រាជធានីភ្នំពេញ ៖ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នពេញបានឱ្យដឹងថា នាល្ងាចថ្ងៃពុធ ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី ក្រោយភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនួន១២ដើម និងបាក់មែកប្រមាណ២០ដើម នៅទូទាំងរាជធានីភ្នំពេញ ប៉ុន្តែភ្លាមៗនោះមន្ត្រីជំនាញបានកាត់សម្រួល ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានភ្លាមៗ។
ជាមួយគ្នានោះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយលោក សំ សាមុត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, មន្ទីរសារធារណការ និងមន្ត្រីក្រោមឱវាទរបស់មន្ទីរ ចុះអន្តរាគមន៍រួមមាន ៖ ១-សង្កាត់វត្តភ្នំ ដើមគគីរ ០៦ដើម មុខកាត់ ២០ស.ម និងដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០ស.ម នៅរង្វង់មូលវត្តភ្នំដែលបានរលំកាត់ទទឹងផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ បានសហការជាមួយមន្ទីរសារធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។
២-សង្កាត់ស្រះចក ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.០៥ម នៅគល់ស្ពានកម្ពុជាជប៉ុន និងដើមក្ងោក ០១ដើម មុខកាត់ ៤០ស.ម នៅផ្លូវជាតិលេខ៥ និងមែកគគីរយះមែកមួយមែក មុខកាត់២០សមនៅផ្លូវ៤៧។ ៣-សង្កាត់ផ្សារថ្មី៣ ដើមឥន្ទនេល បាក់មែក ០២ដើម មុខកាត់ ១៥ស.ម នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្ដម និងមែកត្របែកព្រៃ បាក់មែកមុខកាត់២០សម ចំនួន០១ដើម នៅផ្លូវលេខ៥៣។
៤-សង្កាត់ផ្សារចាស់ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សមនៅផ្លូវនរោត្ដម។ សរុប១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ចំពោះដើមឈើដែលដួលរលំហើយអាចដាំវិញបាន លោកអភិបាល បានចាត់ឲ្យមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ។ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសំរាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿន ជួយកាត់បន្ថយការជន់លិចដោយទឹកភ្លៀងផងដែរ៕ ដោយ ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ