ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ លោក យក់ ប៊ុនណា ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកពាមរក៍ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកខ្សាយ«ក» បាននាំយកតុចំនួន៣៥ និងកៅអីចំនួន៧០ មកប្រគល់ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសមាគ ស្ថិតនៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ«ក» ស្រុកពាមរក៍ ។
ពិធីប្រគល់តុនិងកៅខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកនិងក្រុមការងារ មានអាជ្ញាធរ ភូមិឃុំ និងស្រុក បានចុះពិនិត្យស្ថានភាព និងទិដ្ឋភាពទូទៅនៅក្នុងបរិវេណក្រៅនិងក្នុងសាលា ក៏ដូចជាតាមថ្នាក់រៀន ឃើញថា អគារសិក្សាមួយចំនួនមានការទ្រុឌទ្រោម រីឯគ្រឿងសង្ហារិម មាន តុ កៅអី សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏មានការបាក់បែកខូចខាតអស់ច្រើន ។
លោក សេន វាសនា ជានាយកសាលា បានឱ្យដឹងថា សាលានេះ មានអគារចំនួន៨ខ្នង ស្មើនឹង៣៤បន្ទប់ មានគ្រូបង្រៀនសរុបចំនួន៤៦រូប (អ្នកគ្រូ២២រូប) សិស្ស៧៩៥នាក់ (ស្រី៣៩៦នាក់) ។ ក្នុងនាមលោកជានាយក នាយករង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក យក់ ប៊ុនណា និងក្រុមការងារ ។
លោក យក់ ប៊ុនណា បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី មានមេភូមិ មេឃុំ ធ្វើយ៉ាងណាជួយណែនាំប្រជាពលរដ្ឋដែលរស់នៅជាប់នឹងរបងសាលា ឈប់រំលោភយកដីសាលា ឈប់សង់បង្គន់បុកចូលសាលា ត្រូវចេះជួយថែរក្សា និងការពារសាលា ព្រោះសាលារៀនជារបស់យើងទាំងអស់គ្នាទុកសម្រាប់កូនចៅបានសិក្សារៀនសូត្រយូរអង្វែង ក៏ដូចជាជួយលើវិស័យអប់រំផងដែរ ៕
ចែករំលែកព័តមាននេះ