ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​មិន​បាន​ខ្ពស់​ក៏​អាច​ក្លាយជា​អ្នកជំនួញ​បាន​ដែរ

10 ឆ្នាំ មុន

ការ​សម្រេចចិត្ត​បោះ​ជំហាន​ប្រឡូក​ក្នុង​វិស័យ​ជំនួញ គឺ​ត្រូវ​ហ៊ាន​ទទួលយក​នូវ​បញ្ហា និង​មានការ​ជឿជាក់​ខ្លួនឯង​ថា បញ្ហា​ទាំងនេះ ត្រូវ​តែ​មាន​ដំណោះស្រាយ ឬ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា ។ ទន្ទឹម​នឹង​នេះ អាជីវកម្ម​មួយ​ដែល​ជោគជ័យ មិនមែន​កើតឡើង​ដោយសារ​សំណាង ឬ​ភាព​ចៃដន្យ​នោះ​ទេ តែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល​បញ្ហា​ដែល​កើន​មាននៅ​ក្នុង​ជំនួញ និង​មាន​កត្តារួម​ផ្សំ​ផ្សេង​ៗ​ទៀត ។ 

ដើម្បី​ស្វែង​យល់​អំពី​ជីវិត​ក្នុង​ជំនួញ​របស់​បុគ្គល​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច (KB) របស់​កោះសន្ដិភាព​តែងតែ​លើកយក​នូវ​ប្រធានបទ​អំពី «​ជីវិត និង​ជំនួញ » មក​ផ្សាយ​ជូន​នូវ​រៀងរាល់ថ្ងៃ​អង្គារ ដើម្បី​ជា​ផ្លូវ​ត្រួសត្រាយ និង​ជា​ពុទ្ធិ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជា​អ្នកជំនួញ ។

ជាក់ស្តែង​ថ្ងៃនេះ យើង​[​កោះសន្ដិភាព​]​សូម​លើកយក​ពី​ជីវិត​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់តែ​រកស៊ី​ក្នុង​ម្លប់ បែរជា​ងាក​មក​ចាប់​ជំនួញ​ហាលថ្ងៃ​ហាលខ្យល់​ទៅ​វិញ ។ តើក​ត្ដា​អ្វីខ្លះ​ដែល​អ្នកស្រី​សម្រេចចិត្ត​បែប​នេះ ?

អ្នកស្រី តាំង ហួរ ជា​អតីត​ម្ចាស់​ហាង​ម៉ាស្សា និង​ស្ប៉ា​អម្រឹត ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អម្រឹត (Amatak Property Service Co., Ltd) និង​ជា​អ្នក​រកស៊ី​ទិញ​-​លក់​ដីធ្លី​ក្នុងស្រុក បាន​រៀបរាប់​ពី​ហេតុផល​ក្នុង​ការ​ផ្លាស់​ប្តូរ​ការងារ​ក្នុង​ម្លប់ ហើយ​មក​ប្រកប​របរ​ដើរ​ហាលថ្ងៃ ហាលខ្យល់ ដោយសារ​អ្នកស្រី​រក​ឃើញ​នូវ​អាជីព​ដែល​ស្រប​តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​ជំនួញ​នេះ​កំពុង​ត្រូវប៉ាន់ និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​អាជីវកម្ម​ម៉ាស្សា និង​ស្ប៉ា ។

ស្ត្រី​អ្នកជំនួញ​ដែល​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ បាន​អង្គុយ​រៀបរាប់​ថា អ្នកស្រី​កើត​នៅ​រាជធានី​ភ្នំពេញ ជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន​៦​នាក់ ។ អ្នកស្រី​ជា​កូនកំព្រា​ឪពុក និង​រស់នៅ​ជាមួយ​ម្តាយ​តាំងពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ ។ ទោះបីជា​បែប​យ៉ាងណា អ្នកស្រី​នៅ​មាន​អ្នក​ម្តាយ​ដែល​មានចិត្ត​សន្តោស​ប្រណី និង​មាន​សេចក្តី​កា្ល​ហាន​ជា​ជំហរ​គ្រួសារ ក្នុង​ការ​រែកពុន ចិញ្ចឹម​កូន​ទាំងអស់​ក្នុង​បន្ទុក​តែ​ម្នាក់ឯង ។

អ្នកស្រី​និយាយ​ក្នុង​ទឹកមុខ​ញញឹម និង​រាក់ទាក់​ថា ៖ « ខ្ញុំ​រស់នៅ​ក្នុង​ជីវភាព​លំបាក​ជាមួយ​ម្តាយ​មេម៉ាយ ហើយ​ទទួល​បានការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ ។ ហេតុតែ​គ្រួសារ​ក្រ ខ្ញុំ​រៀន​មិន​បាន​ចប់​ចុង​ចប់​ដើម​ទេ ។ យាយ​ខ្ញុំ​ប្រាប់​ថា ឈប់​រៀន​ទៅ ! ចៅ​ឯង​គេច​មិន​ផុត​ពី​ធ្វើ​ប្រពន្ធ​គេ​ទេ ហើយ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ចង្ក្រាន​ដែរ​» ។

អ្នកស្រី​បន្ត​ថា ៖ «​ទោះបីជា​ខ្ញុំ​មិន​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា ខ្ញុំ​មានសំណាង​ព្រោះ​មាន​ក្មេង​ៗ​ដទៃ​ទៀត​ដែល​លំបាក​ជាង​ខ្ញុំ និង​ខ្លះ​ទៀត​មិន​ទទួល​បានការ​អប់រំ​ស្មើនឹង​ខ្ញុំ​ផង​» ។

ក្រោយមក អ្នកស្រី​បាន​ទៅ​រស់នៅ​ប្រទេស​វៀតណាម​មួយ​រយៈ​ជាមួយ​ក្រុម​គ្រួសារ ដោយ​ប្រកប​របរ​ទួល​នំចំណី និង​ម្ហូប​លក់​តាម​ផ្លូវ និង​នៅ​តាម​ភូមិ​វៀតណាម ។
ក្នុង​ឆ្នាំ​១៩៩២ អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ក្នុង​វ័យ​១៧​ឆ្នាំ ដើម្បី​ធ្វើការ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ដោយ​ទទួល​បាន​ប្រាក់ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ប៉ុ​ណ្ណោះ ។
ដោយហេតុ​ថា មានការ​ជឿជាក់​លើ​ខ្លួនឯង និង​មើលឃើញ​ថា ប្រាក់ខែ​ដែល​ទទួល​បាន​មិន​អាច​ទប់ទល់​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ បាន អ្នកស្រី​ក៏​សម្រេចចិត្ត​បបួល​មិត្តភក្តិ​ម្នាក់​មក​បើកហាង​គុយទាវ​តូច​មួយ ប៉ុន្តែ​ហាង​នោះ​ដំណើរការ​បាន​មួយ​រយៈ​ប៉ុណ្ណោះ ក៏​ត្រូវ​បិទទ្វារ​វិញ ព្រោះតែ​ខាតដើម​ខាតចុង​ក្នុង​ការ​រកស៊ី​ក្មេងខ្ចី​នេះ ។

ដោយ​សន្សំ​បាន​ប្រាក់​កាស​បន្តិចបន្តួច និង​ទឹកចិត្ត​ទទូច​ចង់់​បានការ​សិក្សា​ដូច​ក្មេង​ដទៃ​នោះ អ្នកស្រី​ក៏​បន្ត​រៀន​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ដោយ​លួចលាក់​ពី​ក្រុម​គ្រួសារ ។ ក្រោយមក​អ្នកស្រី​បាន​ដាក់​ពាក្យ​ធ្វើ​ការងារ​ខាង​ផ្នែក​សុខភាព និង​សម្រស់ ដោយ​ធ្វើ​ជា​អ្នកលក់​ផលិតផល និង​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ចាប់ពី​ឆ្នាំ​២០០២ រហូត​ដល់​ឆ្នាំ​២០០៦ ។

ដោយសារ​ចំណេះដឹង និង​ជំនាញ​កាន់តែ​មានការ​រីក​ចម្រើន អ្នកស្រី​ក៏​បាន​ផ្លាស់​ប្តូរ​ការងារ​ទៅ​ធ្វើការ​ក្នុង​សណ្ឋាគារ​សាន់​វ៉េ​វិញ និង​ក្លាយជា​អ្នកគ្រប់គ្រង​ផ្នែក​ម៉ាស្សា និង​ស្ប៉ា​នៅ​ឆ្នាំ​២០០៧​។

បន្ទាប់​ពី​មើលឃើញ​ថា ខ្លួន​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​សម​ល្មម​ហើយ និង​សន្សំ​បាន​ប្រាក់​កាស​មួយ​ចំនួន អ្នកស្រី​បាន​សម្រេចចិត្ត​បើកហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា Amatak Beauty Spa នៅ​ចុងឆ្នាំ​២០០៧ ។ ហាង​ម៉ាស្សា​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ អ្នកស្រី​ក៏​ធ្លាប់​ទៅ​ដាក់​បង្ហាញ​ផលិតផល និង​សេវា កម្ម​នៅ  ឯ​ប្រទេស​ជប៉ុន​យ៉ាង​ជោគជ័យ​ថែម​ទៀត ។

ដំណើរការ​ហាង​ម៉ាស្សា និង​ស្ប៉ា​បាន​ប្រមាណ​ជា​៦​ឆ្នាំ អ្នកស្រី​ក៏​សម្រេចចិត្ត​លក់​ហាង​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង ហើយ​មក​ធ្វើ​ការងារ​ឲ្យ​គេ​ក្នុង​លក្ខខណ្ឌ​ឯករាជ្យ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ។ 

អ្នកស្រី​បាន​លក់​ហាង​ម៉ាស្សា និង​ស្ប៉ា មក​ធ្វើ​ជា​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​សម្រាប់​ក្រុមហ៊ុន CPL (Cambodia Properties Limited) ដើម្បី​ឲ្យ​មានការ​ជ្រួតជ្រាប​ក្នុង​វិស័យ​នេះ​កាន់តែ​ច្បាស់​អស់​រយៈពេល​៦​ខែ ។

ក្រោយមក នៅ​ដើមឆ្នាំ​២០១៥ អ្នកស្រី​បាន​សម្រេចចិត្ត​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ដោយ​ខ្លួនឯង ឈ្មោះ​ថា Amatak Property Service Co., Ltd ដែល​មាន​បុគ្គលិក​ទាំងអស់​ចំនួន​៥​នាក់ និង​ភ្នាក់ងារ​ទិញ​-​លក់​៩​នាក់​ទៀត ។

អ្នកស្រី​បន្ត​ថា ៖ «​ក្រុមហ៊ុន​ខ្ញុំ​បើក​ដោយ​ឯករាជ្យ គឺ​គ្មាន​ការ​ចូល​ហ៊ុន​ជាមួយ​អ្នក​ណា​ទេ​។ ការ​ពិត ពី​មុន​មក​ខ្ញុំ​ធ្លាប់​មានគំនិត​ថា បើក​ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​ដែរ ដោយសារ​ខ្ញុំ​យល់​ឃើញ​ថា បើ​យើង​ចង់​ទទួល​បាន​ជោគជ័យ ទាល់តែ​យើង​រួម​កម្លាំង​គ្នា​។ ប៉ុន្តែ​វា​ហាក់​មានការ​លំបាក​បន្តិច ព្រោះ​គេ​បាន​ត្រឹមតែ​ចង់ បាន​ត្រឹមតែ​និយាយ ប៉ុ​ន្តែ​គេ​មិន​ធ្វើ​ទេ ។ សម្រាប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ថា​ធ្វើ​ហើយ​នោះ ខ្ញុំ​នឹង​ធ្វើ​វា ។ ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ដោយ​ខ្លួនឯង​តែ​ម្តង ដោយ​ចាប់ផ្តើម​ពី​តូច​ទៅ​សិន ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​ស្រមៃ​ដើម្បី​ពង្រីង​ឲ្យ​ធំ​ទៀត​» ។

មុន​នឹង​ប្រឡូក​ចូល​វិស័យ​អចលនទ្រព្យ អ្នកស្រី​មិន​ត្រឹម​បាន​ធ្វើការ​ខាង​លក់​ទិញ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន CPL ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ និង​ការ​គ្រប់គ្រង​ទឹកប្រាក់​ជាដើម​។ ជាង​នេះ​ទៀត បទ​ពិសោធន៍​នៃ​ការ​រកស៊ី​កំប៉ិកកំប៉ុក​និង​អាជីវកម្ម​សុខភាព ព្រមទាំង​សម្រស់​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ភាព​ជឿជាក់​លើ​ជំនួញ​ថ្មី​នេះ​យ៉ាង​ក្រៃ​លែង ។

អ្នកស្រី​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​មាន​មិត្តភក្តិ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ផ្នែក​អចល​ន្យ​ទ្រព្យ ។ គាត់​បាន​ជួយ​ជា​យោបល់​ដល់​ខ្ញុំ​ថា គួរ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ និង​មិន​គួរ​មាន​បុគ្គលិក​ច្រើន​ទេ ហើយ​ធ្វើ​ការងារ​បែប​សហការ​វិញ ព្រោះ​ខ្មែរ​យើង​ចូល​ចិត្ត​រកស៊ី​បែប​ប្រជែង​គ្នា ឲ្យ​តែ​ឃើញ​បើក ឬ​ធ្វើ​អ្វីមួយ គឺ​គាត់​ចាប់ផ្តើម​បើក​តាម​គេ​ដែរ​ហើយ​។ ប៉ុ​ន្តែ​សម្រាប់​ស្រុក​គេ​វិញ គេ​មិន​ចង់​មាន​គូប្រជែង​ទេ ប៉ុន្តែ​គេ​ត្រូវការ​អ្នក​សហការ​។ នៅ​ពេល​ខ្ញុំ​ដើរ​តាម​សហការ​នេះ ខ្ញុំ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ជំនួញ ។ ការ​បង្កើត​ក្រុមហ៊ុន វា​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​អ្វី​ដែល​លំបាក​នោះ គឺ​ការ​គ្រប់គ្រង និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​» ។

អ្នកស្រី​បញ្ជាក់​ថា ៖ «​យើង​ត្រូវ​តែ​ពូកែ​ខាង​លក់ ព្រោះ​ជំនួញ​អ្វី​ក៏​ដោយ​បាន​ផ្តោត​លើ​ការ​លក់ បើ​គ្មាន​ការ​លក់ គឺ​គ្មាន​ចំណូល​ទេ មិន​ថា​ការ​គ្រប់គ្រង​នោះ​ខ្លាំង​ប៉ុណ្ណា ទោះ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង​ប៉ុណ្ណា ទោះ​ការិយាល័យ​ស្អាត ឬ​ធំ​តូច​យ៉ាងណា​ក៏​ដោយ បើ​ការ​លក់​មិន​បាន​ល្អ វា​នឹង​មាន​បញ្ហា​ដល់​ចំណូល​» ។

អ្នកស្រី​បន្ត​ថា ៖ «​យើង​មិន​អាច​ឃើញ​គេ​ធ្វើ​ជំនួញ​ហើយ​ទទួល​បាន​ជោគជ័យ យើង​ធ្វើ​តាម​គេ​ដោយ​មិន​បាន​ត្រៀមខ្លួន​នោះ​ទេ ។ មុន​នឹង​បើក​ក្រុមហ៊ុន​នេះ ខ្ញុំ​មាន​បទ​ពិសោធន៍​បើក​អាជីវកម្ម​ស្ប៉ា​រួច​មក​ហើយ ។ ខ្ញុំ​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​អចលនទ្រព្យ Cash Flow ។ ឲ្យ​តែ​មាន​វី​ដេ​អូ​យូ​ធូប​ទាក់ទង​នឹង​ជំនួញ ខ្ញុំ​តែងតែ​ចំណាយ​ពេល​រៀន​តាម​គេ​ជា​និច្ច ។ ការ​រៀនសូត្រ​បែប​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់ និង​មាន​បណ្តាញ​ស្រាប់​ផង​នោះ ខ្ញុំ​ជឿជាក់​ថា នឹង​ទទួល​បាន​ជោគ​ជ័យ» ។

អ្នកស្រី​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​ស្ត្រី​ទាំងឡាយ​ឲ្យ​មាន​ភាព​ក្លាហាន និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​សម្រេច​នូវ​អ្វី​ដែល​ជា​បំណងប្រាថ្នា និង​ជម្នះ​រាល់​គ្រប់​ឧបសគ្គ​ក្នុង​ជីវិត​របស់​ខ្លួន ជា​ពិសេស ត្រូវ​ព្យាយាម​ក្រេបជញ្ជក់​ចំណេះដឹង និង​ហ្វឹកហាត់​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​សម្រាប់​ការងារ និង​អាជីវកម្ម ដើម្បី​ចៀសវាង​ការ​រស់នៅ​ក្រោម​គំនាប ។

អ្នកស្រី​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា ស្ត្រី​ខ្មែរ​យើង​មួយ​ចំនួន​មានការ​អៀនខ្មាស​ច្រើន ដូច​ជា គាត់​មិន​ហ៊ាន​ចូល​ក្នុង​ចំណោម​មនុស្ស​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​ធ្លាប់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ ។ ប៉ុន្តែ​សូម​មើល​ថា​ពិភពលោក​ផ្លាស់​ប្តូរ​យ៉ាងណា​ហើយ សម័យនេះ បើ​យើង​យឺត​ដៃ យឺត​ជើង យើង​តាម​មិន​ទាន់​គេ ទេ ។

ទោះបីជា​ស្ត្រី​មេផ្ទះ ក៏​នៅ​តែ​ជួប​បញ្ហា ហើយ​បើ​នៅ​តែ​ផ្ទះ​ជួប​បញ្ហា​ទៀត វា​មិន​ចេះ​អត់​ទេ បុ​៉​ន្តែ​បើ​យើង​អង្គុយតែ​ខ្លាច​បញ្ហា​ចូល​មក​ដល់​នោះ យើង​នឹង​គ្មាន​ថ្ងៃ​បោះ​ជំហាន​ទៅ​មុខ​រួច​ទេ ។ បញ្ហា​តែងតែ​កើតឡើង បើ​យើង​ជួប​បញ្ហា យើង​ត្រូវ​ចេះ​ដោះស្រាយ​វា​ដើម្បី​ឱ្យ​មានការ​រីក​ចម្រើន​» ៕