ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ពិនិត្យស្ថានភាពតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្ដក្រុងបានលុង

5 ខែ មុន
  • រតនគិរី

 ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្ត អមដំណើរដោយ​អភិបាលរងខេត្តអភិបាលក្រុង និងចៅសង្កាត់ ពិនិត្យស្ថានភាព​តំបន់បិទខ្ទប់…

 ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្ត អមដំណើរដោយ​អភិបាលរងខេត្តអភិបាលក្រុង និងចៅសង្កាត់ ពិនិត្យស្ថានភាព​តំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្ដ​ក្រុងបានលុង ខេត្តរតនគិរី។

ការចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់នោះ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ហើយឯកឧត្តម បានធ្វើការកោត​សរសើរដល់កម្លាំងគណៈបញ្ជាការឯកភាពក្រុងទាំងអស់ ដែលបានសហការគ្នា បានល្អ ក្នុង​ការបិទខ្ទប់តំបន់នេះ បានទាន់ពេលវេលា ដើម្បីកាត់បន្ថយ និងកាត់ផ្ដាច់ការចម្លង កុំអោយរីករាលដាលកាន់តែច្រើនថែមទៀត។

 ឯកឧត្តម ក៏បានមានប្រសាសន៍ផ្ដាំផ្ញើអោយ​បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាព បរិភោគអោយបានគ្រប់គ្រាន់ សូមបន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ រួមមានលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតអោយបានត្រឹមត្រូវ បើមិនមានភារកិច្ចចាំបាច់កុំទាន់ចេញក្រៅផ្ទះ។

នៅក្នុងតំបន់មួយចំនួន នៃខេត្តរតនគិរី ត្រូវបានបិទជាបណ្ដោះអាសន្ន​ និងអនុវត្តវិធានការ ដោយកំណត់​ជាតំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដែលក្នុងនោះ តំបន់លឿងទុំ៖ ១/  សង្កាត់ឡាបានសៀក៖ ផ្សារបានលុង ផ្នែកខ្លះនៃភូមិថ្មី ភូមិអូរមៀត ភូមិអភិវឌ្ឍន៍ និងភូមិជ័យជំនះ។ ២/  សង្កាត់យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិជ្រី ៣/  សង្កាត់កាចាញ៖ ផ្នែកខ្លះនៃភូមិ៤។

ចំណែកតំបន់លឿង រួមមាន៖ ១/ ​សង្កាត់ឡាបានសៀក៖ ផ្នែកខ្លះនៃភូមិថ្មី ភូមិអូររមៀត និងភូមិជ័យជំនះ។ ២/ សង្កាត់​យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិឡាប៉ូ។ ៣/ សង្កាត់កាចាញ៖ ផ្នែកខ្លះ នៃភូមិ៤ ៤/ ​សង្កាត់បឹងកន្សែង៖ ផ្នែកខ្លះ នៃភូមិទេសអន្លុង ភុមិអូរកន្ដិល និងភូមិអូរកន្សែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានអញ្ជើញត្រួតពិនិត្យ​ទីតាំងដាក់អោយអាជីវករ លក់ដូរជាបណ្ដោះអាសន្ន នៅទីតាំង​មុខមន្ទីរវប្បធម៌ខេត្តរតនគិរីផងដែរ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ដ​ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតអោយបានត្រឹមត្រូវ ដើម្បីយើងទាំងអស់គ្នាឆាប់រួចផុតពីស្ថានការណ៍ដ៏លំបាកនេះ៕ ផង់ វិន​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture