កំពត រកឃើញអ្នកវិជ្ជមានកូវីដថ្មី ៦៥នាក់! សរុបកើនដល់ ១៣៥០នាក់ ជាសះស្បើយ ៨២៦នាក់ និងស្លាប់ ១៣នាក់
- កំពត
ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសពីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ៦៥នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះ ភាគច្រើន ជាកម្មកររោងចក្រកាត់ដេរ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត ក៏បានប្រកាសពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៧៦នាក់ ដែលភាគច្រើន ជាកម្មករធ្វើការនៅរោងចក្រស្បែកជើង ក្រុមហ៊ុនពូចិនកណ្ដាលទួល ស្ថិតនៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងខេត្តកំពត រកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ គឺនៅក្នុងស្រុកកំពង់ត្រាច ជាប់ព្រំដែនវៀតណាម ខណៈដែលកាស៊ីណូ បីកន្លែងផ្សេងៗ កំពុងបិទខ្ទប់ ដោយឲ្យបុគ្គលិកទាំងអស់ សម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ក្នុងកាស៊ីណូ ជាប់ព្រំដែនវៀតណាមទាំងនោះ។
រដ្ឋបាលខេត្តកំពត បានប្រកាសថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១៣៥០នាក់។ ក្នុងនោះ កំពុងសម្រាកព្យាបាល ៥១១នាក់ ជាសះស្បើយ ៨២៦នាក់ និងស្លាប់ ចំនួន ១៣នាក់៕








ចែករំលែកព័តមាននេះ