ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! បែកធ្លាយព្រះសង្ឃលួចលាក់មានស្រីតែមិនត្រូវបានផ្សឹកទេ

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ព្រះ​អនុគណ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ព្រមទាំង​មន្ទីរ​ធម្មការ និង​សាសនា បាន​មក​ដោះស្រាយ​រឿង​ភិក្ខុ…

ខេត្តតាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ព្រះ​អនុគណ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ព្រមទាំង​មន្ទីរ​ធម្មការ និង​សាសនា បាន​មក​ដោះស្រាយ​រឿង​ភិក្ខុ ហេង ភាព ដែល​គង់នៅ​ក្នុងវត្ត​មួយក្នុងស្រុកត្រាំកក់​ពាក់ព័ន្ធ​រឿងអាស្រូវ​នឹង​មាតុ​គ្រាម​គឺ​ការ​លួចលាក់​មាន​ស្រី​ខុសច្បាប់​វិន័យ​សង្ឃ ។ ក្រោយ​ពី​បាន​កាត់ក្ដី​អស់​រយៈពេល​១​ម៉ោង លោកគ្រូ​អនុគណ​បាន​សម្រេច​ឱ្យ​ភិក្ខុ​ឈ្មោះ ហេង ភាព ទៅ​ធ្វើ​បរិវាសកម្ម​រយៈពេល​៣​ខែ ដើម្បី​រួច​ចាក​អាបត្តិ​សង្ឃា​ទិ​សេស ទើប​អនុ​ញ្ញាត​ឲ្យ​ភិក្ខុ​ហេង ភាព និមន្ត​មក​គង់នៅ​វត្ត​នេះ​វិញ ។

យោង​តាម​ព្រះ​វិន័យ​បិដក​ដែល​ជា​គ្រឹះ​ដ៏​ធំ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​មាន​ចំនួន​១៣​ក្បាល ហើយ​បើ​ពោល​ដោយ​សង្ខេប​សិក្ខាបទ​ភិក្ខុ​មាន​២២៧​សិក្ខាបទ មាន​បារាជិក​៤ សង្ឃា​ទិ​សេស​១៣​ជាដើម តើ​ភិក្ខុ​ត្រូវ​អាប​តិ្ត​ធំ​ត្រូវធ្វើ​ដូច​ម្តេច ?

បើ​ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក​ចំពោះ​អាបត្តិ​ណាមួយ ព្រះ​វិន័យធរ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ផ្សឹក​ចោល​តែ​ម្តង ។ ដោយឡែក​បើ​ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស​១៣ ចំពោះ​អាបត្តិ​ណាមួយ​ដូច​ជា ប៉ះពាល់ ឬ​នៅ​កៀកកើយ​ជាមួយ​មាតុគ្រា​ម​ជាដើម បើ​ភិក្ខុ​ណា​ធ្វើអំពើ​បែប​នេះ ភិក្ខុ​នោះ​នឹង​ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស ត្រូវធ្វើ​បរិវាសកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ការ​សមាទានវត្ត​ជាមួយ​ភិក្ខុ​៤​អង្គ​ផ្សេង​ទៀត នឹង​ពិចារណា​ទោស​ដោយ​ខ្លួនឯង ។ ដោយហេតុ​ថា អាបត្តិ​សង្ឃា​ទិ​សេស​បើកាលណា​ត្រូវ​ហើយ​បែរជា​លាក់បាំង​មិន​ព្រម​ប្រាប់​ដល់​ភិក្ខុ​ផង​គ្នា បើ​លាក់បាំង​៣​ខែ ត្រូវធ្វើ​បរវាស​កម្ម​៣​ខែ​សង​វិញ បើ​លាក់បាំង​១​ឆ្នាំ ឬ​ច្រើន​លើស​ហ្នឹង ត្រូវធ្វើ​បរិវាស​ឲ្យ​ពេញ​ចំនួន​ថ្ងៃ​ដែល​ខ្លួន​បាន​លាក់បាំង​ទោស​ឬ​អាបត្តិ​ដែល​ខ្លួន​បាន​ត្រូវ​ហើយ​នោះ ។

បន្ទាប់​ពី​ធ្វើ​បរិវាសកម្ម​ហើយ​ចប់​សព្វគ្រប់​ភិក្ខុ​នោះ​ត្រូវធ្វើ​អា​ភាណ​កម្ម ហើយ​ធ្វើ​មា​ណ​ត្តិ និង​ប្រកាស​ចូល​ជំនុំ​សង្ឃ​វិញ ដោយ​មាន​ភិក្ខុ​ចូលរួម​យ៉ាងតិច​២០​អង្គ ទាំង​ខ្លួនឯង​ផង​ត្រូវជា​២១​អង្គ ទើប​អាច​ចូល​ជំនុំ​សង្ឃ​វិញ​បាន តែ​ត្រូវ​ច្បាស់​ថា ខ្លួនឯង​បរិសុទ្ធ​ហើយ បើ​មិន​បរិសុទ្ធ​ទេ​មិន​អាច​ចូល​ជំនុំ​សង្ឃ​វិញ​បាន​ឡើយ ធ្វើ​កម្ម​ផ្សេង​ៗ​ទៀត​ក៏​មិន​បាន​ដែរ ។ មិនមែន​ត្រូវ​ទោស​ឬ​អាបត្តិ​សង្ឃា​ទិ​សេស​ហើយ​ចូល​បរិវាសកម្ម​៣​ខែ ហើយ​រួចខ្លួន​នោះ​ទេ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ក៏​មាន​មតិ​មហាជន​ជា​ច្រើន​ដែល​មិន​ពេញចិត្ត​ផង​នោះ​បាន​ខឹងសម្បា​ទៅ​នឹង​ចំណាត់ការ​នេះ ព្រោះ​ពួក​គាត់​មាន​បំណង​ចង់ឱ្យ​មានការ​ផ្សឹក​ភិក្ខុ​ហេង ភាព​នេះ​ចេញពី​ជំនុំ​សង្ឃ​ព្រោះ​ភិក្ខុ​រូប​នេះ​អស់​ភាព​បរិសុទ្ធ​ជា​ព្រះសង្ឃ​ត​ទៀត​ហើយ ៕ សាង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ