ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ទាក់ទាញការវិនិយោគ កាត់បន្ថយការកកស្ទះ លើកកម្ពស់សោភ័ណភាពទីក្រុង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤…

រាជធានីភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជួនបញ្ជាក់ថា នឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើដល់ការដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិមួយទៅកាន់ផ្លូវជាតិមួយទៀត ដែលជាសរសៃឈាមគមនាគមន៍សំខាន់ៗរបស់កម្ពុជា ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានប្រកាសថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី ៣ នេះ សាងសង់រួចនឹងលែងឲ្យរថយន្តកុងតឺន័រ ឬរថយន្តធំៗចូលរាជធានីភ្នំពេញទៀតហើយ ។ ក្នុងន័យនេះលោកបានលើកទឹកចិត្តឲ្យថៅកែរោងចក្រ សហគ្រាសទាំងអស់ ពិចារណាយករោងចក្រ សហគ្រាស ឬឃ្លាំងរបស់ខ្លួនទៅដាក់នៅតាមបណ្តោយក្រវាត់ក្រុងទី ៣ នេះវិញ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ ។

ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវបានអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា នឹងបម្រើប្រយោជន៍ធំបំផុត គឺបញ្ចៀសចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលមានកំណើនពលរដ្ឋ និងយានជំនិះជារៀងរាល់ឆ្នាំ ។ នៅពេលផ្លូវនេះសាងសង់ហើយគេសង្ឃឹមថា នឹងលើកកម្ពស់សោភ័ណភាព របៀបរៀបរយការបើកបរក្នុងទីក្រុងឲ្យប្រសើរឡើងផងដែរ ។ លើសពីនេះ អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ផ្លូវក្រវាត់ក្រុងទី ៣ នេះ ជាមធ្យោបាយដឹកជញ្ជួនដ៏សំខាន់ដែលសម្រួលដល់ការវិនិយោគនៅកម្ពុជា ពិសេសការដឹកទំនិញចេញចូលរោងចក្រ សហគ្រាសទៅកាន់កំពង់ផែសមុទ្របានទាន់ពេលវេលា ចំណាយថវិកាកាន់តែតិច ។ ប្រការនេះក៏ជាផ្នែកសំខាន់សម្រាប់ទាក់ទាញអ្នកវិនិយោគឲ្យមករកស៊ីនៅភ្នំពេញបន្ថែមទៀត ។ 

ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ លើកំណាត់ផ្លូវនេះមានស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួនពីរផងដែរ ។ ម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ