ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ដក​ចេញ​​បំរាម​​រឹតត្បិត​កូ​វី​ដ ខណៈ​ករណី​ឆ្លង​កំពុង​តែ​កើនឡើង

2 ឆ្នាំ មុន

អង់គ្លេស ៖ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ជំរុញ​ឱ្យ​ប្រជាជន​ខ្លួន មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ដែល​បម្រាម​

អង់គ្លេស ៖ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ជំរុញ​ឱ្យ​ប្រជាជន​ខ្លួន មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ដែល​បម្រាម​រឹតត្បិត​លើ​ទំនាក់ទំនង​សង្គម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​ដក​ចេញ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកក្កដា នេះ​តទៅ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC​។

ចាប់ពី​ថ្ងៃ​ទី​១៩ ខែកក្កដា នេះ​តទៅ នៅ​អង់គ្លេស គ្មាន​ការ​កំណត់​ចំនួន​មនុស្ស ដែល​អាច​ជួបជុំ ឬ​ចូលរួម​កម្មវិធី និង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៀត​នោះ​ទេ​។ ខណៈ​ក្លឹ​បរា​ត្រី ហាង​ស្រា ភោជនីយដ្ឋាន និង​អាជីវកម្ម​ទាំងអស់​បាន​បើកទ្វារ​ឡើង​វិញ​។ ស្រប​ពេល​វិធានការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​សង្គម និង​ការ​អនុវត្ត​ធ្វើ​ការងារ​ពី​ផ្ទះ ក៏​ត្រូវ​បាន​ដក​ចេញ​ផង​ដែរ​។

អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា ការ​ឆ្លង​កូ​វី​ដ​១៩ នៅ​អង់គ្លេស ដែល​បច្ចុប្បន្ន​មាន​ប្រហែល​៥​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ អាច​ឈាន​ដល់​២០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ នៅ​ក្រោយ​រដូវក្តៅ​។

ប៉ុន្តែ​ទោះ​យ៉ាងណា អ្នក​វិទ្យាសាស្ត្រ​បន្ត​ថា ជាមួយ​មនុស្ស​ពេញវ័យ​ជាង ៦៨% នៅ​អង់គ្លេស​ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ពេញលេញ​បង្ហាញ​ថា ការ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ នឹង​មាន​កម្រិត​ទាប​។

នៅ​ក្នុង​វី​ដេ​អូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាលពី​រសៀល​ថ្ងៃអាទិត្យ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយ​ថា ពេល​នេះ​គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ ដើម្បី​ផ្លាស់​ប្តូរ​ទៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ផែនការ​នាំ​អង់គ្លេស​ចេញពី​ការ​បិទ​ខ្ទប់​។

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ដោយសារ​ករណី​ឆ្លង​កំពុង​តែ​កើនឡើង ជាមួយនឹង​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ