រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នករកស៊ីកាណូតទេសចរណ៍ដឹកអ្នកដំណើរ២ក្រុមប្រចាំនៅមាត់ច្រាំងទន្លេ មុខផ្សាររាត្រី ដោយសារតែការរកស៊ីកាច់កុងគ្នា រហូតបង្កជាជម្លោះហិ.ង្សាវាយគ្នាទៅវិញទៅមក បែកមុខ បែកមាត់ ហើយឈានដល់បើកកាណូតដេញបុកគ្នាផ្អើលពេញកណ្ដាលទន្លេទាំងកណ្តាលរាត្រី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅមាត់ច្រាំងទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពពីអ្នកដឹងហេតុការណ៍ច្បាស់សុំមិនប្រាប់ឈ្មោះ បាននិយាយប្រាប់ដំណើររឿងឱ្យដឹងថា រឿងនេះ គឺផ្តើមចេញពីរឿងរកស៊ីរបរដូចគ្នា នឹងកាច់កុងគ្នាជាយូរមកហើយ ដោយឡែកកាណូតទេសចរណ៍របស់បុរសទាំងពីរនាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះគ្មានឈ្មោះយីហោនោះទេ ហើយភាគីម្ខាងទៀតមានកាណូតឈ្មោះ ណារិន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាណូតដែលអត់មានឈ្មោះយីហោ បានបើកមកចតនៅមាត់ច្រាំងទន្លេ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីអង្គុយលេងនៅលើសួនមាត់ទន្លេចាំហៅភ្ញៀវជិះកំសាន្ត ស្រាប់តែកាណូតទេសចរណ៍របស់ឈ្មោះ ណារិន បានមកឈប់នៅក្បែរនោះដែរ ហើយក៏បានរករឿងឈ្លោះប្រកែកគ្នាជាមួយបុរសទាំង២នាក់នោះ និងបានហៅគ្នីគ្នាដែលរកស៊ីបើកកាណូតដូចគ្នាមកវាយពួកគាត់២នាក់មុន បណ្តាលឲ្យរងរបួសបែកមុខ បែកមាត់ រួចក៏នាំគ្នាបើកកាណូតរត់គេចខ្លួនទៅចតនៅច្រាំងទន្លេសណ្ឋាគារសុខា ស្ថិតនៅខណ្ឌជ្រោយចង្វារតែម្តង ។
ប្រភពដដែលបន្តទៀតថា ដោយសារបែបនេះ ក៏ធ្វើឲ្យក្រុមកាណូតដែលអត់មានយីហោបានហៅគ្នីគ្នាបើកកាណូតមកជួយ និងបើកកាណូតទៅដេញវាយក្រុមកាណូតយីហោ ណារិន វិញ រហូតដល់កណ្តាលទន្លេធ្វើឲ្យកាណូតយីហោ ណារិន ភ័យក៏បានបើកកាណូតទៅត្រើយម្ខាងមាត់ច្រាំងទន្លេសណ្ឋាគារសុខា ហើយរត់ឡើងគោក រួចក៏រត់ចូលក្នុងហាង យីហោ «អយស្ទ័រសមុទ្រខ្មែរ» ដើម្បីអោយគេជួយ តែត្រូវភាគីខាងម្ខាងទៀតបានសម្រុកចូលទៅវាយដល់ក្នុងហាង បណ្តាលឱ្យរងរបួសបែកមុខ បែកមាត់ដូចគ្នា ធ្វើឲ្យភ្ញៀវក្នុងហាង «អយស្ទ័រសមុទ្រខ្មែរ» ភ័យស្លន់ស្លោរត់ចេញអស់ និងវាយខូចខាតសម្ភារៈចានកែវ តុ កៅអី ក្នុងហាងមួយចំនួនរងការខូចខាតតែម្តង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបង្កហិង្សារួច ភាគីម្ចាស់កាណូតទាំងសងខាងបាននាំគ្នារត់ចែកជើងគ្នាឡើងកាណូតបើករត់មកច្រាំងទន្លេ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញវិញ តែក៏ត្រូវម្ចាស់ហាងអយស្ទ័រ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ឃាត់បានកាណូតជាច្រើនគ្រឿង និងអ្នករបួសជាច្រើននាក់ នាំទៅកាន់ប៉ុស្តិ៍នគរបាលជ័យជំនះដើម្បីសួរនាំ ។
ក្រោយពេលកើតហេតុ អ្នករកស៊ីកាណូតទេសចរណ៍ទាំង២ក្រុម បានអះអាងថា ខ្លួនជាជនរងគ្រោះដូចៗគ្នា និងបានដាក់ពាក្យបណ្តឹងប្តឹងផ្តល់គ្នាទៅវិញទៅមក ហើយទាំងសងខាងក៏សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីចាត់ការតាមច្បាប់ផងដែរ ។ ចំណែកម្ចាស់ហាង «អយស្ទ័រសមុទ្រខ្មែរ» វិញ ក៏បានមកដាក់ពាក្យបណ្ដឹង ប្តឹងអ្នករកស៊ីកាណូតទេសចរណ៍ទាំង២ក្រុមនោះ ទាមទារសំណងនៃការខូចខាតសម្ភារៈក្នុងហាងរបស់គាត់វិញ។
ក្រោយកើតហេតុ ដោយសារតែភាគីទាំងសងខាងសុទ្ធតែរងរបួសដូចគ្នា សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងទាំងសងខាង រួចហើយឲ្យអ្នករងរបួសទៅព្យាបាលរបួសសិន៕
ចែករំលែកព័តមាននេះ