ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ពួក​បញ្ញើក្អែក​…

8 ឆ្នាំ មុន

អ្នកកាសែត​សម័យនេះ​ កំពុង​ធ្វើ​ខ្លួនឯង​ឱ្យ​ក្លាយជា​អ្នកនាំពាក្យ ដោយ​ត្រឹមត្រូវ​ ពី​អ្នកដឹកនាំ​សង្គម​ទៅ​ប្រជាជន និង​ជា​អ្នកនាំពាក្យ​ពី​ប្រជាជន​ទៅ​ជូន​អ្នកដឹកនាំ​សង្គម ។
​បើ​ទោះបី​ការ​នាំពាក្យ​ទាំងឡាយ​នោះ​ឆ្ងាញ់​ក្តី ឬ​មិនសូវ​ឆ្ងាញ់​ក្តី

អ្នកកាសែត​សម័យនេះ​ កំពុង​ធ្វើ​ខ្លួនឯង​ឱ្យ​ក្លាយជា​អ្នកនាំពាក្យ ដោយ​ត្រឹមត្រូវ​ ពី​អ្នកដឹកនាំ​សង្គម​ទៅ​ប្រជាជន និង​ជា​អ្នកនាំពាក្យ​ពី​ប្រជាជន​ទៅ​ជូន​អ្នកដឹកនាំ​សង្គម ។
​បើ​ទោះបី​ការ​នាំពាក្យ​ទាំងឡាយ​នោះ​ឆ្ងាញ់​ក្តី ឬ​មិនសូវ​ឆ្ងាញ់​ក្តី ក៏​គួរតែ​ចាត់​ទុក​អ្នកកាសែត​ ជា​ភ្នែក​ជា​ច្រមុះ​…​ គួរ​ឱ្យ​កត់សម្គាល់ ឬ​គួរតែ​ស្រឡាញ់​រាប់អាន​ខ្លះ​ៗផង​…​។

អ្នកកាសែត​ខ្មែរ​ក៏​ដូច​ជា​អ្នកកាសែត​សេរី​នៅ​លើ​ពិភពលោក​ដែរ បានប្រើ​សេរីភាព​របស់​ខ្លួន​… ​និយាយ​ពិត និយាយ​ត្រង់​…​ ដែល​ផ្ទុយ​ពី​អ្នកកាសែត​ក្នុង​ប្រទេស​កុំ​មុ​យ​និ​ស្ត​ផ្តាច់​ការ ។

ពេល​ខ្លះ​ប្រើ​សេរីភាព និយាយ​បែប​មាត់​គ្មាន​គម្រប​ពេក​ទៅ​…​ ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​ខ្លះ​…​ ពិសេស​អ្នក​កាន់​អំណាច​តាម​អាណាចក្រ​ដែនដី​ខ្លះ​ ខឹង​ណាស់​…​ ខឹង​និយាយ​ត្រង់​ពេក​ទៅ​…​ បណ្តាល​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ពួក​គេ​…​ ។

មាន​ចៅហ្វាយខេត្ត​មួយ​នោះ​ ដៀល​អ្នកកាសែត​ នៅ​ខេត្ត​របស់​ខ្លួន​ថា ជា​ពួក​«​បញ្ញើក្អែក​» គឺ​គាត់​និយាយ​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​មេព្រៃ​ខេត្ត ។

ទស្សន​នានា​និយាយ​ថា មក​ពី​គាត់​ខឹង​អ្នកកាសែត​ និយាយ​ពី​បទល្មើស​ព្រៃឈើ​…​ គ្មាន​ទេវតា​ណា​ជួយ​ទប់​…​ មាន​តែ​បារមី​ទេវ​ប្រាក់​ប៉ុណ្ណោះ​ ដែល​មិន​អាច​ជួយ​ទប់​បាន ។

ទីបំផុត​ខេត្ត​មួយ​នោះ​ដែល​ពោរពេញទៅ​ដោយ ​«​រតនសម្បត្តិ​» ​ក្លាយជា​ «​វាលរហោឋាន​»​ ល្មម​ឱ្យ​ពួក​គេ​ដៀល​ថា មកពី​ពួក ​«​បញ្ញើក្អែក​» ​នេះឯង ​ដែល​នាំ​ភ្លើង
…​ និយាយ​ពិត​ពេក​…​ មិន​ចេះ​ជួយ​ទប់ជើង​គ្រែ​គ្នា​ផង​ទេ​…

ឱ ! អ្នកកាសែត​តាម​ខេត្ត​ទាំងឡាយ​អើយ​…​ ល្មម​ជួយ​ទប់​ជើង​គ្រែ​គាត់​ផង​… ​បើ​នៅ​តែ​វាយ​ឆ្នាំងបាយ​គាត់​បំបែក​ទៀត​… ​ពាក្យ​ថា «​បញ្ញើក្អែក​»​ វា​ស្ថិត​នៅ​ក្នុង​អារម្មណ៍ ដែល​សង្ស័យ​ នៅ​ជាប់​រហូត​ដល់​អវសាន​នៃ​ជីវិត​របស់​គាត់ ។

ប្រសិនបើ​នាំ​គ្នា​ជួយ​ទប់​ជើង​គ្រែ​…​ វា​លែង​មានឈ្មោះ​ថា ជា​អ្នកនាំពាក្យ​…​ ម្ល៉ោះហើយ​ទ្រាំ​ឱ្យ​គាត់​ហៅ​ឈ្មោះ​ថា ​ជា​ពួក​«​បញ្ញើក្អែក​» ទៅ​ចុះ​…​   ហេ ! ហេ !
                     អា​ឡេវ