ខេត្តរតនគិរី៖ ជនសង្ស័យ ចំនួន ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះ បានធ្វើឡើង នៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងចំការ នៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការបង្ក្រាបនោះ មានលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកំលាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែង ចាប់បានជនសង្ស័យ ចំនួន ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម ដែលមិនទាន់ស្គាល់ឈ្មោះនោះ។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន ២កញ្ចប់ ធំល្មម និងមួយកញ្ចប់តូច ព្រមទាំងទូរស័ព្ទមួយគ្រឿងផងដែរ។ សមត្ថកិច្ច ក៏កំពុងបន្តស្រាវជ្រាវ ដើម្បីឈានទៅវែកមុខរកចាប់ខ្សែបណ្តាញមុខសញ្ញាធំជួញដូរគ្រឿងញៀនបន្តទៀត។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដើម្បីបន្តនីតិវិធី បញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី៕ ផង់វិន
ចែករំលែកព័តមាននេះ