ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះផ្អាកទីតាំងខារ៉ាអូខេ « គោដុត រិទ្ធ វិទូ » បណ្តោះអាសន្នក្រោយបន្តបើកដំណើរការបំពានបម្រាមរបស់សាលារាជធានី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហាង​អង្គុយ​ផឹកស៊ី និង​មាន​ខារ៉ាអូខេ​មួយ​កន្លែង យីហោ « គោដុត រិ​ទ្ធ វិទូ »…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហាង​អង្គុយ​ផឹកស៊ី និង​មាន​ខារ៉ាអូខេ​មួយ​កន្លែង យីហោ « គោដុត រិ​ទ្ធ វិទូ » ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក មា សុភាព អភិបាលរង​ខណ្ឌ បាន​ចុះ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​ហាង​មួយ​នេះ​បាន​បើក​អោយ​ដំណើរការ​ខារ៉ាអូខេ ដែល​បំពាន​ដល់​បម្រាម​ណែនាំ​របស់​អាជ្ញាធរ និង​សាលា​រាជធានី​ភ្នំពេញ ។

ការ​ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន​ខាងលើ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ទីតាំង​ហាង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ច្រកចូល​ទៅ​កាន់​ទីលាន​ចាក់សម្រាម​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាជ្ញាធរ​បញ្ជាក់​ថា ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​លួចលាក់​បើក​ដំណើរការ​ខារ៉ាអូខេ​ដោយ​អនុញ្ញាតិ​អោយ​ភ្ញៀវ​ចូល​អង្គុយ​ផឹកស៊ី ក្នុង​បន្ទប់​ខារ៉ាអូខេ​រួច​មក កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​មាន​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​សង្កាត់​បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ​ឃើញ​ថា មានការ​ផឹកស៊ី​នៅ​ខាងក្នុង​បន្ទប់​ខារ៉ាអូខេ​ប្រាកដ​មែន ប៉ុន្តែ​មិន​មានការ​ចាក់​ភ្លេង ឬ​ច្រៀង​លេង​កម្សាន្ត​ឡើយ គ្រាន់តែ​មានការ​ជួបជុំ​ផឹកស៊ី​ពី​សំណាក់​ភ្ញៀវ និង​ដោយ​មាន​នារី​បម្រើ​ការ​ហាង​ជា​ច្រើន​នាក់ អង្គុយ​ផឹកស៊ី​កំដរ ។

ទោះជា​យ៉ាងណា ជា​លទ្ធិ​ផល​នៃ​ការ​ចុះ​ពិនិត្យ​ខាងលើ អាជ្ញាធរ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​បន្ទប់​ខារ៉ាអូខេ​ទាំងអស់ មិន​អោយ​ដំណើរការ​បន្ត​ទៀត​ឡើយ បើ​ទោះបីជា​មិន​មានការ​ចាក់​ភ្លេង ឬ​ច្រៀង​កម្សាន្ត​លេង​ក៏​ដោយ ព្រោះ​វា​ជា​កត្តា​បង្ក​អោយ​មានការ​ប្រមូលផ្តុំ​ចំនួន​មនុស្ស ហើយ​ប្រឈម​បន្ត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ​ខាងលើ គឺ​ចែក​ចេញ​ជា​២​ផ្នែក ដោយនៅ​ផ្នែក​ខាង​មុខ​ហាង​មាន​ជា​ការ​អង្គុយ​ផឹកស៊ី​លក្ខណៈ​ធម្មតា និង​មានការ​ចាក់​ភ្លេង​ស្តាប់​ផង​ដែរ ។ ហើយ​នៅ​ខាងក្រោយ​នៃ​ទីតាំង​ហាង គឺ​មាន​បន្ទប់​ខារ៉ាអូខេ​ជា​ច្រើន​បន្ទប់ ។
ហើយ​អ្វី​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន​នោះ គឺ​បិទ​តែ​ទីតាំង​បន្ទប់​ខារ៉ាអូខេ ដែល​នៅ​ខាងក្រោយ​ប៉ុណ្ណោះ ដោយឡែក​នៅ​ផ្នែក​ខាង​មុខ គឺ​បន្ត​អនុញ្ញាតិ​អោយ​មានការ​ទទួលភ្ញៀវ​ធម្មតា ប៉ុន្តែ​ត្រូវ​នៅ​បន្ត​គោរព​នូវ​វិធាន​សុខាភិបាល គឺ​មានការ​រៀប​តុ រក្សា​គម្លាត​សុវត្ថិភាព និង​មានការ​បាញ់​អាល់កុល ឬ​ម៉ាស៊ីន​វាស់​កម្តៅ ជាដើម ។

នៅ​ក្នុង​ការ​ចុះ​ផ្អាក​ខាងលើ​នេះ​មិន​មានការ​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​ឡើយ ដោយ​ក្រុម​អាជ្ញាធរ​បានអោយ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ក្នុង​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ហើយ​ត្រូវ​រង​ចាំ​សេចក្តីសម្រេច​ជា​ថ្មី ក្នុង​ការ​អនុញ្ញាតិ​អោយ​មានការ​បើក​ដំណើរការ​ឡើង​វិញ នៅ​ពេល​ក្រោយ​ផង​ដែរ នៅ​ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង​នៅ​បន្ត​បំពាន​លើ​កិច្ចសន្យា ឬ​សេចក្តីសម្រេច​ខាងលើ​នោះ ក្រុម​អាជ្ញាធរ​នឹង​មាន​វិធានការ​ច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ ។

គួរ​បញ្ជាក់​ថា ទីតាំង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ ខាងលើ​នេះ គឺ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​ទៅ​ហើយ អំពី​ការ​អោយ​ផ្អាក​ជា​បណ្តោះអាសន្ន នៅ​បន្ទប់​ខារ៉ាអូខេ ប៉ុន្តែ​ជាក់ស្តែង​ពេល​អាជ្ញាធរ​ចម្រុះ បើក​ការ​ចុះ​ពិនិត្យ បែរជា​ឃើញ​នៅ​តែ​បន្ត​មានការ​បើក ។

ហើយ​ការ​ល្មើស​សេចក្តីណែនាំ​របស់​អាជ្ញាធរ​នេះ ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែល សម្រាប់​ទីតាំង​ហាង​ផឹកស៊ី​មួយ​នេះ ពោល​ជា​ច្រើន​លើក ហើយ​អាជ្ញាធរ​ក៏​ចុះ​ផ្អាក​ជា​បន្តបន្ទាប់​ជា​ច្រើន​សារ​ផង​ដែរ តាំងពី​មានការ​ផ្ទុះ​នូវ​ជម្ងឺ​កូ​វី​ដ​១៩​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ