កណ្តាល៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានគ្នា ៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និងអ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់ ៦នាក់ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា៣៧២ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាម លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល។
បន្ទាប់ពីចោទប្រកាន់ នៅល្ងាចថ្ងៃទី២២មិថុនានេះ ជនត្រូវចោទទាំង ៦នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញ រង់ចាំព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ទើបបញ្ជូនមកតុលាការម្តងទៀត ដើម្បីអោយលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និងអ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់ ៦នាក់ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងទារប្រាក់» ពីអ្នកលក់កាហ្វេមួយកន្លែង តែមានលួចលាក់បើកល្បែងស៊ីសង ជល់មាន់តាមអនឡាញ។
ទន្ទឹមនេះ ម្ចាស់ល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកតុលាការជាមួយគ្នាផងដែរ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះ គឺបន្ទាប់ពីទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ក្រុមជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ច ថ្លែងថា ជនសង្ស័យប្រុសស្រីចំនួន ៦នាក់ រួមមាន ៖ ១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS ២.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប។ ដោយឡែក ម្ចាស់ហាងកាហ្វេ ដែលបើកល្បែងស៊ីសង មិនត្រូវបានគេប្រាប់ឈ្មោះឡើយ។
ករណីនេះ គេចាំមើល តើអ្នកសារព័ត៌មានទាំង ៥នាក់ និងម្ចាស់ហាងកាហ្វេ ត្រូវបានតុលាការសម្រេចឃុំខ្លួនទាំងអស់គ្នា ឬក៏ឃុំតែអ្នកសារព័ត៌មាន ហើយម្ចាស់ហាងកាហ្វេរួចខ្លួន?៕ ឆដា
ចែករំលែកព័តមាននេះ