ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! រក​ឃើញ​គ្រាប់បែក​៨០​ថែម​ទៀត សរុប​៤០៥​គ្រាប់​ហើយ​ក្បែរ​របង​វិទ្យាល័យ

2 ឆ្នាំ មុន
  • សៀមរាប

អ្នកជំនាញ​ម​ជ្ឍ​មណ្ឌល​កងឯកភាព​កំចាត់​មីន​ទី​៤ ហៅ​កាត់​ថា ស៊ី​ម៉ាក់ បាន​បន្ត​ជីក​កកាយ និង​ប្រមូល​គ្រាប់បែកដៃ ដែល​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម បាន​ចំនួន​៨០​គ្រាប់​បន្ថែម​ទៀត បន្ទាប់​ពី​រក​ឃើញ​មុន​ចំនួន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ អ្នកជំនាញ​ម​ជ្ឍ​មណ្ឌល​កងឯកភាព​កំចាត់​មីន​ទី​៤ ហៅ​កាត់​ថា ស៊ី​ម៉ាក់ បាន​បន្ត​ជីក​កកាយ និង​ប្រមូល​គ្រាប់បែកដៃ ដែល​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម បាន​ចំនួន​៨០​គ្រាប់​បន្ថែម​ទៀត បន្ទាប់​ពី​រក​ឃើញ​មុន​ចំនួន​៣២៥​គ្រាប់ សរុប​៤០៥ គ្រាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ប៉ែក​ខាងជើង​ក្បែរ​របង​វិទ្យាល័យ​១០ មក​រា​១៩៧៩ ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប​។ ហើយ​គ្រាប់បែក​ទាំងនេះ សុទ្ធតែ​មាន​សុពលភាព​ផ្ទុះ និង​មាន​ហានិភ័យ​ខ្ពស់​។

បើ​តាម​លោក អ៊ា​ន សុធា ប្រធាន​កងឯកភាព​កំចាត់​មីន​ទី​៤ ប្រចាំ​ខេត្ដសៀមរាប និង​ខេត្ដកំពង់ធំ បានឱ្យ​ដឹង​ថា គ្រាប់បែកដៃ​ទាំង​៤០៥​គ្រាប់​នោះ ផលិត​នៅ​ប្រទេស​អង់គ្លេស ម៉ាក់ (36 UK ) វា​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​មនុស្ស ប្រសិនបើ​មានការ​ប៉ះទង្គិច ឬ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្វើ​ជ្រុះ​ធ្លាក់​ទៅ​លើ​ដី​។ លោក​បាន​បន្ដ​ថា គ្រាប់បែកដៃ​នោះ ត្រូវ​គេ​បាន​កប់​វា​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​នៅ​ចំណុច​នេះ​ជា​ឃ្លាំង​គ្រាប់​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប នា​សម័យ​សង្គ្រាម​អំឡុង​ទស​វត្ស​ទី​៧០​។

លោក​បាន​បញ្ជាក់​ថា គ្រាប់បែក​ទាំងនេះ គឺ​ដំបូង​ឡើយ​ប្រទះ​ឃើញ​ដោយ​ក្រុម​កម្មករ​នៃ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប ពេល​កំពុង​ជីកដី​កប់​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​ក្រោម​ដី កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា កន្លង​មកនេះ ហើយ​ពិតជា​សំណាង​ណាស់ ដែល​កាយ​ឃើញ​គ្រាប់បែក តែ​មិន​បាន​ជីក​ប៉ះ​ខ្លាំង បើសិន​ជីក​ប៉ះ​ចំ​វា​អាច​នឹង​ផ្ទុះ​ភ្លាម​ៗ​ផង​ដែរ​។

លោក អ៊ា​ន សុធា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បើ​ប្រទះ​ឃើញ​គ្រាប់ ឬ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ សូម​ផ្តល់​ដំណឹង ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី ឬ​ក៏​សមត្ថកិច្ច​ដែល​នៅ​កៀក​ក្បែរ​លំនៅ​ឋាន​បងប្អូន ឬ​មួយ​រាយការណ៍​ទៅ​មន្ត្រី​ស៊ី​ម៉ាក់​ដោយ​ផ្ទាល់​ក៏​បាន​។

បច្ចុប្បន្ន​គ្រាប់បែក​ទាំងនេះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ កងឯកភាព​កំចាត់​មីន​ទី​៤ ខេត្តសៀមរាប ស្ថិត​នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ