ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់ថវិកាជាង ៣,៨ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ឆ្លើយ​តប​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​វិស័យ​កិច្ច​ការពារ​កុមារ អ្នកធ្វើការ​ពាក់ព័ន្ធ ជា​ពិសេស​សម្រាប់​កុមារ និង​យុវជន​គ្រប់​រូប នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ទទួល​បានការ​ការពារ​សុវត្ថិភាព​កាន់តែ​ប្រសើរ នៅ​ពេល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប…

រាជធានីភ្នំពេញ ៖ នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​វិស័យ​កិច្ច​ការពារ​កុមារ អ្នកធ្វើការ​ពាក់ព័ន្ធ ជា​ពិសេស​សម្រាប់​កុមារ និង​យុវជន​គ្រប់​រូប នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ទទួល​បានការ​ការពារ​សុវត្ថិភាព​កាន់តែ​ប្រសើរ នៅ​ពេល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប នា​យុគ្គសម័យ​ឌី​ជី​ថ​ល​នេះ ​។

Picture

នៅ​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆ្នាំ ​២០២១ នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក​.​ជ​.​ក​) ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា (​ស​.​អ​.​យ​) និង​ក្រសួងមហាផ្ទៃ នឹង​រៀបចំ ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ”​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ ឆ្នាំ​២០២១-២០២៥” តាម​រយៈ​កម្មវិធី​អន​ឡាញ ZOOM ដែល​ចំនួន​ថវិកា​ប៉ាន់ស្មាន សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​នេះ គឺ​ប្រមាណ​ជាង ៣,៨​ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រយៈពេល​ជាង​ ៥ ​ឆ្នាំ ដែល​គ្របដណ្តប់​ទៅ​លើ​វិស័យ​យុទ្ធសាស្ត្រ​ទាំង ​៦ ​។ ថវិកា​ចំនួន ៣៦ ​ភាគរយ គឺជា​ថវិកា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល និង​ថវិកា ៦៤​ ភាគរយ​ទៀត គឺជា​ការ​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ ។

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ​៖ «​ស្រប​ពេល​នឹង​វិបត្តិ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​ទូ​ទាំង​ពិភពលោក ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន រឹតតែ​មាន​សារសំខាន់ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​គ្រប់​បញ្ហា រួម​ទាំង​ការ​សិក្សាអប់រំ​របស់​កុមារ និង​យុវជន យុវនារី ទាំង​នៅ​ទីក្រុង ទាំង​ជនបទ ដែល​ធ្វើ​ឱ្យ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ រឹតតែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​សម្រាប់​ទំនាក់ទំនង និង​អភិវឌ្ឍន៍​គ្រប់​វិស័យ ​។ ទោះបីជា​យ៉ាងនេះ​ក្តី ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ក៏​មាន​ជ្រុង​អវិជ្ជមាន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ខុស​គោលដៅ និង​ដោយ​មានការ​ជ្រៀតចូល​ពី​ក្រុម​ឧក្រឹដ្ឋ​ជន ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​ប្រាសចាក​ពី​គន្លង​សីលធម៌ និង​ការ​អភិវឌ្ឍន៍ ដោយ​បង្កើត​ឱ្យ​មានការ​កេងប្រវ័ញ្ច និង​ឧក្រឹដ្ឋ​កម្ម​គ្រប់​រូបភាព រួម​ទាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​ទម្រង់​ថ្មី​មួយ​កំពុង​រាលដាល និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កុមារ​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​»​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ផែនការ​សកម្មភាព​នេះ ​គឺជា​ការ​ចូលរួម​ចំណែក​ដ៏​ធំ បង្ហាញ​អំពី​ឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ជា​ពិសេសការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​កុមារ​ពី​គ្រោះថ្នាក់ និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​មក​លើ​កុមារ​ ។ ផែនការ​នេះ​បាន​កំណត់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ រួម​មាន ​៖
១).​ ​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​គោលនយោបាយ និង​អភិបាលកិច្ច
២).​ ​លើកកម្ពស់​យុត្តិធម៌​ព្រហ្មទណ្ឌ
៣).​ ​លើកកម្ពស់​វិធានការ​បង្ការ ទប់ស្កាត់ និង​ស្តារ​នីតិសម្បទា​ជន​រង​គ្រោះ​ដោយ​អំពើ​កេងប្រវ័ញ្ច​ផ្លូវ​តាម​ប្រព័ន្ធ​អន​ឡាញ
៤).​ ​ពង្រឹង​សុវត្ថិភាព​សហគមន៍​ពី​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ
៥).​ ​ពង្រឹង​លក្ខន្តិកៈ​សម្រាប់​ការ​ផ្តល់​សេវា​អ៊ីនធឺណិត
៦).​ ​បង្កើន​ការ​ផ្សព្វផ្សាយ និង​ការ​យល់​ដឹង​ត្រឹមត្រូវ​អំពី​បញ្ហា​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​ ។
ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ មាន​សារៈសំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​គោលនយោបាយ​របស់​រាជ​ដ្ឋា​ភិ​បាល​សំដៅ​ ៖
-​ ​ការពារ​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ រួម​ទាំង​ការពារ​ផលប្រយោជន៍​របស់​ជន​រង​គ្រោះ សហគមន៍ និង​សង្គម
-​ ​បង្កើន​នូវ​ការ​អប់រំ ទប់ស្កាត់ និង​កាត់​បន្ថយ​នូវ​ភាព​អសកម្ម ឆ្លើយ​តប​ទៅ​នឹង​វិធានការ​នានា ដែល រាជរដ្ឋាភិបាល រួម​ជាមួយ​គ្រួសារ សហគមន៍ ដៃគូ​អភិវឌ្ឍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ក្នុង​ការ​អភិវឌ្ឍ​អនីតិជន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ និង​ជា​អ្នក​បន្តវេន​របស់​ប្រទេស​ជាតិ
-​ ​បង្កើន​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និង​តុលាការ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អនីតិជន​ឲ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​កុមារ
-​ ​បំពេញ​កាតព្វកិច្ច​ជា​ប្រទេស​សមាជិក​នៃ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ៗ ក្នុង​ការ​ការពារ​សិទ្ធិ​កុមារ​ ។

Picture

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ក៏​បាន​បន្ថែម​ទៀត​ថា​ ៖ «​ពិធី​ប្រកាស​ជា​ផ្លូវការ​នា​ពេល​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ លើកកម្ពស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​តួអង្គ យុត្តិធម៌​ព្រហ្មទណ្ឌ អ្នក​អនុវត្តន៍​ច្បាប់ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ទទួលយក​ផែនការ​សកម្មភាព​មក​អនុវត្ត ដោយ​ផ្សារ​ភ្ជាប់​និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ស្ថាប័ន​សា​ម៉ី​» ៕