ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​សាំ​ហាន់ ផ្ទុះ​ការ​តវ៉ា​ទ​ទួ​ច​សុំ​ឱ្យ​បើក​ដំណើរការ​ផ្សារ​ឡើង​វិញ និង​ផ្អាក​យក​ឈ្មួ​ល​តូប

2 ឆ្នាំ មុន
  • ភ្នំពេញ

អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ ប្រមាណ​៥០​នាក់​តំណាង​ឱ្យ​រាប់រយ​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​គ្នា ដើម្បី​ទ​ទួ​ច​ស្នើ​សុំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ បើក​ដំណើរការ​ផ្សារ​លក់ដូរ​ឡើង​វិញ ព្រោះ​ពួក​គាត់​ម្នាក់​ៗ​ស្ទើរតែ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ ប្រមាណ​៥០​នាក់​តំណាង​ឱ្យ​រាប់រយ​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​គ្នា ដើម្បី​ទ​ទួ​ច​ស្នើ​សុំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ បើក​ដំណើរការ​ផ្សារ​លក់ដូរ​ឡើង​វិញ ព្រោះ​ពួក​គាត់​ម្នាក់​ៗ​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ ។​ទន្ទឹម​នោះ​ដែរ ក្រុម​អាជីវករ​ក៏​បាន​ស្នើ​សុំ​អោយ​ថៅកែ​ផ្សារ​ផ្អាក​យក​លុយ​ថ្លៃ​តូប ខណៈ​ពេល​ផ្សារ​មិន​ទាន់​ដំណើរ​នោះ​។ ការ​តវ៉ា​នេះ បាន​ផ្ទុះ​ឡើងជា​ថ្មី កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ពួក​គាត់​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​ផ្សារ​សាំ​ហាន់ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​អាជីវករ​បាន​រៀបរាប់​អោយ​ដឹង​ថា ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​នេះ បាន​ផ្អាក​ដំណើរ​ប្រមាណ​ជាង​២​ខែ​មក​ហើយ បន្ទាប់​ពី​មេរោគ​កូ​វី​ដ​១៩ បាន​រីក​រាលដាល ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ សម្រេច​បិទ​ផ្សារ​ជា​បណ្តោះអាសន្ន ។ មួយ​រយៈពេល​នេះ ស្ថានភាព​កូ​វី​ដ​១៩ វា​បាន​ធូរស្បើយ​ឡើង​វិញ ហើយ​ផ្សារ​រដ្ឋ​នានា​ក៏​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ពេញ បើក​ដំណើរការ​ឡើង​វិញ​ដែរ ។ ពិសេស​ទៀត ផ្សារ​មិន​រៀបរយ​នៅ​តាម​ដងផ្លូវ​ខាងលិច​ផ្សារ​សាំ​ហាន់​, និង​ខាង​មុខ ក៏​បាន​បើក​លក់​វិញ និង​ម្យ៉ាងទៀត​រោងចក្រ​នៅ​ទល់មុខ​នោះ ក៏​បាន​បើក​ដំណើរការ​ឡើង​វិញ​។

ដោយឡែក ពួក​គាត់​ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាំ​ហាន់ ដែល​ជាទី​តាំង​មាន​ផ្លូវ​ធំ​ទូលាយ និង​តូប​លក់ដូរ មាន​របៀបរៀបរយ​ល្អ ជាង​ផ្សារ​រដ្ឋ​មួយ​ចំនួន​ផង ពុំ​ត្រូវ​បាន​អាជ្ញាធរ​បើក​អោយ​លក់ដូរ​បែប​នេះ​ទៅ​វិញ ។

អាជីវករ​ក៏​បាន​និយាយ​ត្អូញត្អែរ​ថា មួយ​រយៈពេល​កន្លង​នេះ ពួក​គាត់​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ លំបាក​វេទនា​និយាយ​មិន​ចេញ ខ្លះ​ស្ទើរតែ​អត់បាយ​ហូប ណាមួយ​លុយ​បង់​ធនាគា​, លុយ​បង់ថ្លៃ​ផ្ទះ​ជួល និង​លុយ​បង់ថ្លៃ​តូប ដែល​បិទ​ផ្សារ​មិន​បាន​លក់ដូរ ហើយ​ត្រូវ​ថៅកែ​ផ្សារ​ទារ​អោយ​បង់​៥០​ភាគរយ​ទៀត ។ ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​គ្រូ​សារ​ធ្លាក់​ចុះ ណាមួយ​ឃើញ​ផ្សារ​រដ្ឋ​មួយ​ចំនួន រោងចក្រ បាន​ដំណើរការ​ឡើង​វិញ ទើប​ពួក​គាត់​ស្នើ​សុំ​ដល់​អាជ្ញាធរ មេត្តា​ជួយ​សម្រួល​បើក​ផ្សារ​សាំ​ហាន់​នេះ បាន​លក់ដូរ រកស៊ី ឡើង​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ត​ទៅ​ទៀត​។

អាជីវករ ក៏​បានអោយ​ដឹង​ទៀត​ថា បើសិនជា​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទាន់​បើក​ដំណើរការ​ផ្សារ​នេះ​ឡើង​វិញ​ដោយ​យល់​ថា ស្ថាន​ភាព​កូ​វី​ដ​១៩ មិន​អំណោយផល អាជ្ញាធរ​គួរ​ជួយ​អន្តរាគមន៍ ដើម្បី​អោយ​ថៅកែ​ផ្សារ កុំ​យក​ថ្លៃ​ឈ្មួ​ល​តូប​មួយ​រយៈ​នៅ​ពេល​ដែល​ផ្សារ​កំពុង​តែ​បិទទ្វារ​។ ដោយសារ​តែ តម្រូវការ​ជីវភាព​ប្រមាណ​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ពួក​គាត់​ប្រមាណ​ជាង​៤០០​នាក់ ក្នុង​ចំណោម​ប្រមាណ​ជាង​១​ពាន់​តូប ក៏​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ តែ​បាត់​ដំណឹង​រហូត ហើយ​ចេះ​តែ​សន្យា​រង់ចាំ​រហូត​មក ទើប​​ពួក​គាត់​មក​ជួប​ប្រមូលផ្តុំ តែ​ប្រកាន់​យក​នូវ​គម្លាត​សុវត្ថិភាព ដើម្បី​ស្នើ​សុំ​ដល់​រដ្ឋបាល​មេត្តា​ដោះស្រាយ​ដោយ​ក្តី​អនុគ្រោះ ។

គួរ​បញ្ជាក់​ថា ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌឫស្សីកែវ ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ហើយ​បន្ត​រហូត​ដល់​ពេល​នេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ