ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទអត្ថាធិប្បាយ៖ ឆ្លងច្រើន និងស្លាប់ច្រើន៖ ផ្លូវដ៏លំបាក ក្នុងការប្រឆាំងកូវីដ១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ កូវីដ១៩ ហាក់ដូចជាកាន់តែសាហាវ នៅក្នុងប្រទេសកម្ពុជា  បើទោះបីជាមានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់ជំងឺដ៏មហន្តរាយនេះក្តី។

កម្ពុជាដំបូងឡើយ បានបង្ហាញខ្លួន ជាប្រទេសដ៏ជោគជ័យខ្លាំង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ប៉ុន្តែក្រោយមក ជំងឺនេះបានកាន់តែសាហាវទៅៗ ហើយរាតត្បាតខ្លាំង ដោយធ្វើអោយកម្ពុជា ត្រូវប្រឈមមុខនឹងស្ថានភាពដ៏ធ្ងន់ធ្ងរ ដូចបណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក។

ស្ថានភាពកូវីដ១៩ ក្នុងខែកក្កដានេះ គឺធ្ងន់ធ្ងរ គួរអោយបារម្ភខ្លាំងមែនទែន នៅពេលដែលរបាយការណ៍បាន​បង្ហាញអោយឃើញនូវ​ចំនួនអ្នកឆ្លងជិតមួយពាន់នាក់ ជារៀងរាល់ថ្ងៃ និងស្លាប់ប្រមាណជាជាង ២០នាក់​ ជារៀងរាល់ថ្ងៃ។

ជាមួយនឹងចំនួនឆ្លងច្រើននេះ វាបានដាក់បន្ទុកធ្ងន់ធ្ងរដល់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ រហូតដល់ ក្រសួងសុខាភិបាល សម្រេចអោយមានការព្យាបាលនៅតាមផ្ទះ សម្រាប់ករណីកូវីដ១៩ ដែលមិនធ្ងន់ធ្ងរដោយមានគោលបំណង ទុកកន្លែងនៅមន្ទីរពេទ្យ សម្រាប់សង្គ្រោះជីវិតអ្នកជំងឺធ្ងន់ធ្ងរ។

ដូច្នេះ​គេពិបាកនឹងមើលឃើញថា កម្ពុជានឹងអាចឆ្លងផុតពីវិបត្តិកូវីដ១៩ នៅពេលឆាប់ៗ ខាងមុខនេះណាស់ បើសិនជាប្រជាជនទាំងអស់ មិនចូលរួមក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នឹងបន្តកើនឡើងទៀត ចំណែកចំនួនមនុស្សស្លាប់ នឹងបន្តមានតទៅទៀត។

រីឯសេដ្ឋកិច្ចកម្ពុជា នឹងពិបាកងើបឡើងវិញ ដូចមុនសម័យកូវីដ១៩។ ការរកស៊ី ការងារ នឹងនៅបន្តជួបបញ្ហា ដោយតម្រូវអោយអ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវមានដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធ​ភាព ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។

ប្រជាជនកម្ពុជាទាំងអស់ ត្រូវដាក់អោយស្ថិតនៅក្នុងស្ថានភាពលំបាកមួយ ដោយត្រូវរៀនរស់ជាមួយមេរោគ​ដ៏កាច​សាហាវនេះ។

ការរស់នៅប្រចាំថ្ងៃ ត្រូវតែស្អាត និងអនុវត្តន៍អោយបាននូវ​វិធានការ បីការពារ និងបីកុំ។ ចំណែកឯសកម្មភាពការងារ និងការរកស៊ី ត្រូវដំណើរការជាមួយភាពប្រយ័ត្នប្រយែង ក្នុងការឆ្លងមេរោគកូវីដ១៩នេះ។ ទន្ទឹមជាមួយគ្នានោះ គេក៏ត្រូវតែប្រើប្រាស់បច្ចេកវិទ្យា ឬប្រព័ន្ធ​អនឡាញ ដើម្បីបង្កើនសកម្មភាព ការងារ និងរកស៊ី ដើម្បីកុំអោយដួល ដោយសារតែកូវីដ១៩។

ការដេកចាំអោយកូវីដ១៩ ផុតរលត់ពីកម្ពុជា នៅក្នុងរយៈពេលដ៏ខ្លី គឺជាក្តីស្រមៃ ដែលនឹងពិបាកសម្រេចបាន។ មេរោគកូវីដ១៩ ទំនងជានឹងមិនផុតរលត់នៅពេលដ៏ខ្លីនោះទេ។

ខណៈដែលកម្ពុជា មានបំណងចាក់វ៉ាក់សាំងដល់មនុស្ស ១០លាននាក់ ត្រឹមខែវិច្ឆិកានោះ ការឆ្លងរាល ដាលមេរោគកូវីដ១៩ នឹងបន្តមានយ៉ាងហោចណាស់ រហូតដល់ខែវិច្ឆិកានោះដែរ​។ ទន្ទឹមពេលជាមួយគ្នានោះ ប្រជាជនកម្ពុជា ក៏មិនត្រូវគិត​ថា ការចាក់វ៉ាក់សាំង នឹងធ្វើអោយលែងមានការឆ្លងមេរោគកូវីដ១៩ នោះឡើយ​។

មនុស្សមួយចំនួន ត្រូវបានគេដឹងថា នៅតែឆ្លងមេរោគកូវីដ១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំង ហើយក្តី។ ចំណែក​ក្រសួងសុខាភិបាល ក៏ធ្លាប់ប្រាប់ហើយថា វ៉ាក់សាំងមិនអាច​ការពារមនុស្ស ១០០ភាគរយ​ ពីការឆ្លងមេរោគកូវីដ១៩ នេះឡើយ។

ដូច្នេះប្រជាជនកម្ពុជា ត្រូវតែប្រយ័ត្នខ្ពស់បំផុត ហើយត្រូវតែរៀនរស់ជាមួយនឹងមេរោគកូវីដ១៩ នេះ អោយបាន ដើម្បីធានាថា វាមានវត្តមាននៅកម្ពុជា ក៏ពិតមែន ប៉ុន្តែវានឹងមិនអាចបង្កព្យុះភ្លៀង ស្រេចចិត្ត ដោយធ្វើអោយមនុស្សឈឺ មនុស្សស្លាប់ និង​សេដ្ឋកិច្ចដួលរលំនោះឡើយ។

ការយល់ច្បាស់ថា មេរោគនេះ នឹងមិនងាយផុតរលត់ នឹងជួយមនុស្សគ្រប់គ្នា ​ចេះការពារខ្លួនកាន់​តែខ្លាំងដោយគ្មានវិនាទីណា ធ្វេសប្រហែស​ឡើយ។

នៅពេលដែលគ្រប់គ្នា អាចធ្វើបានមែននោះ ការប្រយុទ្ធ​ប្រឆាំងនឹងកូវីដ១៩ នឹងមិនពិបាក ដូចពេលនេះ ឡើយ ហើយយើងនឹងអាចយកឈ្នះលើមេរោគដ៏កំណាចនេះ៕