ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​យក​សំណាក​ធ្វើតេស្ត​រហ័ស​លើ​កម្មករ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត…

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្តមណ្ឌលគិរី អមដំណើរ​ដោយ​លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត លោក ស៊ន សា​រុន នាយក​រដ្ឋបាល​សាលាខេត្ត លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ សាន គឹ​ម​អឿ​ន មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ណ​យ ច័​ន្ឌ ដា​រ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​វិជ្ជាជីវៈ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ចុះ​ទៅ​តំបន់​អូរ​ខ្វាវ ចំណុច​ព្រែក​ខ្លុង ស្ថិត​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ត្រួតពិនិត្យ និង​យក​សំណាក​ធ្វើតេស្ត​រហ័ស​លើ​កម្មករ​របស់​ក្រុមហ៊ុន រ៉ែ​មាស រ៉ឺ​នេស​ង់ មី​នើ​រ៉​ល ដែល​ជួប​ផ្ទាល់ និង​ជួប​ប្រយោល​ជាមួយ​ឈ្មោះ Kristt sanasuancma ជា​ជនជាតិ​ថៃ ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា ដើម្បី​សុខភាព និង​សុវត្ថិភាព​របស់​បងប្អូន​កម្មករ​ដែល​ឈរជើង​នៅ​ទីតាំង​ព្រែក​ខ្លុង ចំណុច​អូរ​ខ្វាវ បាន​ជួប​ផ្ទាល់ និង​ជួប​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​ថ្មី​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​គណៈកម្មការ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ដើម្បី​ចុះ​ធ្វើការ​ត្រួតពិនិត្យ ដោយ​យក​សំណាក​ធ្វើតេស្ត និង​ឧបករណ៍​តេស្ត​រហ័ស​។ ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ក្រោយ​ពី​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល បាន​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់ និង​អ្នក​អវិជ្ជមាន​ចំនួន​៣២​នាក់ ហើយ​ចំពោះ​អ្នករក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ មន្ត្រី​ជំនាញ​សុខាភិបាល​នឹង​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ចំពោះ​អ្នក​អវិជ្ជមាន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

បន្ទាប់​មក​ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ សូម​ទៅ​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឬ​ទីតាំង​ណាមួយ ដែល​ក្រុម​គ្រូពេទ្យ​បាន​កំណត់​។ នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ស្នើ​ដល់​នាយក​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល ត្រូវ​យកចិត្តទុកដាក់​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​កម្មករ ដើម្បី​ងាយស្រួល​ដល់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​ករណី​មាន​បញ្ហា​កើតឡើង​ពាក់​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ងាយស្រួល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បាន​ទាន់​ពេលវេលា​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ