ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី និង​កុមារ​នៅ​ឆ្នាំ​២០០៩, មានការ​កើតឡើង​ចំនួន​៣២២​ករណី

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រំលោភ​បំពាន ផ្លូវភេទ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ថា ជា​បទ ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ ដែល​ក្នុង​នោះ​ជន​ដែល​បាន ប្រព្រឹត្ដ និង​សហចារី​អាច​ប្រឈម​នឹង​ការ​ដាក់ ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ផង​ដែរ ។ តើ​ការ​រំលោភ​បំពាន​ផ្លូវភេទ​នៅ កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​មានការ​ប្រែប្រួល​យ៉ាងណា​ដែរ ។

រាជធានី​ភ្នំពេញ ៖ ការ​រំលោភ​បំពាន ផ្លូវភេទ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ថា ជា​បទ ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ ដែល​ក្នុង​នោះ​ជន​ដែល​បាន ប្រព្រឹត្ដ និង​សហចារី​អាច​ប្រឈម​នឹង​ការ​ដាក់ ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ផង​ដែរ ។ តើ​ការ​រំលោភ​បំពាន​ផ្លូវភេទ​នៅ កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​មានការ​ប្រែប្រួល​យ៉ាងណា​ដែរ ។

គណៈកម្មាធិការ​អ៊ិ​ក​ផាត​កម្ពុជា​បាន បង្ហាញ​តួលេខ​ករណី​រំលោភ​សេពសន្ថវៈ ការ ជួញដូរ​ផ្លូវភេទ និង​អំពើ​អាស​ពី​បណ្ដា​សារព័ត៌ មាន​ក្នុងស្រុក​ចំនួន​៥​មាន កោះសន្ដិភាព រស្មី កម្ពុជា កម្ពុជា​ថ្មី ឌឹ​ឃេ​ម​បូ​ឌា​ដេ​លី និង​ភ្នំពេញ ប៉ុស្ដិ៍​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០០៩ មាន​ករណី រំលោភ​សេពសន្ថវៈ​ចំនួន​៣២២​ករណី ។ តួ លេខ​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០០៨(២៦៨​ករណី ស្មើនឹង​១៦,៧៧%) និង​ឆ្នាំ​២០០៧ (៣០១ ករណី​ស្មើនឹង​៦,៥២%)​។

ក្នុង​៣២២​ករណី នេះ​បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ​៣៣៧​នាក់ ក្នុង​នោះ​២០២​នាក់​ជា​កុមារី និង​២​នាក់​ជា កុមា​រា ។ ភាគច្រើន​បំផុត​នៃ​ជន​រង​គ្រោះជាជនជាតិ​ខ្មែរ តែ​ក៏​មាន​ជនជាតិ​ខ្មែរ​មូ​ស្ល៉ី​ម វៀតណាម និង​អូស្ដ្រាលី​ផង​ដែរ ។

គួរ​កត់ សំគាល់ថាករណី​រំលោភ​បូក​បាន​កើនឡើង២៩​ករណី ដែល​ក្នុង​នោះ​មាន​ជនល្មើស​ពី​២ទៅ​៧​នាក់​ក្នុង​មួយ​ករណី​ៗ និង​មាន​ជន​រងគ្រោះ​៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សំលាប់ បន្ទាប់​ពី​ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​ហើយ​។

អ៊ិ​ក​ផាត​កម្ពុជា​បាន​បន្ដ​ថា ករណី​រំលោភសេពសន្ថវៈ​ទាំងនេះ​បាន​ប្រព្រឹត្ដ​ដោយ​ជនល្មើស​ចំនួន​៣៨១​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា ស្ដ្រី​ដែល​ក្រៅពី​ជនជាតិ​ខ្មែរ​ក៏​មាន​ជនជាតិ​ខ្មែរ អ៊ីស្លា​ម ថៃ វៀតណាម និង​កូរ៉េ​ផង​ដែរ ។ ៣១៧​នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន​២៣៥​ករណី ខណៈ​ដែល​៤៧​នាក់​បាន រត់គេច​ខ្លួន និង​២​នាក់​ផ្សេង​ទៀត​មិន​ត្រូវ​បាន ឃាត់ខ្លួន។

ក្នុង​ចំណោម​ករណី​ទាំងអស់​មាន ៦៦​ករណី​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត បន្ថែម​របស់​អាជ្ញាធរ​មូលដ្ឋាន ២​ករណី​ជនល្មើស​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ និង​១ ករណី​បាន​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ។ មាន​៦​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រាយ ការណ៍​ថា បាន​បើក​សវនាការ​កាត់ទោស ដែល​ក្នុង​នោះ​ជនល្មើស​ត្រូវ​បាន​សំរេច​ដាក់ ពន្ធនាគារ​ពី​៣​ឆ្នាំ​ដល់​១៦​ឆ្នាំ និង​សងជំងឺចិត្ដ ទៅ​ជន​រង​គ្រោះ ឬ​ក្រុម​គ្រួសារ​ពី​១.០០០ ដុល្លារ​ទៅ​២.៥០០​ដុល្លារ ។

បើ​សង្កេត​ពីទំនាក់ទំនង​រវាង​ជនល្មើស និង​ជន​រង​គ្រោះជា អនីតិជន​វិញ​ឃើញ​ថា មាន​កុមារ​១៤៣​នាក់ ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​ដោយ​អ្នក​ភូមិ ផង​របង​ជាមួយ ឬ​អ្នក​ស្គាល់គ្នា​២៧​នាក់ ដោយ​ឪពុក​បង្កើត ឪពុកចុង ឬ​ឪពុកចិញ្ចឹម ១៦​នាក់ ដោយ​សាច់ញាតិ​ផ្សេង​ៗ​ទៀត​របស់ ពួក​គេ និង​២​នាក់​ដោយ​គ្រូបង្រៀន ។

ខេត្ដ​-​រាជធានី​ដែល​កើត​មាន​ករណី​ទាំង នោះ​ច្រើន​ជាងគេ​រួម​មាន​ខេត្ដបាត់ដំបង​មាន ៦១​ករណី​រាជធានី​ភ្នំពេញ​៤២​ករណី ខេត្ដកណ្ដាល​៣០​ករណី ខេត្ដបន្ទាយមានជ័យ​២៦ ករណី ខេត្ដពោធិ៍សាត់​២៥​ករណី ខេត្ដ​កំពង់ចាម​២៤​ករណី ខេត្ដកំពង់ស្ពឺ និង​ខេត្ដតាកែវ មាន​១៧​ករណី​ដូច​គ្នា ។

មាន​កត្ដា​មួយ​ចំនួន ដែល​មើលឃើញ​ថា ជា​កត្ដា​ជំរុញ​ឱ្យ​មានករណី​ទាំង​ទាំងនេះ​កើតឡើង រួម​មានឱកាស ផ្ដល់​ចំពោះ​ជនល្មើស ដោយ​ជន​រង​គ្រោះ​ស្ថិត នៅ​តែ​ម្នាក់ឯង​ឬ​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​ជាមួយ​ជនល្មើស​ដើរ​ចេញ​ក្រៅ ឬ​ទៅ​ចូលរួម​ពិធី​អ្វីមួយ​នៅ​ពេល​យប់ និង​ជន​រង​គ្រោះ កំពុង​គេង ឬ​កំពុង​ងូតទឹក រួម​ទាំង​កត្ដា​មួយចំនួន​ទៀត​ដូច​ជា​ជនល្មើស​ស្ថិត​ក្នុង​ភាព​ស្រវឹង​ជោកជាំជនល្មើស​បាន​រៀប​ផែនការ​ជា​មុន ឬ​បាន​មើល​រឿង​អាសអាភាស​ជា​ប្រចាំ ។

តាម​រយៈ​តួលេខ​ខាងលើឃើញ​ថា ការអនុវត្ដ​ច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ​នៅ​មាន​កំរិត​គួរ​ឱ្យកត់សំគាល់​ដោយសារ​និទណ្ឌភាព​ចំពោះ​ជន ល្មើស​នៅ​តែ​មាន រួម​ផ្សំ​នឹង​ការ​ផ្សព្វផ្សាយច្បាប់​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មិន​ទាន់ បាន​ទូលំទូលាយ​នៅឡើយ រួម​ផ្សំ​នឹង​ទំនុកចិត្ដ និង​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ​ផ្ទាល់ និង​អាណាព្យាបាល​ផង​ដែរ ។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ ក៏​មាន​កើតករណី​ជួញដូរ​ផ្លូវភេទ​៧​ករណី (១៧​ករណី ឆ្នាំ​២០០៨ និង​១៦​ករណី ឆ្នាំ​២០០៧)  ត្រូវបាន​រាយការណ៍​ដែល​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​១១​នាក់ ក្នុង​នោះ​៧​នាក់​ជា​អនីតិជន និង​ម្នាក់​ជា​ជនជាតិ​វៀតណាម ។ ករណី​ទាំងនេះ​មាន​ពាក់ព័ន្ធ​នឹង​ជនល្មើស​១៥​នាក់ ដែល៣​នាក់​ជា​ស្ដ្រី ២​នាក់​ជា​ជនជាតិ​កូរ៉េ និង​ម្នាក់ជា​ជនជាតិ​ចិន​។

ជនល្មើស​ម្នាក់​គឺជា​មិត្ដភក្ដិ របស់​ជន​រង​គ្រោះឯ​ម្នាក់​ទៀត​គឺ​អ្នក​ស្គាល់គ្នា ។ ១៣​នាក់​ក្នុង​ចំណោម​ជនល្មើស​ទាំង អស់​ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​បំពេញ​សំណុំរឿង​ទៅ​តុលាការ​បាន​៥​ករណី ម្នាក់​បាន​គេចខ្លួន ខណៈ​ដែល​២​ករណី​ផ្សេង​ទៀត​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​បន្ថែម​របស់​អាជ្ញាធរ មូលដ្ឋាន ។

ផ្លូវ​នៃ​ការ​ជួញដូរ​ករណី​ទាំងនោះ មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខេត្ដ​បាត់ដំបង ក្នុង​ខេត្ដ​ប៉ៃលិន និង​ពី​ខេត្ដតាកែវ​ទៅខេត្ដបន្ទាយមានជ័យ។

មិន​មាន​ករណី​ណាមួយ​ក្នុង​ចំណោម​ករណី​ខាងលើ​ត្រូវ​បាន​រាយការណ៍​ថា មានដំណើរ​ការ​ជំនុំ​ជំ​រះ​ទោស​នៅឡើយ​ទេ ។

ក្នុង​ឆ្នាំ​២០០៩​នោះ​ដែរ ក៏​មាន​អំពើ​អាស១៨​ករណី​ដែល​បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ ២៤​នាក់ ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងអស់មាន​តែ​ម្នាក់​គត់​ជា​នីតិជន ៤​នាក់​ផ្សេង​ទៀត ជា​កុមា​រា និង​ម្នាក់​ជា​ជនជាតិ​វៀតណាម ។

អំពើ​ទាំងនេះ​បង្ក​ឡើង​ដោយ​ជនល្មើស​១៨នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៤​នាក់ បារាំង ៣​នាក់ កា​ណា​ដា​២​នាក់ អា​មេ​រិ​ក​២​នាក់ អង់ គ្លេ​សម្នាក់ ស្វ៉ី​សម្នាក់ ថៃ​ម្នាក់ ដា​ណឺ​ម៉ាក​ម្នាក់ អ៊ី​ស្រា​អែ​ល​ម្នាក់ និង​ក្រិ​ចម្នាក់ ។ ជនល្មើស ភាគច្រើន​ជា​អ្នកទេសចរ តែ​ក៏​មាន​គ្រូ បង្រៀន​ភាសា និង​សង្ឃ​បរទេស​ផង​ដែរ ។ ១៧​នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន និង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង ម្នាក់​បាន​រត់គេច​ខ្លួន ។

មាន​៣​ករណី​ដែល តុលាការ​បាន​លើក​មក​ជំនុំ​ជំ​រះ ជនល្មើស​ត្រូវ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​សងជំងឺចិត្ដ​ទៅ​ជន​រង​គ្រោះ​ពី​១.០០០ ដុល្លារ​ទៅ​២.៥០០​ដុល្លារ ។ ករណី​ទាំងនេះ បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​៩​ករណី ខេត្ដសៀមរាប ខេត្ដ​ព្រះ​សីហ​នុ និង​ខេត្ដ បន្ទាយ​មាន​ជ័យ​២​ករណី​ដូច​គ្នា ខេត្ដបាត់ដំបង ខេត្ដកណ្ដាល និង​ខេត្ដកោះកុង​មួយ​ករណី​ដូច គ្នា ។

គណៈកម្មាធិការ​អ៊ិ​ក​ផាត​កម្ពុជា​សង្កេតឃើញ​ថា ការ​រំលោភ​បំពាន​ផ្លូវភេទ​នៅ​កម្ពុជា នៅ​តែ​កើតឡើង​ក្នុង​កំរិត​មួយ​ខ្ពស់​គួរ​ឱ្យ បារម្ភ ខណៈ​ដែល​ភាគច្រើន​នៃ​ជន​រង​គ្រោះជា អនីតិជន ជា​ពិសេស​ការ​រំលោភ​សេពសន្ថវៈ​។ ករណី​ដែល​បាន​លើក​មក​ជំនុំ​ជំ​រះ​មាន​តិចតួច ដែល​ទំនងជា​មានការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ តុលាការ ។

គណៈកម្មាធិការ​អ៊ិ​ក​ផាត​កម្ពុជា រួម​ទាំង​អង្គការ​ជា​សមាជិក​របស់​ខ្លួន​បាន អំពាវនាវ​ដល់​បណ្ដា​ស្ថាប័ន​អនុវត្ដ​ច្បាប់ ជា​ពិសេស​មន្ដ្រី​ប៉ូលិស និង​តុលាការ​ឱ្យ​ពង្រឹង ការ​អនុវត្ដ​ច្បាប់​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ ភាព​។ ការ​អប់រំ​ផ្សាយ​ពី​ច្បាប់ និង​ប្រធានបទ​ពាក់ព័ន្ធ​គួរតែ​ធ្វើ​ឱ្យ​បាន​ទូលំទូលាយ ។

ដោយឡែក អាណាព្យាបាល​គួរតែ​លើកកំពស់​ការ​ប្រុង​ប្រយ័ត្ន និង​យកចិត្ដទុកដាក់ទៅ​លើ​កូនចៅ​របស់​ខ្លួន ជា​ពិសេស​កុមារ និង​ក្រុម​ងាយ​រង​គ្រោះ​ផ្ទាល់​មិន​ត្រូវ​ស្ថិត​នៅ តែ​ម្នាក់ឯង​ទេ ទោះជា​ក្នុង​ករណី​ណា​ក៏​ដោយ ។