រាជធានីភ្នំពេញ ៖ ចាប់ផ្ដើមចូលខែកក្កដាភ្លាមតម្លៃលក់ រាយនៃ ប្រេងឥន្ធនៈលើទីផ្សារនៃប្រទេសកម្ពុជាចាប់ផ្ដើមកើនឡើងបន្តិចម្ដងៗ ជាក់ស្ដែងនៅថ្ងៃទី០១កក្កដា ២០២១ នេះ តម្លៃប្រេងឥន្ធនៈលក់លើទីផ្សារបានឡើងពី ៣៩០០ រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតាដល់ ៤០០០ រៀល ក្នុងមួយលីត្រ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយថ្ងៃទី១ ៦ កក្កដា ២០២១ នេះ តម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃបន្តិចទៀត ដោយប្រេងសាំងធម្មតាបានឡើងពីថ្លៃពី ៤០០០ រៀល ក្នុងមួយលីត្រទៅ ៤១០០ រៀល ក្នុងមួយលីត្រសម្រាប់លក់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ២០២១ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមពិតទៅតម្លៃប្រេងសាំងធម្មតាលក់រាយលើទីផ្សារពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ កក្កដា ២០២១ នេះត្រូវលក់ ៤២៦០ រៀល ក្នុងមួយលីត្រឯណោះហើយប្រេងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៣៨១០ រៀល ក្នុងមួយលីត្រ តែដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួយសម្រួលបញ្ចុះតម្លៃមកត្រឹម ៤១០០ រៀល ក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៣៦៥០ រៀល ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ដោយគិតចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ កក្កដា ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការកំណត់តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជា គឺមានការចូលរួមពីក្រសួងបី រួមមានក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ។ ការកំណត់តម្លៃនេះដែរ ក៏ផ្អែកទៅតាមទីផ្សារប្រេងអន្តរជាតិផងដែរ ពីកម្ពុជាជាប្រទេសនាំចូលប្រេងនៅឡើយ ដូច្នេះតម្លៃប្រេងត្រូវពឹងលើទីផ្សារប្រទេសនាំចូល ដោយមិនអាចកំណត់ដោយឯកឯងបានឡើយ ។
មានមតិសាធានជនជាច្រើនបានចោទជាសំណួរថា កម្ពុជាចាប់ផ្ដើមបូមប្រេងរបស់ខ្លួនហើយ តែតម្លៃប្រេងសាំងនៅតែបន្តឡើងថ្លៃដដែល ។ បញ្ហានេះ អ្នកជំនាញនៃក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រេងដែលកម្ពុជាទទួលបានជាប្រេងឆៅ និងត្រូវការនាំចេញដើម្បីកែច្នៃជាផលិតផលសម្រេចហើយនាំចូលមកវិញ ដូច្នេះតម្លៃប្រេងក៏នៅតែពឹងលើទីផ្សារអន្តរជាតិដដែល ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា បច្ចុប្បន្នកម្ពុជានាំចូលប្រេងពីប្រទេសជាច្រើនដើម្បីបំពេញទីផ្សារដូចជាប្រទេសវៀតណាម ប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសអាឡឺម៉ង់ ម៉ាឡេស៊ី អារ៉ាប់ ញូវហ្សេឡែន សហរដ្ឋអាមេរិក អេស្ប៉ាញ កូរ៉េ ចិន ឥណ្ឌា តួគី ប៉ូឡូញ ប៊ែលហ្ស៊ិក ជប៉ុន អូស្ត្រាលី អ៊ីតាលី អ៊ុយគ្រែន ហុងកុងជាដើម ។ ក្នុងមួយឆ្នាំៗ កម្ពុជានាំប្រេងពីបរទេសចូលក្នុងប្រទេសប្រមាណ ២ លានតោនគិតជាទឹកប្រាក់វិញប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក និងប្រែប្រួលទៅតាមតម្រូវការជាក់ស្ដែង ៕
ចែករំលែកព័តមាននេះ