ខេត្តប៉ៃលិន៖ បុរសម្នាក់ បានមរណភាព ដោយសារជំងឺទឹកនោមផ្អែមប្រភេទទី២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩។ បុរសរូបនេះ មានទីលំនៅ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តប៉ៃលិន(ស.ស.យ.ក.ខេត្ត) និងចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក នាំយកស្បៀងអាហារ និងថវិកាមួយចំនួនធំ ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព។
លោកអភិបាលរងខេត្ត បាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តប៉ៃលិន ជូនគ្រួសារសព។
ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងក្នុងនាមលោកស្រីអភិបាលខេត្តផ្ទាល់ យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុកដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយ គ្រួសារនៃសព លោកទូច សារ៉ែន ដែលបានមរណភាពដោយសារជំងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩។ ដំណឹងដ៏រន្ធត់ និងក្រៀមក្រំ ជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយគ្រួសារនៃសព ដែលបានបាត់បង់ប្ដី ឪពុកបងប្អូនជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ។ ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថាប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកនឹងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយបួងសួង ជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោក ទូច សារ៉ែន សូមបានទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។
លោក ឃ្លោក នួយ បានបញ្ជាក់ថា នេះជាករណីទី២ហើយ សម្រាប់ខេត្តប៉ៃលិន ដែលមានអ្នកមរណភាព ដោយសារជំងឺកូវីដ ១៩។
លោកស្រី សំរិទ្ធ កល្យាណ ជាភរិយាលោក ទូច សារ៉ែន បានរៀបរាប់ទាំងទឹកភ្នែកពីការឆ្លងកាត់នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះជាជំងឺគ្មានស្រមោល ដែលកាចសាហាវណាស់ សូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមការពារខ្លួន អោយបានខ្ជាប់ខ្ជួន កុំអោយដូចគ្រួសារនាងខ្ញុំ។
ជាងនេះទៀត លោកស្រី បានថ្លែងអំណរគុណលោកស្រី បាន ស្រីមុំ ដែលជានិច្ចជាកាល លោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្នុងការការពារជម្ងឺ កូវីដ១៩។
ស្បៀងអាហារ ដែលប្រគល់ជូនក្រុមគ្រួសារសព នាពេលនេះ រួមមាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៣យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១យួ និងថវិកា ១០០០០០០ (មួយលានរៀល)ផងដែរ៕ នីយ៉ា




ចែករំលែកព័តមាននេះ