ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ​ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញនៅវិទ្យាល័យវាលរេញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្ដម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្ដម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​លោកស្រី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​, អភិបាលស្រុក​ព្រៃ​នប់ និង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ​ពិនិត្យ​មើល​ពី​ដំណើរការ​បង្រៀន រៀន និង​ការងារ​គ្រប់គ្រង​ប្រឡង​តេស្ត​តាម​ប្រព័ន្ធ​អន​ឡាញ ការ​បង្រៀន​តាម​ប្រព័ន្ធ​ពី​ចម្ងាយ រួម​មាន​ដូច​ជា Google Meet, Telegram, Messenger, E-school, Google Classroom និង​ការ​ប្រឡង​តេស្ត​តាម​រយៈ Google Form​។

លោក ងៀ​ម ស៊ី​ដា​រ៉ា នាយក​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការ​បង្រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ខាងលើ​នេះ សាលា​ក៏​មានការ​ប្រើប្រាស់​សន្លឹក​កិច្ចការ​តាម​បែប​ប្រពៃណី គឺ​ការ​បែងចែក លោកគ្រូ អ្នកគ្រូ​ចុះ​ទៅ​តាម​ភូមិ​/​ឃុំ​/​ស្រុក ដោយ​វេច​ខ្ចប់​សន្លឹក​កិច្ចការ​បញ្ជូន​ដល់​សិស្សានុសិស្ស​នៅ​តាម​ភូមិ​/​ឃុំ ធ្វើការ​ចែក​ជូន​ដល់​សិស្ស​ដែល​គ្មាន​ស្មា​ត​ហ្វូ​ន ពេល​ដែល​សិស្ស​ធ្វើ​កិច្ចការ​រួច​លោកគ្រូ អ្នកគ្រូ ទទួល​សន្លឹក​កិច្ចការ​ពី​សិស្ស​មក​សាលារៀន​វិញ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ម្យ៉ាងទៀត​សិស្ស​ដែល​នៅ​ជិត​សាលា អាច​មក​យក​សន្លឹក​កិច្ចការ​នៅ​សាលា​បាន ពេល​ធ្វើ​រួច​យក​មក​សាលា​វិញ នៅ​ពេល​ដែល​ប្រគល់​សន្លឹក​កិច្ចការ​ជូន​សាលា ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោកនាយក​បន្ត​ថា វិទ្យាល័យ ហ៊ុន សែន វាល​រេញ ស្ថិត​នៅ​តំបន់​ប្រជុំជន​វាល​រេញ បច្ចុប្បន្ន​មាន​គ្រូ​សរុប ៨៩​នាក់ ស្រី​២៥​នាក់ សិស្ស​សរុប​មាន​ចំនួន​សរុប ១,៧៥១ នាក់ ស្រី​៩១៨​នាក់ មាន​អគារសិក្សា ចំនួន​២​ខ្នង ស្មើនឹង ៦០​បន្ទប់ ផ្ទះ​គ្រូ​១​ខ្នង ផ្ទះ​សិស្ស​១​ខ្នង ស្មើ​និង ៤០​បន្ទប់ និង​ទីធ្លា​បាល់បោះ បាល់ទះ មាន​ផ្លូវ​បេតុង របង ខ្លោងទ្វារ​ខាង​មុខ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​នៅ​ឆ្នាំ​២០២០​នេះ វិទ្យាល័យ ហ៊ុន សែន វាល​រេញ បាន​ទទួល​អគារ​ធនធាន​១ សាងសង់​ដោយ ធនាគារ​អភិវឌ្ឍ​អាស៊ី ADB តាម​រយៈ​ក្រសួង​អប់រំ​។ លោក ងៀ​ម ស៊ី​ដា​រ៉ា បាន​បន្ថែម​ថា នៅ​ក្នុង​ឱកាស់​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​ឧបត្ថម្ភ ដល់​វិទ្យាល័យ​ថវិកា​១០​លាន​រៀល សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​សាលា​, ឧបត្ថម្ភ​ដល់​លោក​គ្រួ​អ្នក​គ្រួ​សរុប​៨៩​នាក់ ក្នុង​ម្នាក់​ៗ១០​ម៉ឺន​រៀល ដល់​លោកគ្រូ​កុំព្យូទ័រ​៣​នាក់ ក្នុង​ម្នាក់​១​លាន​រៀល និង​ដល់​អ្នក​អនាម័យ​ក្នុង​សាលា​២​នាក់ ម្នាក់​១០​ម៉ឺន​រៀល​ដែរ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​កោតសរសើរ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​រៀបចំ​កម្មវិធី​បង្រៀន​ងាយ​ៗ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស បាន​រៀនសូត្រ​ក្នុង​ដំណាក់​កាលដែល​សាលា​មិន​ទាន់​បាន​បើក​ដំណើរការ​ឡើង​វិញ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ កំពុង​តែ​រាតត្បាត​ជាស​កល​។ ទន្ទឹម​នឹង​ការ​ខិតខំ​របស់​លោកគ្រូ អ្នកគ្រូ ក្នុង​ការ​ជំរុញ និង​ការ​លើកទឹកចិត្ត ព្រមទាំង​តាមដាន​មើល​ការ​សិក្សា​ពី​សំណាក់​មាតាបិតា អាណាព្យាបាល ក៏​ជា​កត្ត​សំខាន់ មួយទៀត ដើម្បី​ជំរុញ​ការ​សិក្សា​របស់​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ​។ ឯកឧត្តម​ក៏​បាន​ស្នើ​ឱ្យ​លោកគ្រូ អ្នកគ្រូ ដែល​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​រួម​គ្នា​ជួយ​ជំរុញ​តាមដាន​គ្រប់​លទ្ធភាព និង​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ធនធាន​យុវជន​ឱ្យ​យ​បាន​ខ្លាំងក្លា ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ​ក្នុង​ការ​ផ្តល់​ចំណេះដឹង ជំនាញ​ប៉ិន​ប្រសប់ និង​ឥរិយាបថ​ថ្លៃថ្នូរ​សីលធម៌​ល្អ​ក្នុង​សង្គម​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ