រាជធានីភ្នំពេញ ៖ ខេត្តចំនួន ៣ នៅតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថា ជាខេត្តដែលមានការទាក់ទាញវិនិយោគវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ក្នុងការបណ្ដាក់ទុនវិនិយោគ ជាក់ស្ដែងបើទោះជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ ១៩ ក្ដី ក៏ខេត្តទាំងបីនេះនៅតែបង្ហាញពីសក្ដានុពលខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគពីជនជាតិចិន ។ ខេត្តកំពត ព្រះសីហនុ និងខេត្តកោះកុង គឺជាខេត្តជាប់មាត់សមុទ្រ និងកំពុងទទួលបានការចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនចិន ក្រៅពីរាជធានីភ្នំពេញ ដោយក្នុងនោះ វិនិយោគិនចិនបាននិងកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងទៅហើយទៅលើខេត្តចំនួន ២ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុ ។
បើតាមវិនិយោគិនចិនមួយរូបដែលបានដាក់ទុនវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារហើយនោះបានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានចាប់អារម្មណ៍លើខេត្តព្រះសីហនុខ្លាំងណាស់ ដោយបានដាក់ទុនវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារបង្កើតគម្រោងវិនិយោគ លើចលនទ្រព្យទាំងនៅកណ្ដាលក្រុង និងតាមតំបន់ជាយក្រុង ។
ខេត្តកំពតបើតាមលោក Khong Weng FooK វិនិយោគិនចិនធំមួយរូបនៅកម្ពុជាក៏បានឱ្យដឹងថា ខេត្តព្រះសីហនុជាខេត្តមួយទាក់ទាញនិងនៅតែមានសក្ដានុពលសម្រាប់ការវិនិយោគពីបរទេស ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនរបស់លោកបន្តវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។
បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា ជាច្រើនក៏បានបង្ហាញផងដែរថា តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជាដែលរួមមានខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង គឺជាខេត្តដែលមានការទាក់ទាញវិនិយោគិនបរទេសដ៏ទាក់ទាញមួយ ក្នុងនោះវិនិយោគិនចិនគឺជាវិនិយោគិនដែលចាប់អារម្មណ៍និងបណ្ដាក់ទុនវិនិយោគច្រើនជាងគេផងដែរនៅក្នុងខេត្តសក្ដានុពលទាំងនោះ ។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេត បានឱ្យដឹងផងដែរថា ខេត្តកោះកុង និងខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគចិនច្រើនជាងគេ ហើយនៅពេលស្ថានភាពកូវីដ ១៩ ស្ងប់ស្ងាត់បន្តិច យើងជឿថា អ្នកវិនិយោគចិននឹងត្រលប់ មកកាន់កម្ពុជា ជាថ្មី និងបន្តបណ្ដាក់ទុនជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា សម្រាប់ខេត្តព្រះសីហនុ ថ្វីត្បិតតែពេលនេះ ហាក់ស្ងប់ស្ងាត់នូវគម្រោងថ្មីៗក៏ពិតមែន តែមិនមែនមានន័យថា វាឆ្អែតសម្រាប់ការវិនិយោគនោះឡើយ ។ នៅពេលខាងមុខវិនិយោគិនចិន នឹងត្រលប់មកកាន់ខេត្តនេះឡើងវិញ និងស្វែងរកការវិនិយោគជាបន្តបន្តាប់ផងដែរ ។ លោកថា ៖ «ខេត្តព្រះសីហនុ នឹងក្លាយជាបណ្ដុំសហគមន៍ វិនិយោគិនដ៏មានសក្ដានុពលសម្រាប់វិនិយោគិន ដូច្នេះចិនដែលចូលមកម្ពុជា គេនឹងសំឡឹងមើលពីសក្ដានុពលវិនិយោគលើខេត្តព្រះសីហនុបន្ទាប់ពីរាជធានីភ្នំពេញ» ។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុក៏បានឱ្យដឹងផងដែរថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ការពង្រីកអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ គឺជាសក្ដានុពលក្នុងការនាំ វិនិយោគិននានាមកកាន់ខេត្តព្រះសីហនុហើយនឹងជំរុញខេត្តព្រះសីហនុឱ្យកាន់តែមានសក្ដានុពលលើការវិនិយោគ និងទេសចរណ៍បន្តទៀតផងដែរ ។

កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តមួយរបស់ចិន គឺខេត្តហ៊ូប៉ី បានស្នើចង់មេត្រភាពជាមួយខេត្តបីរបស់កម្ពុជា ដែលរួមមានខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ខណៈខេត្តកោះកុង ក៏មានខេត្តរបស់ចិនមួយបានប្រកាសចង់សម្ព័ន្ធជាខេត្តបងប្អូនរួចហើយ ព្រមទាំងបានចុះហេត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគ្នា នូវគម្រោងជាច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ