី​។ ទោះបីជា​សត្វ​ក្រៀល រស់នៅ​ជា​ហ្វូង ក៏ដោយ ពួកវា ក៏​នៅតែ​រស់នៅ​ជា​ក្រុមគ្រួសារ​ផ្សេងៗ​គ្នា ដោយ​ស្រែកច្រៀង​ដាក់គ្នា​ទៅវិញទៅមក​។ នេះ​អាចជា​ការបញ្ជាក់​ពី​ភក្ដីភាព​របស់​ពួកវា ឬ​ការបញ្ចេញ​សញ្ញា​ថា ពួកវា​កំពុង​ត្រូវបាន​ទទួលរង​ការគំរាមកំហែង ជាដើម​។

​លោក ស្រី ស៊ុន​លាង បានឱ្យដឹង​ផងដែរ​ថា សត្វ​ក្រៀល​ទាំងអស់​ជា​សព្វាសី មានន័យថា​ពួកវា​ស៊ី​ទាំង​រុក្ខជាតិ និង​សត្វ​។ សត្វ​ក្រៀល​ស៊ី​រុក្ខជាតិ​ទឹក មើម​រុក្ខជាតិ សត្វ​ឥត​ឆ្អឹង​កង គ្រាប់​ធញ្ញជាតិ និង​សត្វ​ឆ្អឹង​កង​តូចៗ ព្រមទាំង​សត្វល្អិត​ជា​អាហារ​។ សត្វ​ក្រៀល​ប្រើ​ចំពុះ​វែង​រឹងមាំ​របស់​វា សម្រាប់​ចឹក​ស៊ី​មើម​ផ្លុ​ង និង​សត្វល្អិត​ពី​ក្នុង​ភក់ល្បាប់​។ ជូន​កាល​ពួកវា​ចឹក​ប៉ះចំ​ត្រី ឬ​កង្កែប ទោះបីជា​ពួកវា​មានការ​លំបាក ក្នុងការ​បំបែក​អាហារ​ទាំងនេះ ជា​ចំណែក​តូចៗ ដើម្បី​លេប​ក៏ដោយ​។​

​បន្ទាប់ពី​កសិករ បាន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួច សត្វ​ក្រៀល នឹង​ទៅរក​ចំណី​ក្នុង​វាលស្រែ​ទាំងនោះ ដោយ​ស៊ី​គ្រាប់ស្រូវ ដែល​ជ្រុះ​ក្នុង​ស្រែ​។ មេបា​របស់​សត្វ​ក្រៀល បង្រៀន​កូន​របស់​វា ពី​វិធី​រក​ចំណី ព្រមទាំង​ពាំនាំ​យក​ចំណី​ឱ្យ​កូន ទោះបីជា​កូន​របស់​វា​ធំធាត់ ស្ទើរតែ​ពេញវ័យ​ហើយក៏​ដោយ​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ