ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ងាយ​រង​គ្រោះ​2.670​គ្រួសារ​ទទួល​អំណោយ​កាកបាទក្រហម

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ទី​ទ័លក្រ សរុប​ចំនួន​២.៦៧០​គ្រួសារ​មក​ពី​តាម​បណ្តា​ស្រុក​ទាំង​១៣​ក្នុង​ខេត្តព្រៃវែង ត្រូវ​បាន​កាកបាទក្រហម​សាខា​ខេត្តព្រៃវែង ធ្វើ​ពិធី​ចែក​អំណោយ​មនុស្សធម៌ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត និង​ការ​លំបាក​របស់​ពួក​គាត់ ។

ខេត្តព្រៃវែង ៖ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ទី​ទ័លក្រ សរុប​ចំនួន​២.៦៧០​គ្រួសារ​មក​ពី​តាម​បណ្តា​ស្រុក​ទាំង​១៣​ក្នុង​ខេត្តព្រៃវែង ត្រូវ​បាន​កាកបាទក្រហម​សាខា​ខេត្តព្រៃវែង ធ្វើ​ពិធី​ចែក​អំណោយ​មនុស្សធម៌ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត និង​ការ​លំបាក​របស់​ពួក​គាត់ ។

ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៨​វិច្ឆិកា ២០១៥ នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តព្រៃវែង ក្រោម​អធិបតីភាព​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​​ចូលរួម​ពី​សំណាក់​អស់លោក លោក​ជំទាវ ដែល​ជា​សមាជិក សមាជិកា នៃ​កាកបាទក្រហមកម្ពុជា និង​មន្ត្រីរាជការ​នៅ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ ។

សម្រាប់​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​គ្រួសារ​ងាយ​រង​គ្រោះ​ទាំងអស់​នា​ពេល​នោះ គឺជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​ផង និង​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ មុង​១ ភួយ​១ ក្រមា​១ សារុង​១ ក្រណាត់​ស​១​ដុំ និង​ថវិកា​២​ម៉ឺន​រៀល​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​អំណោយ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​បញ្ជាក់​ថា អំណោយ​ដែល​កាកបាទក្រហម​កម្ពុជា ចែក​ជូន​នា​ពេល​នេះ គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ មិន​អាច​ផ្គត់ផ្គង់​ឱ្យ​គ្រប់​តម្រូវការ​របស់​បងប្អូន​បាន​យូរអង្វែង​នោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ចែករំលែក​នូវ​ការ​ខ្វះខាត និង​ការ​លំបាក​របស់​បងប្អូន​បាន​មួយ​គ្រា​ដែរ ។ អំណោយ​ទាំង​អស់នេះ​គឺ​បាន​មក​ពី​ការ​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អស់លោក លោក​ជំទាវ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ផ្តល់​ជូន​មក​កាកបាទ​ក្រហមកម្ពុជា សម្រាប់​ជួយ​ឧបត្ថម្ភ ដល់​បងប្អូន​ដែល​ទីទ័ល​ក្រ និង​កំពុង​ជួប​ការ​លំបាក​ដូច​ជា​បងប្អូន​ទាំងអស់​ដែល​នៅ​ទី​នេះ​។

មាន​មតិ​សំណេះសំណាល​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ដែល​បាន​និង​កំពុង​កើតឡើង និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​សង្គម​របស់​យើង ដូច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ ធ្វើ​ឱ្យ​មាន​អ្នក​រងគ្រោះថ្នាក់​រហូត​ដល់​ស្លាប់ និង​របួស​ជា​រៀងរាល់ថ្ងៃ ។

ជាមួយ​គ្នា​នេះ​បញ្ហា​ថ្នាំ​ញៀន​ក៏​ជា​បញ្ហា​សំខាន់​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ផង​ដែរ ។ ដូច្នេះ​ទើប​សម្តេច​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ សូម​យកចិត្តទុកដាក់​មើលថែ​ទាំ​កូនចៅ​ឱ្យ​បាន​ល្អ​ឱ្យ​ពួក​គេ​រស់នៅ​ឱ្យ​ឆ្ងាយ​ពី​ថ្នាំ​ញៀន ហើយ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ៕