ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លីជុំវិញរាជធានីភ្នំពេញ នៅតែមានសក្ដានុពលខ្ពស់ទាំងតម្លៃ និងការអភិវឌ្ឍ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដីធ្លីនៅជុំវិញរាជធានីភ្នំពេញ ៥០ គីឡូម៉ែត្រ​ពី​ភ្នំពេញ នៅតែមានសក្ដានុពលទាំងតម្លៃ និងការអភិវឌ្ឍ ខណៈ​រដ្ឋាភិបាលគ្រោងពង្រីក​ទីក្រុងភ្នំពេញ​ជាបន្ត​បន្ទាប់​ទៀត​នៅពេលអនាគតខាងមុខនេះ ។ បើតាមអ្នកជំនាញ​អចលនវត្ថុកម្ពុជាជាច្រើន…

រាជធានីភ្នំពេញ ៖ ដីធ្លីនៅជុំវិញរាជធានីភ្នំពេញ ៥០ គីឡូម៉ែត្រ​ពី​ភ្នំពេញ នៅតែមានសក្ដានុពលទាំងតម្លៃ និងការអភិវឌ្ឍ ខណៈ​រដ្ឋាភិបាលគ្រោងពង្រីក​ទីក្រុងភ្នំពេញ​ជាបន្ត​បន្ទាប់​ទៀត​នៅពេលអនាគតខាងមុខនេះ ។

បើតាមអ្នកជំនាញ​អចលនវត្ថុកម្ពុជាជាច្រើន បានឱ្យដឹងថា សក្ដានុពលដីធ្លីតំបន់ជុំវិញរាជធានី ៥០ គីឡូម៉ែត្រ​នៅ​តែ​ជា​ឱកាស​ក្នុងការវិនិយោគ​ពីសំណាក់វិនិយោគិនជាពិសេសដីនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗដូចជាលេខ ៤ លេខ ៣ លេខ ២ លេខ ១ និងលេខ ​៦ ជាដើម ដោយដីធ្លីតាមបណ្ដោយផ្លូវទាំងនេះ ទោះបីមានចម្ងាយពីភ្នំពេញ ៥០ គីឡូ​ម៉ែត្រក្ដីក៏វាមានតម្លៃមិ​ន​ក្រោម ១០០ ​ដុល្លារ​អាមេរិកដែរក្នុងមួយម៉ែត្រការ៉េ ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ ១៩ ពិតមែន ប៉ុន្តែ​តម្លៃដីធ្លីនៅជុំវិញ រាជធានីភ្នំពេញ ៥០ គីឡូម៉ែត្រ ក៏នៅតែរក្សាតម្លៃបានល្អ គឺមិនក្រោម ១០០ ដុល្លាអាមេរិកនោះទេក្នុងមួយ​ម៉ែត្រ​ការ៉េ ហើយតំបន់ខ្លះទៀតអាចនឹងមានតម្លៃខ្ពស់ជាងនេះ អាស្រ័យទៅលើទីតាំង និងសក្ដានុពល ។

លោកបន្តថា ដីធ្លីតាមបណ្ដោយផ្លូវជាតិលេខ ៤ លេខ ៣ និងលេខ ២ ជាដើម គឺជាតំបន់ដែលមានសក្ដា​នុពលទៅ​លើ​ការ​វិនិយោគ​លើ​ឧ​ស្សាហកម្ម ដូច្នេះតំបន់ទាំងនេះ ក៏កំពុងទាក់ទាញវិនិយោគិនទៅលើការសាងសង់ឃ្លាំងស្តុកទំនិញ និងរោ​ង​ចក្រ​ផ្សេង​ទៀត​ ពីព្រោះតំបន់ទាំងនេះ វាងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅរបស់យើងនៅខេត្តព្រះសីហនុ ហើយ​អនាគត​នៅពេលកំពង់ផែទឹកជ្រៅនៅខេត្តកំពតសង់រួចរាល់វារឹតតែធ្វើឱ្យសក្ដានុពលកាន់តែមានសន្ទុះមួយកម្រិតទៀតផងដែរ ។

លោកបន្ថែមថា បើក្រលេកទៅមើលតំបន់ខាងកើតរាជធានីភ្នំពេញវិញ សក្ដានុពលក្នុងការអភិវឌ្ឍនៅតែមានខ្ពស់ដែរ ប៉ុន្តែ​សម្រាប់​តម្លៃដីធ្លីនៅតំបន់អរិយក្សត្រវិញឃើញថានៅមានតម្លៃទាបដោយសារតែតំបន់នេះមិនទាន់ស្ពានឆ្លងកាត់ ដូច្នេះ​តម្លៃ​ដី​ធ្លីនៅក្រោម ១០០ ដុល្លារអាមេរិកទេក្នុងមួយម៉ែត្រ តែបើសិនជារដ្ឋាភិបាលប្រកាសសាងសង់ស្ពានពេលណានោះ សន្ទុះតម្លៃដី​នៅ​តំបន់​អរិយក្សត្រនឹងស្ទុះងើបឡើងខ្លាំង ពីព្រោះតែតំបន់នេះ នៅជិតរាជធានីភ្នំពេញ ។

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្សព្វផ្សាយ​ពីផែនការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​របស់​រដ្ឋា​ភិ​បាល​ដោយគ្រោងនឹងពង្រីកកាំរង្វង់រាជធានីភ្នំពេញឱ្យបាន ១០០ គីឡូម៉ែត្រ និងអាចមានមនុស្សរស់នៅ រហូតដល់ ៦ លាននាក់ នៅឆ្នាំ ២០៣៥ ដូច្នេះភ្នំពេញ នឹងមានការពង្រីកជាបន្តបន្ទាប់ទៀតនៅពេលអនាគតនេះ ទៅតាមផែនការអភិវឌ្ឍ ។

លោក ប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងផងដែរថា ចង់វិនិយោគដីធ្លីដែល​ទទួល​បានផល​ចំនេញ​គួរតែងាកទៅរកតំបន់ជាយក្រុង ពីព្រោះតំបន់កណ្ដាលក្រុងវាស្ទើរតែឡើងដល់ចំណុចកំពូលហើយ ដូច្នេះ ឱកាស​ក្នុង​ការ​ឡើង​បន្តទៀត មានតិចតួចណាស់ ។

លោកបន្តថា ដីធ្លីនៅតាមបណ្ដោយផ្លូវជាតិជុំវិញរាជធានីភ្នំពេញ មានសក្ដានុពលក្នុងការអភិវឌ្ឍខុសៗគ្នា ក្នុង​នោះផ្លូវជាតិលេខ​ ១ និង ៦​ ត្រូវបានមើលឃើញថា ជាតំបន់អភិវឌ្ឍន៍លំនៅឋាន តំបន់តាមបណ្ដោយផ្លូវជាតិលេខ ២ លេខ ៣ និងលេខ ៤ ជាតំបន់​ដែល​មាន​សក្ដានុពលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ