រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៤ ដល់២០កក្កដា ឆ្នាំ២០២១នេះ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំជាមួយបាតុភូតធម្មជាតិជាយថាហេតុ ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជាបាន និងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មីហើយបង្កើនឥទ្ធិពលរបស់ខ្លួនជាលំដាប់ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជាគួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្ហូរផងដែរ ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។
ក្នុងអំឡុង ពេលជាមួយគ្នាផងដែរផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºCនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -នឹងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទក៏នឹងអាចមាន ភ្លៀងខ្យល់ខ្លាំង និងរលក់សមុទ្រមានកម្ពស់ខ្ពស់ ។
ដូចការលើកឡើងនេះ ក្រសួងបានសូមសាធារណជនជ្រាបជាព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាស ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕
ចែករំលែកព័តមាននេះ