រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០១ កក្កដា ២០២១នេះ បានបង្ហាញរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ឲ្យឃើញថា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។
សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញា CITES មានវត្តមាននៅក្នុងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ។
ខ្លាឃ្មុំធំ រស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា ។
ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ ។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើត នៅអាយុពី៤ ទៅ៥ឆ្នាំ ជាទូទៅ ធ្វើការបង្កាត់ពូជនៅអំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូន នៅអំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តង បានពី១ ទៅ២ក្បាល ។
សត្វខ្លាឃ្មុំ អាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ ។ សត្វខ្លាឃ្មុំ ទទួលរងការគម្រាមកំហែងពីកត្តាជាច្រើន ដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម ៕
ចែករំលែកព័តមាននេះ