ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាការៈញ័រដៃ ញ័រដើមទ្រូង ឬនិយាយមិនចេញនៅចំពោះមុខរឿងសំខាន់ៗ ដូចជាការសម្ភាសការងារ ឬការឡើងធ្វើបទបង្ហាញ គឺជាប្រតិកម្មធម្មជាតិរបស់រាងកាយនៅពេលជួបស្ថានភាពតានតឹង។
ដើម្បីគ្រប់គ្រងអារម្មណ៍ភ័យបារម្ភទាំងនេះឱ្យបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី អ្នកអាចអនុវត្តតិចនិក «ដកដង្ហើមតាមបែបប្រអប់» ដោយដកដង្ហើមចូល ៤ វិនាទី ទប់ដង្ហើម ៤ វិនាទី ដកដង្ហើមចេញ ៤ វិនាទី និងផ្អាក ៤ វិនាទី រួចធ្វើបែបនេះឡើងវិញឱ្យបាន ៣ ដង ដើម្បីបញ្ជូនសញ្ញាឱ្យប្រព័ន្ធប្រសាទវិលមកសភាពស្ងប់ស្ងាត់វិញ។ ទន្ទឹមនឹងនេះ ការព្យាយាមបន្ធូរសាច់ដុំដែលកំពុងកន្ត្រាក់ ដោយការក្ដាប់ដៃឱ្យណែនរួចលែងវិញយឺតៗ ក៏ជួយឱ្យរាងកាយមានអារម្មណ៍ថាមានសុវត្ថិភាព និងកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។
ក្រៅពីការគ្រប់គ្រងរាងកាយ ការផ្លាស់ប្តូរផ្នត់គំនិតក៏ជារឿងសំខាន់ ដោយអ្នកគួរផ្ដោតទៅលើ «ការចង់ចែករំលែករឿងល្អៗទៅកាន់អ្នកស្ដាប់» ជាជាងការបារម្ភខ្លាច «និយាយខុស»។ ដើម្បីឱ្យកាន់តែមានទំនុកចិត្ត អ្នកគួរហាត់សមទុកជាមុន ចៀសវាងការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្ពស់មុនពេលឡើងវេទិកា ព្រោះវាធ្វើឱ្យបេះដូងកាន់តែលោតញាប់ និងគួរក្រេបទឹកបន្តិចដើម្បីឱ្យសម្លេងចេញមកបានល្អ។
ចូរចងចាំថា ភាពភ័យអរគឺជាសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងផ្ដល់តម្លៃដល់រឿងនោះ ដូច្នេះគ្រាន់តែគ្រប់គ្រងដង្ហើម និងប្ដូរមុំគិតបន្តិច អ្នកនឹងអាចប្រែក្លាយភាពភ័យបារម្ភឱ្យទៅជាថាមពលវិជ្ជមានបានក្នុងរយៈពេលមិនដល់ ៣ នាទីឡើយ៕
ចែករំលែកព័តមាននេះ