រាជធានីភ្នំពេញ ៖ ទោះបីជាកូវីដ ១៩ បានរារាំងដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាមួយចំនួនក្ដីតែសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់សេដ្ឋកិច្ចនៅតែមានដំណើរការ និងល្អប្រសើរជាងកាលពីឆ្នាំមុនទៅទៀត ជាក់ស្ដែងក្នុងរយៈពេល ១ ឆមាសនៃ ឆ្នាំ ២០២១ នេះ បានបង្ហាញថា ទំនិញនាំចេញនាំចូលរវាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបង្ហាញគិតចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ២០២១ ការនាំចេញទំនិញចេញពីតំបន់សេដ្ឋកិច្ចពិសេសមានទឹកប្រាក់ចំនួន ៩៩៤ លានដុល្លារអាមេរិក ដែលមានកំណើនដល់ ៤៩,៩២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅ ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិនៃការរីករាលដាលនៃកូវីដ ១៩ ក្ដី ជាពិសេសការឆ្លងនៅក្នុងសហគមន៍ ២០ កុម្ភៈ ក៏ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែមានកំណើន ជាពិសេសទីផ្សារថ្មីៗរបស់ផលិតផលកម្ពុជា ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅក្នុងបរិការណ៍កូវីដ ១៩ នេះ កម្ពុជាបានធ្វើពិពិធកម្មទីផ្សារនាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន ដែលធ្វើឱ្យទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅមានស្ថានភាពល្អប្រសើរ ។ លោកបន្តថា ពីមុនចិននាំចូលតែផលិតផលកសិកម្មពីកម្ពុជាដោយមិនបាននាំចូលផលិតផលវាយនភណ្ឌឡើយ តែពេលកូវីដ ១៩ នេះចិនក៏បានបន្ថែមនាំចូលផលិតផលវាយនភ័ណ្ឌបន្ថែមទៀត ដូច្នេះហើយធ្វើឱ្យការការនាំចេញផលិតផលវាយភ័ណ្ឌពីកម្ពុជានៅតែមានបរិមាណល្អប្រសើរ ។

សូមរំឭកថា កម្ពុជាក៏បាននិងកំពុងជំរុញទីផ្សារនាំចេញផលិតផលរបស់ខ្លួនបន្ថែមទៀតទៅកាន់ប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជារំពឹងថា នឹងចូលជាធរមាននៅចុងឆ្នាំ ២០២១ នេះ ឬដើមឆ្នាំ ២០២២ ខាងមុខ ។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមានកម្ពុជា នឹងអាចបង្កើនបរិមាណនាំចេញរបស់ខ្លួនជាបន្តបន្ទាប់ទៀត ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខារួចរាល់ជាមួយភាគីបី នឹងរំពឹងថា នឹងចូលធរមាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជំរុញ ដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀតជាពិសេសប្រទេសជាដៃគូកិច្ចព្រមព្រៀង ។ មិនតែប៉ុណ្ណោះនឹងនាំអ្នកវិនិយោគពីបណ្ដាប្រទេសទាំងចូលកម្ពុជាបន្ថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ