ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចំនួន​11 ចុះ​អនុស្សរណៈ​ទិញ​គ្រឿងចក្រ​ពី​ក្រុមហ៊ុន SANY

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​ដល់​អតិថិជន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ក៏​ដូច​ជា​ត្រៀមខ្លួន​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ ស្រប​ពេល​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​ងើបឡើង​ខ្លាំង​នោះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា និង​សាងសង់​ចំនួន​១១ (​ជាតិ​-​អន្តរជាតិ​) ចុះ MOU អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន SANY ទិញ​គ្រឿងចក្រ​បន្ថែម​ដើម្បី​ជា​ការ​ឆ្លើយ​តប​ដល់​អតិថិជន ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​បន្ទាប់​ពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន SANY កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ជា រតនៈ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​លាយ​បេតុង​ហ្គោ​ល​ដេ​ន បាន​មាន​ប្រសាសន៍​ថា ៖ « SANY គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងចក្រ​មួយ​ចំពោះ​គុណភាព​ផលិតផល និង​មាន​តម្លៃ​អាច​ទទួលយក​បាន បើ​ធៀប​នឹង​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កម្ពុជា ។ SANY ធ្វើ​ឲ្យ​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​មាន​ជំនឿ​ទុកចិត្ត​តាំងពី​ចាប់ផ្តើម​ដំណើរការ​ជា​លើក​ដំបូង​របស់​ខ្លួន ។ នៅ​ក្នុង​ជំហាន​ដំបូង​យើង​បាន​ទិញ​គ្រឿងចក្រ​ពី SANY ដូច​ជា ឡាន​បាញ់​បេតុង ឡាន​ក្រ​ឡុ​ង រួម​ទាំង​គ្រឿងបន្លាស់​គ្រប់គ្រាន់ ។ មិនតែប៉ុណ្ណោះ SANY ក៏​មាន​ការិយាល័យ​ផ្តល់​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង ពេល​គ្រឿងចក្រ​មាន​បញ្ហា​ក្នុងអំឡុងពេល​ផ្តល់​សេវា​ជូន​អតិថិជន​មាន​ភាព​លឿន​រហ័ស ខុស​ប្លែក​ពី​ការ​ទិញ​គ្រឿងចក្រ​ពី​បរទេស​គ្មាន​អ្នកបច្ចេកទេស ឬ​ជាង​នៅ​ក្នុងស្រុក » ។

ស្រប​ពេល​វិស័យ​សំណង់ និង​តម្រូវការ​មានការ​កើនឡើង​ខ្លាំង បើ​តាម​លោក ជា រតនៈ មាន​ប្រសាសន៍​ថា ៖ « ជា​ការ​ពិត ដោយសារ​តម្រូវការ​ពី​អតិថិជន​កាន់តែ​ច្រើន និង​ការ​សម្លឹង​ឃើញ​នូវ​ស្ថិរភាព​នយោបាយ​ល្អ រួម​ទាំង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យើង​សម្រេចចិត្ត​ចុះ MOU ទិញ​គ្រឿងចក្រ (​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ និង​ឡាន​បាញ់​បេតុង​) ពី​ក្រុមហ៊ុន SANY ចំនួន​៥​គ្រឿង​បន្ថែម​ទៀត ហើយ​គិត​ជា​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ ។

គ្រឿងចក្រ​ទាំងនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្គត់ផ្គង់ តួយ៉ាង ឡាន​បូម បេតុង​អាច​បាញ់​បេតុង​សម្រាប់​អគារ​កម្ពស់​ចាប់ពី​៤០​ជាន់​ដល់​៥០​ជាន់ ។ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ វិស័យ​សំណង់​មានការ​កើនឡើង​ខ្លាំង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​គម្រោង​សាងសង់​ធំ​ៗ​ជា​ច្រើន តួយ៉ាង គម្រោង​អគារ​កម្ពស់​៤៥​ជាន់​នៅ​កោះ​ពេជ្រ​, គម្រោង​អគារ​៣១​ជាន់​នៅ​ទួល​គោក​, គម្រោង​អគារ​៤០​ជាន់​នៅ​តំបន់​បឹង​ត្របែក​, គម្រោង​អគារ​ជាង​៣០​ជាន់​នៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង​, គម្រោង​៣៧​ជាន់​នៅ​តំបន់​ផ្សារ​ឌុ​យ​ម៉ិច​, គម្រោង​អគារ​ជាង​៣០​ជាន់​តំបន់​បុរី​កីឡា​, គម្រោង​អគារ​ជាង​២០​ជាន់​នៅ​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​គម្រោង​អគារ​៤២​ជាន់​ថ្មី​មួយទៀត​តំបន់​ទួល​គោក ហើយ​ក្រុមហ៊ុន​យើង​នឹង​ចុះ​កិច្ចសន្យា​នៅ​ពេល​ខាង​មុខ » ។​ល​។

លោក​បន្ត​ទៀត​ថា ៖ « នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម វា​តែងតែ​មានការ​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​លាយ​បេតុង​នេះ​នៅ​មិន​ទាន់​ធ្វើ​អី​ឲ្យ​ប៉ះពាល់​ខ្លាំងក្លា​ទេ ព្រោះ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នា​ពេល​សព្វ​ថ្ងៃនេះ វា​មាន​លក្ខណៈ​សមាមាត្រ​គ្នា ។ ក្រុមហ៊ុន​យើង​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​នេះ​ទើបបាន​ជិត​ពីរ​ឆ្នាំ​ប៉ុណ្ណោះ តែ​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន គឺ​មានការ​ងើបឡើង​ខ្លាំង ដោយ​ផ្អែក​លើ​ក្រុមហ៊ុន​មាន​គ្រឿងចក្រ​ប្រើប្រាស់​ថ្មី​ៗ និង​សេវាកម្ម​ល្អ​, ក្រុមហ៊ុន​មាន​សម្ភារ​ប្រើប្រាស់​សម្បូរ​បែប​, យើង​មាន​ធនធានមនុស្ស​ល្អ ជា​ពិសេស ដៃគូ​នៅ​ក្នុង​អាជីវកម្ម​របស់​យើង​មាន​កិច្ចសហការ​គ្នា​បាន​ល្អ ក្រៅពី​មាន​ភាព​ស្មោះត្រង់ ធ្វើ​យ៉ាងណា ឲ្យ​ក្រុមហ៊ុន​យើង​បោះ​ជំហាន​ទៅ​មុខជា​លំដាប់ » ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន បើ​តាម​លោក ជា រតនៈ បញ្ជាក់​ថា ៖ « បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​សាខា​ចំនួន​៣​កន្លែង ហើយ​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ ក្រុមហ៊ុន​នឹង​ដាក់​ឲ្យ​ដំណើរការ​សាខា​បន្ថែមចំនួន​៣​កន្លែង​ទៀត​នៅ​ក្រុងភ្នំពេញ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន ។ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​នេះ ការ​ផ្គត់​ផ្គត់​បេតុង​ទៅ​ដល់​អតិថិជន​មានការ​កើនឡើង​មួយ​ទ្វេ​ជា​ពីរ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ធ្វើ​យ៉ាងណា ឲ្យ​កើន​លើស​ពី​ឆ្នាំ​ចាស់​ពី​២៥% ដល់​៥០% ដោយ​ពឹងផ្អែក​ការ​ពង្រីក​សាខា​ផ្គត់ផ្គង់ ផ្អែក​លើ​ការ​ទិញ​គ្រឿងចក្រ​បន្ថែម​នៅ​ពេល​បច្ចុប្បន្ន រួម​ទាំង​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ និង​រក្សា​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ » ។

ចំណែក​លោក Ly Hua នាយក​គ្រប់គ្រង​ក្រុមហ៊ុន SANY មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន SANY បាន​ចូល​មក​កម្ពុជា​តាំងពី​ឆ្នាំ​២០១២ ក្នុង​គោលបំណង​នាំ​យក​សេវាកម្ម​របស់ SANY ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​សាកល្បង​ប្រើប្រាស់​ជាមួយនឹង​ផលិតផល SANY ទំនើប ដែល​នាំ​មក​ពី​ប្រទេស​ចិន​ចូល​មក​កម្ពុជា​។ ផលិតផល​ទាំងនោះ​បែងចែក​ជា​ផ្នែក​ដូច​ជា ៖ គ្រឿងចក្រ​លាយ​បេតុង​, គ្រឿងចក្រ​ធ្វើ​ផ្លូវ និង​គ្រឿងចក្រ​សម្រាប់​កំពង់​ផែ ។ នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​ដំបូង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​បាន​ប្រាក់​ពី​ការ​ជួល និង​លក់​គ្រឿងចក្រ​របស់​ខ្លួន​មាន​ប្រមាណ​១០០​លាន​ដុល្លារ ហើយ​បើ​គិត​ជា​ភាគរយ​នៃ​ការ​លក់​ចេញ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​កំណើន​ប្រមាណ​២៥% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មក » ។

លោក​បញ្ជាក់​ថា ៖ « ក្នុង​ទិស​ដៅ​របស់​ក្រុមហ៊ុន SANY សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​ក្រុមហ៊ុន​បាន​កំណត់​ផែនការ​ថា ត្រូវ​រក​ប្រាក់​ពី​ការ​ជួល និង​លក់​គ្រឿងចក្រ​ឲ្យ​បាន​ចំនួន​១៦០​លាន​ដុល្លារ ដោយ​ផ្អែក​លើ​ក្រុមហ៊ុន​មាន​តំណាង​ក្រុមហ៊ុន​លក់​ទាំង​នៅ​ក្រុងភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ថែម​ទាំង​ទទួល​បាន​គម្រោង​ស្ថាបនា​ផ្លូវ​ហា​យ​វេ​មួយ​ចំនួន រួម​ទាំង​គម្រោង​សាងសង់​ផ្ទះ ជាដើម » ។

« នៅ​ក្នុង​ឆ្នាំ​២០១៤ បើ​គិត​ទៅ​លើ​វិស័យ​វិនិយោគ​បរទេស​នៅ​កម្ពុជា តួលេខ​នៃ​លំហូរ​វិនិយោគ​របស់​ចិន​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ នៅ​កម្ពុជា ដែល​មាន​ទំហំ​វិនិ​យោគ​​ប្រមាណ​៨៨៤,៥​លាន​ដុល្លារ និង​ក្នុង​រយៈពេល​១១ (​មក​រា​-​វិច្ឆិកា​) ឆ្នាំ​២០១៥ មាន​ប្រមាណ​៧៨៣,១២​លាន​ដុល្លារ ។ តួលេខ​នៃ​លំហូរ​វិនិយោគ​នេះ​បាន​បង្ហាញ​នូវ​ការ​​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ​កាន់តែ​ខ្លាំង និង​មាន​ទំហំ​ធំធេង​ថែម​ទៀត ជា​ពិសេស កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រី​ប្រចាំការ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​រូបថត​មិត្ត​ល្អ មិត្ត​ពិតប្រាកដ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ នៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ៕