ប្រទេសេវៀតណាម៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ចាប់ពីថ្ងៃច័ន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១ នឹងធ្វើការរឹតបន្តឹងមិនឱ្យមនុស្សធ្វើការចល័តពីខេត្តមួយទៅខេត្តមួយទៀត សម្រាប់ខេត្តចំនួន ១៦ នៅភាគខាងត្បូងប្រទេសវៀតណាម រយៈពេល ២ សប្តាហ៍ ដោយសារតែតំបន់ទាំងនេះប្រឈមនឹងការផ្ទុះជំងឺ កូវីដ-១៩ ដ៏អាក្រក់បំផុតរបស់ខ្លួន រហូតមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ័យទ័យ នាថ្ងៃអាទិត្យនេះ ។
វៀតណាមបានព្យាយាមគ្រប់មធ្យោបាយក្នុងការគ្រប់គ្រងករណីឆ្លងនៃជំងឺកូវីដ-១៩ ឱ្យនៅមានកម្រិតទាប តាមរយៈការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ការតាមដាន ការត្រួតពិនិត្យព្រំដែន និងវិធានការដាច់ដោយឡែក ទំនាក់ទំនងជាពិបាករឹតបន្តឹង ។ ក៏ប៉ុន្តែការឆ្លងថ្មី លក្ខណៈជាចង្កោមក្នុងប៉ុន្មានសប្តាហ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់មន្ត្រីក្រសួងសុខាភិបាលក្នុងប្រទេសនេះ។
រដ្ឋាភិបាលនៃប្រទេសវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្ទុះឡើងនាពេលបច្ចុប្បន្ន ដែលយើងកំពុងប្រឈមមុខ គឺកាន់តែស្មុគស្មាញទៅៗ ប៉ុន្តែភារកិច្ចរបស់ពួកយើងគឺការទប់ស្កាត់ ដើម្បីការពារសុខភាពប្រជាជន»។
សូមជម្រាបជូនផងដែរថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានរាយការណ៍ថាមានអ្នកឆ្លងថ្មី ៣.៧១៨ នាក់ដែលជាការកើនឡើង ប្រចាំថ្ងៃខ្ពស់បំផុត និងថ្ងៃ ៣បន្ទាប់ បានកត់ត្រាថាមានករណីជាង ៣.០០០ ករណី។ ៣ ភាគ ៤ នៃករណីឆ្លងនេះត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូងនៃប្រទេស ជាពិសេសនៅក្នុងទីក្រុងហូជីមិញ ហើយក្រសួងសុខាភិបាលបាននិយាយថា ខ្លួនក៏បានពង្រាយបុគ្គលិកសុខាភិបាលយ៉ាងតិច ១ ម៉ឺននាក់ ទៅកាន់ខេត្តដែលរងគ្រោះខ្លាំង។
គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមដែលមានចំនួនប្រជាជន ៩៨ លាននាក់ មានចំនួនអ្នកឆ្លងចំនួន ៤៧.៩០៤ នាក់ និងមានអ្នកស្លាប់ចំនួន ២២៥ នាក់។ ករណីកើនឡើងនាពេលបច្ចុប្បន្ននេះ បានបង្កើនសម្ពាធលើរដ្ឋាភិបាល ក្នុងការជំរុញការផ្គត់ផ្គង់វ៉ាក់សាំង និងបង្កើនល្បឿននៃការចាក់ថ្នាំបង្ការ ដោយមានប្រជាជនតិចជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ។
ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង COVID-19 ជិត ៩ លានដូស ហើយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងហាណូយ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Moderna (MRNA.O) ចំនួន ៣ លាន បន្ថែមទៀត ដល់ប្រទេសវៀតណាម តាមរយៈកម្មវិធីអន្តរជាតិ COVAX (the international COVAX program)៕
ចែករំលែកព័តមាននេះ