ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះវិបត្តិកូវីដ ១៩ ក្ដី តែវិស័យចិញ្ចឹម​ជ្រូក​​កម្ពុជា អាច​ផ្គត់​ផ្គង់​ស្ទើរគ្រប់តម្រូវការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ ១៩ បានធ្វើឱ្យវិស័យនានាដែលគាំ​ទ្រដល់​សេដ្ឋកិច្ចកម្ពុជា ​រងផលប៉ះពាល់ជាបន្តបន្ទាប់​ជាពិ​សេស​ចាប់​តាំង​ពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ មក…

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ ១៩ បានធ្វើឱ្យវិស័យនានាដែលគាំ​ទ្រដល់​សេដ្ឋកិច្ចកម្ពុជា ​រងផលប៉ះពាល់ជាបន្តបន្ទាប់​ជាពិ​សេស​ចាប់​តាំង​ពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ មក ក្នុងនោះវិស័យចិញ្ចឹមជ្រូកកម្ពុជា ក៏រងផលប៉ះពាល់ដែរ ប៉ុន្តែ​នៅ​ក្នុងវិបត្តិនោះ វិស័យចិញ្ចឹមជ្រូកកម្ពុជាអាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកបានរហូតដល់ ៨៥ ភាគរយទៅវិញ ដែល​ជា​សន្ទុះ​មួយ​ល្អប្រសើរ និងអាចឈានទៅរកការផ្គត់ផ្គង់បានទាំងស្រុងនៅពេលឆាប់ ។

យោងតាមរបាយការណ៍របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ វិស័យចិញ្ចឹមជ្រូកនៅប្រទេ សកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះ កម្ពុជាអាចផ្គត់​ផ្គង់​ទីផ្សារ​ក្នុ​ង​ស្រុក​បាន​រហូតដល់ជា ៨៥ ភាគរយ ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា ការរីកចម្រើននេះបណ្តាលមកពីកក្តាមួយចំនួនដូចជា ក្រសួង​កសិកម្ម​រុ ក្ខា​ប្រមាញ់​ និងនេសាទបានគ្រប់គ្រង់កូតានាំជ្រូកចូលបានល្អ ដែលមិនប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស​បាន​ជ្រើស​រើស​ក្រុមហ៊ុននាំចូលដែលអនុវត្តតាមបទដ្ឋាន ។ ការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកចិញ្ចឹម ដូចជាជ្រើសរើសពូជ អនុវត្តតាមបច្ចកទេស និងការរបង្កើនប្រព័ន្ធជីវសុវត្ថិភាពដើម្បីការពារជំងឺឆ្លងនានាជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ ការ​យក​ចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលបានបង្កើតឱកាសទីផ្សារសម្រាប់ជ្រូកចិញ្ចឹមក្នុងស្រុក ទាំងអ្នកចិញ្ចឹមខ្នាតធំ និង តូចទទួលបានប្រាក់ចំណេញ ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលើកឡើងទៀតថា ជាមួយគ្នានេះវិស័យចិញ្ចឹមជ្រូកនៅជួបប្រទះបញ្ហាមួយចំនួនផងដែរ ជាពិសេសកំឡុងផ្ទុះជំងឺកូវីដ-១៩ នេះ ថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូកខ្ពស់គឺដើម្បីផលិតសាច់ជ្រូករស់បាន ១ គ.ក ត្រូវ​ចំណាយអស់ប្រហែល ២.៩៥ ដុល្លារ ការចំណាយថ្លៃដើមខ្ពស់នេះដោយសារតម្លៃវត្ថុធាតុដើមឡើងថ្លៃ ប្រមាណ​​ ៣០​ ភាគរ​យ​ដោយបណ្តាលមកពីទិន្និផលវត្ថុធាតុដើមធ្លាក់ចុះនៅអាមរិកខាងត្បូង និងតម្លៃដឹកជញ្ជូនបានកើនឡើង កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ១៩ ។

ប្រទេសជិតខាងបានលក់ជ្រូករស់ក្នុងតម្លៃថោកមកប្រទេសកម្ពុជាដោយសារប្រទេសជិតខាងកំពុងមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសថ្មីនេះតម្រូវការសាច់ជ្រូកនៅទីក្រុងធំៗនៃប្រទេសវៀតណាម និង ថៃបាន​ធ្លាក់​ចុះ​ដោយ​សារការ​បិទ​ខ្ទប់​នៃ​ការ​រាល​ដាលជំងឺកូវីដ-១៩ ដូចឆ្នេះ ពួកឈ្មួញខិលខូចតែងតែព្យាយាមរកឧកាសនាំជ្រូកចូលមកកម្ពុជា ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា កត្តាដែលជំរុញឱ្យវិស័យចិញ្ចឹមជ្រូកកម្ពុជាអាចផ្គត់ផ្គង់លើ​ទីផ្សារ​បានរហូតដល់៨៥ភាគរយនេះ ដោយសារតែការបិទការនាំចូលពីខាងក្រៅ តម្រូវការក្នុងស្រុកធ្លាក់ចុះព្រោះតែកូវីដ ១៩ ដោយ​មិនមានកម្មវិធីការបុណ្យផ្សេងៗ ហើយកំណើនពលរដ្ឋងាកទៅរកការចិញ្ចឹមជ្រូកក៏កើនឡើងនៅក្នុងវិបត្តិកូវីដ ១៩ ។ លោកបន្តថា បច្ចុប្បន្ននេះបើសិនជារដ្ឋាភិបាលបិទការនាំចូលទាំងស្រុង ការផ្គត់ផ្គង់ជ្រូកក៏អាចនឹងគ្រប់ទៅតាមតម្រូវការដែរ ដោយ​យកសាច់ផ្សេងមកជំនួស ដូចជាត្រី មាន់ ទាជាដើម ព្រោះ ក្នុងវិបត្តិកូវីដ ១៩ នេះ​វិស័យ​ចិញ្ចឹម​សត្វ​នៅក​ម្ពុជា​មាន​កំណើន​ខ្ពស់មិនថាតែជ្រូកនោះទេ ។

លោកបន្ថែមថា ពេលនេះជំងឺប៉េស​ជ្រូកអាហ្វ្រិក​នៅប្រទេស​ជិតខាងកំពុង​តែរាល​ដាលខ្លាំងហើយ​បើសិនជាវាឆ្លង​ចូល​មក​កម្ពុជា​ទៀតនោះ ទីផ្សារជ្រូកនិងផលប៉ះពាល់លើការចិញ្ចឹមជ្រូករបស់ប្រជាកសិករកម្ពុជាអាចនឹងមានទ្រង់ទ្រាយធំ ហើយ​នឹងជះ​ឥទ្ធិពលដល់ទីផ្សារជ្រូកទៀតជាមិនខាន ។លោកថា‌ ៖«យើងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូល​ជ្រូក​ពី​ខាងក្រៅ​ដោយយើងនាំចូលដើម្បីបំពេញតម្រូវការប៉ុណ្ណោះ នាពេលនេះ គឺមិនមែននាំចូលមកចាក់​ចោល​ដូចកាល​ពី​ប៉ុន្មាន​ឆ្នាំមុននោះឡើយ» ។

លោកបញ្ជាក់ថា ទីផ្សារ​ជ្រូករស់​នាពេលបច្ចុប្បន្ន​នេះ នៅមានស្ថេរភាពល្អប្រសើរ ដោយក្នុងមួយគីឡូក្រាម​មានតម្លៃជាមធ្យម​ ១៣៥០០ រៀល​ ឬអាចទាបជាង​នេះ​ពីរឬបីរយ​រៀលប៉ុណ្ណោះ ដែលជា​តម្លៃមួយល្អប្រសើរ​ អាចទទួលបានទាំង​អ្នកចិញ្ចឹម​និង​អ្នក​លក់​បន្ត​ ហើយអ្នកបរិភោគក៏អាច​ទទួលយក​តម្លៃលើ​ទីផ្សារ​បានដូចគ្នា ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ