ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអនុវត្តតេស្តិ៍សំណាកអ្នកជម្ងឺ ដោយមិនចាំបាច់ចុះពីយានយន្ត ឬម៉ូតូឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

មន្ទីរពេទ្យរុស្ស៊ី បានចាប់ផ្តើមមានការតេស្តិ៍សំណាកអ្នកជម្ងឺ ដោយមិនចាប់បាច់ចុះពីលើរ៉ឺម៉កម៉ូតូ ឬយានយន្តឡើយ ឬហៅថា Drive Through Screening Covid-19 AG Rapid Test ។

រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណើរវិវត្តន៍ដ៏ប្រសើរមួយសម្រាប់កម្ពុជា ដោយនៅមន្ទីរពេទ្យរុស្ស៊ី បានចាប់ផ្តើមមានការតេស្តិ៍សំណាកអ្នកជម្ងឺ ដោយមិនចាប់បាច់ចុះពីលើរ៉ឺម៉កម៉ូតូ ឬយានយន្តឡើយ ឬហៅថា Drive Through Screening Covid-19 AG Rapid Test ។

ការតេស្តិ៍ Drive Through Screening Covid-19 AG Rapid Test ដែលត្រូវបានដាក់ឱ្យមានការតេស្តិ៍សម្រាប់តែអ្នកជម្ងឺ ដែលត្រូវចូលទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យប៉ុណ្ណោះ ។ ការដំណើរការតេស្តិ៍លើ រថយន្ត ឬរ៉ឺមកម៉ូតូ ដោយមិនចាំបាច់ចុះបែបនេះ គឺបានដំណើរទៅប្រមាណជាង១សប្តាហ៍កន្លងទៅហើយ ដោយមានរោងសម្រាប់ធ្វើការតេស្តិ៍អ្នកជម្ងឺ ក្នុងនោះ ក៏មានក្រុមគ្រូពេទ្យ រួមជាមួយក្រុមសន្តិសុខពេទ្យ នៅប្រចាំការ ដើម្បីធ្វើការតេស្តិ៍ និងជួយលើកសែងចេញពីរថយន្ត ឬរ៉ឺម៉កម៉ូតូយកទៅបន្ទប់សង្គ្រោះ ជាដើម ។

ជាក់ស្តែងនៅវេលាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ គេសង្គេតឃើញមានការតេស្តិ៍ជាបន្តបន្ទាប់លើអ្នកជម្ងឺ ត្រូវចូលទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ហើយក្នុងនោះក៏បានរកឃើញមានអ្នកជម្ងឺ ដែលមានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ ក្រោយការឆ្លងកាត់ការតេស្តិ៍សំណាករហ័ស Rapid Test ។

លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅថា ពេទ្យរុស្ស៊ី បានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទ នៅវេលាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា «ការដាក់អោយមានការតេស្តិ៍លើអ្នកជម្ងឺនៅផ្នែកសង្គ្រោះបន្ទាន់នេះ គឺជាសារះប្រយោជន៍និងសំខាន់ណាស់ ដើម្បីកំណត់បានលឿន សម្រាប់ដឹងថាអ្នកជម្ងឺរូបណាកើតជម្ងឺ
កូវីដ-១៩ ឬអត់ មុនយកគាត់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដើម្បីធ្វើការព្យាបាល ។ ហើយការតេស្តិ៍សំណាកនេះ គឺត្រូវធ្វើដាច់ដោយឡែកពីអ្នកជម្ងឺផ្សេងៗទូទៅដទៃ ដែលមកកាន់មន្ទីរពេទ្យ ហើយមិនត្រូវយកមកកាន់បន្ទប់សង្គ្រោះបន្ទាន់» ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តថា ចំពោះអ្នកជម្ងឺដែលឆ្លងកាត់ការតេស្តិ៍សំណាកនៅលើរថយន្ត ឬម៉ូតូរ៉ឺមក ឬម៉ូតូកង់បីឥណ្ឌាផ្ទាល់ខ្លួន ហើយពិនិត្យឃើញវិជ្ជមានកូវីដ-១៩ គឺអ្នកជម្ងឺនឹងត្រូវក្រុមសន្តិសុខប្រចាំការនៅទីនោះ ( មានស្លៀកសម្លៀកបំពាក់ការពារ ) ជួយលើកទៅកាន់បន្ទប់សម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ នោះបើក្នុងអាការះអ្នកជម្ងឺដែលត្រូវចូលទៅផ្នែកសង្គ្រោះបន្ទាន់នោះ មានអាការះធ្ងន់ធ្ងរ ។

លោកវេជ្ជបណ្ឌិត ងី ម៉េង​ បានបន្តថា ប៉ុន្តែប្រសិនបើ ក្នុងករណីអាការះ ឬស្ថានភាពអ្នកជម្ងឺមិនធ្ងន់ធ្ងរខ្លាំង អាចនៅមានកម្លាំងកំហែងដើរបាន អ្នកជម្ងឺអាចស្នើរសុំគ្រូពេទ្យត្រឡប់ទៅផ្ទះ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរតំបន់ដែលពួកគេរស់នៅ ក្នុងការស្នើរសុំសម្រាកព្យាបាលនៅផ្ទះ ដោយស្ថិតក្នុងការវិនិច្ឆ័យ របស់ក្រុមអាជ្ញាធរតំបន់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ថាតើគួរអនុញ្ញាត្តិអោយសម្រាកព្យាបាលនៅផ្ទះ ឬត្រូវអោយទៅព្យាបាលនៅតាមទីតាំងដែលបានកំណត់យកជាកន្លែងព្យាបាលជម្ងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ចំពោះបងប្អូនសាច់ញាតិដែលជាអ្នកកំដរ និងបានជូនអ្នកជម្ងឺមកមន្ទីរពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ ហើយពិនិត្យសំណាកឃើញមានវិជ្ជមានកូវីដ១៩នោះ ពួកគេក៏ត្រូវក្រុមគ្រូពេទ្យតម្រូវអោយធ្វើសំណាករួមផងដែរ ។ ក្នុងករណីដែលពិនិត្យឃើញអវិជ្ជមាន នឹងតម្រូវ ឱ្យត្រឡប់ទៅផ្ទះ ហើយណែនាំអោយមានការធ្វើចត្តាឡីស័ក១៤ថ្ងៃដោយខ្លួនឯង និងបន្តអនុវត្តវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។ ទន្ទឹមនឹងនោះ ប្រសិនបើពិនិត្យឃើញមានវិជ្ជមានវិញ ហើយសុខភាពពួកគេមាំទាំងនោះ គឺពួកគេអាចសុំក្រុមគ្រូពេទ្យ ត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងបាន ដោយត្រូវទាក់ទងជាអាជ្ញាធរតំបន់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យវិច្ច័យដល់ទីសំណាក់របស់ពួកគេ អំពីការអនុញ្ញាត្តិអោយអោយមានការព្យាបាលនៅផ្ទះ ឬត្រូវយកទៅព្យាបាល ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ