ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ​បញ្ជា​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ឃាត់​បាន​ទុក​១​ឆ្នាំ​មិន​ដោះ​លែង​ជា​ដាច់ខាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​អនុវត្ត​ច្បាប់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សំណូមពរ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត​ថែរក្សា​យានយន្ត​ដែល​ចាប់​ឃាត់​ទុក រយៈពេល​១​ឆ្នាំ ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ដោះ​លែង​ទៅ​វិញ​ជា​ដាច់ខាត ។…

រាជធានី​ភ្នំពេញ ៖ ជា​ការ​អនុវត្ត​ច្បាប់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សំណូមពរ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត​ថែរក្សា​យានយន្ត​ដែល​ចាប់​ឃាត់​ទុក រយៈពេល​១​ឆ្នាំ ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ដោះ​លែង​ទៅ​វិញ​ជា​ដាច់ខាត ។

យោង​តាម​បណ្តាញ​សង្គម​ក្រសួង​សាធារណការ ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​តាម​ប្រព័ន្ធ​វី​ដេ​អូ នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ នៅ​តាម​មុខ​តំណែង​របស់​ខ្លួន ដើម្បី​ផលប្រយោជន៍​ដល់​ក្រសួង​ក៏​ដូច​ជា រាជរដ្ឋាភិបាល និង​ប្រទេស​ជាតិ ។

ឯកឧត្តម​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ក្រោម​ឱវាទ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អនុវត្ត​ការ​ចេញ​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​បញ្ជាក់​បញ្ជាក់​ថា «​ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​សហការ​ជាមួយ​ក្រុមការងារ​ជញ្ជីង​របស់​ក្រសួង ជា​ពិសេស​ក្រុមការងារ​ជញ្ជីង​ចល័ត​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់ និង​បាន​សំណូមពរ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ជួយ​ថែរក្សា​យានយន្ត​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ទុក​រយៈពេល​មួយ​ឆ្នាំ ឲ្យ​បាន​ត្រឹមត្រូវ​មិន​ត្រូវ​ដោះ​លែង​ទៅ​វិញ​ជា​ដាច់ខាត និង​បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញការងារ​ទាំងថ្ងៃទាំងយប់ និង​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​» ។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែម​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​វិធានការ​នេះ​ឲ្យ​ដូច ភ្លៀងរលឹម មិន​ថយក្រោយ​ទេ និង​បាន​សំណូមពរ​ឲ្យ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​មាត្រា​៦០ ដែល​ចែង​ថា ៖ ឡាន​ដឹក​លើស​២០%​ត្រូវ​ឃាត់​ទុក​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​យល់​ច្បាស់ អំពី​មាត្រា​ច្បាប់​និង ការ​ដាក់​ទោសទណ្ឌ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ឱ្យ​បាន​រឹង​មាំ ជៀសវាង​មតិ​រិះគន់​ថា «​ធ្វើ​ផ្លូវ​ជាប់​រហូត​»​។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​រដ្ឋមន្ដ្រី​សាធារណការ​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក ប្ដេជ្ញា​ចិត្ត​ធ្វើ​ការងារ​តាម​លក្ខណៈ​បច្ចេកទេស​សាងសង់​ផ្លូវ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រកបដោយ​គុណភាព​មិន​ត្រូវធ្វើ​ការងារ​ឲ្យ​រួចពីដៃ ធ្វើ​ម្ដង​ធ្វើ​ឲ្យ​ហើយ កុំ​ធ្វើ​ជា​លើក​ទី​ពីរ ដែល​នាំ​ខាត​ទាំង ពេលវេលា​ខាតបង់​ទាំង​ថវិកា ខូចគុណភាព និង​គិត​ពី​សុវត្ថិភាព​ជា​ចម្បង​ផង​ដែរ និង​បាន​ស្នើ​ឱ្យ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ សហការ​ជាមួយនឹង​អគ្គនាយក ដ្ឋា​ន​សាធារណការ និង​អគ្គនាយកដ្ឋាន បច្ចេកទេស​រក​នីតិវិធី​ដាក់​ចូល ទៅ​ក្នុង​កម្មវិធី តាមដាន​ការ​សាងសង់​ផ្លូវ​(App) ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រី​ត្រួតពិនិត្យ និង​តាមដាន​គុណភាព​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ