ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ នៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម​ផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ការជួបជុំ និងការប្រមូល​ផ្តុំ​មនុស្សជាលក្ខណៈ​ឯកជន រយៈពេល…

ភ្នំពេញ៖ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ នៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម​ផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ការជួបជុំ និងការប្រមូល​ផ្តុំ​មនុស្សជាលក្ខណៈ​ឯកជន រយៈពេល ១៤ថ្ងៃ ឡើងវិញហើយ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០មិថុនា​ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១​។

សេចក្តីសម្រេចចុងក្រោយនេះ ​បានផ្អាក​ជាបណ្តោះអាសន្ន ​ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមាន​ហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាល​វិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀន ដែលធ្វើការបណ្តុះបណ្តាល​តាមប្រព័ន្ធអនឡាញ។ អាជីវកម្ម​ក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ។ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា។ អាជីវកម្មម៉ាស្សា។ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់​ប្រាណ និង មជ្ឈមណ្ឌលកី ឡា។

សេចក្តីសម្រេចដដែល ក៏បានលើកឡើងថា ក្នុងអំឡុង​ពេល​នៃការដាក់ចេញវិធានការរដ្ឋបាល​ ត្រូវបានផ្អាក​ជាបណ្តោះអាសន្ន​​ការជួបជុំ ឬការប្រមូល​ផ្តុំមនុស្សជាលក្ខណៈ​ឯកជន ដែលមានលក្ខណៈកកកុញ មិន​ឲ្យលើសពី ១៥នាក់ លើកលែងតែចំពោះ​ករណី៖ ការជួបជុំ​ក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់ នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនា​ផ្សេងៗ។ ការរៀបចំ​ពិធីបុណ្យសព ដោយគោរពតាម​ការកំណត់របស់អាជ្ញាធរ​មានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសព ទៅវិភាគ រកមេរោគកូវីដ១៩ ដោយទទួល​បានលទ្ធផល​អវិជ្ជមាន​។ ការជួបជុំ​របស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំ​មនុស្ស​ និងការជួបជុំ​របស់បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការយកវត្ថុ​សំណាក​មកវិភាគរក​មេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​។ ការជួបជុំរបស់បុគ្គលិក​សុខាភិបាល ដែលបំពេញ ការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។ ការជួបជុំ​របស់អាជ្ញាធរ​មានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការ​ឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់​ ក្នុងការបំពេញការងារ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ។ ការជួបជុំ​មនុស្ស​ ក្នុងអំឡុង​ពេលនៃកិច្ច​នីតិវិធី​របស់មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​របស់សាលា​ជម្រះក្តី។ ការជួបជុំ​មនុស្ស ដែលមានភាព​ចាំបាច់​សម្រាប់​បម្រើផលប្រយោជន៍​សាធារណៈ ឬក្នុងគោលបំណង​ផ្សេងទៀត តាមការកំណត់​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​។ ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បីបំពេញការងារ​បម្រើ​ឲ្យសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម​ ដែលមិន​ត្រូវបានហាមឃាត់ ​ដូចក្នុងប្រការ២ នៃសេចក្តីសម្រេចនេះ​។

វិធានការរដ្ឋបាលជាថ្មី ដែល​អ្នក​ភ្នំពេញ បានស្គាល់​រួចមកហើយ​ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២១ ​ហើយ​បន្តរហូតដល់ពាក់កណ្តាល​​ខែឧសភា ឆ្នាំ២០២១ ក៏ដោយសារតែ​ចំនួន​អ្នកឆ្លងកូវីដ ហាក់ដូចជា កម្រើកឡើងវិញ​ ស្របពេលដែល​ប្រជាពលរដ្ឋយើងមួយចំនួន ហាក់ដូចជា ភ្លេចខ្លួន​នឹង​វិធានការ​ការពារកូវីដ​។ នោះគឺ​បើទោះបីជាមួយ​ថ្ងៃៗ កម្ពុជានៅតែបន្តឆ្លង​ដោយស្ងាត់​ៗនូវកូវីដ១៩ ពិសេសនៅភ្នំពេញ រាប់រយនាក់​ និងស្លាប់​មិនក្រោម ១០នាក់ឡើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ តែ​មួយចំនួន ហាក់ដូចជាលែង​ខ្លាច និងមើលស្រាល​កូវីដ ថែមទៀតផង​។

របាយការណ៍របស់​ក្រសួង​សុខាភិបាល ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា​ បង្ហាញថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី មានចំនួន ៦៥៩​នាក់ ជាសះស្បើយ ៦២១​នាក់ និង​ស្លាប់ ១៧​នាក់ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​។ បើ​គិត​ជា​ករណី​ឆ្លង​សរុប នៅ​ទូទាំងប្រទេស មាន​ចំនួន ៤២៧១១​នាក់ ជាសះស្បើយ​សរុប ៣៧៤៨៩​នាក់ និង​ស្លាប់​សរុប ៤៣១​នាក់​។

ជាងនេះទៅទៀត កាលពីថ្ងៃទី១៩ ខែមិថុនា ក្រសួងសុខាភិបាល ក៏​បានប្រកាសពីការ​រកឃើញ​ករណីឆ្លងវីរុសកូវីដ១៩ ដែលបម្លែងថ្មី ប្រភេទ B.1.617-2 ( Delta ) ចំនួន ៧នាក់ ដែលជាប្រជាពលរដ្ឋខ្មែរយើង ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេស​ថៃ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តសៀមរាប កំពង់ចាម និងខេត្តកំពត​។

ចូរកុំ​ភ្លេចថា កាលពីខែមេសា ក្នុងពេល​កូវីដឆ្លងរាលដាលខ្លាំង​ ពិសេសនៅភ្នំពេញ គឺដំបូង​​អាជ្ញាធរ​បានចាត់វិធានការរដ្ឋបាល​ដូចគ្នានេះ​​ ត្រឹមតែ​​ផ្អាក​ជាបណ្តោះអាសន្ន​ ចំពោះសកម្មភាព​ការងារ​ មុខរបរ ឬអាជីវកម្ម ដែល​មានហានិភ័យ​ខ្ពស់​នៃការឆ្លងរាលដាល​ជំងឺ​កូវីដ១៩ និងការជួបជុំ​ ឬការប្រមូលផ្តុំ​មនុស្សជាលក្ខណៈឯកជន ជាដើម​។ ប៉ុន្តែ​នៅពេល​ការឆ្លង​រាលដាល​កូវីដ ពីម្នាក់ ទៅច្រើននាក់ កាន់តែច្រើនទៅៗរៀងរាល់ថ្ងៃ នោះច្បាស់ណាស់ថា វិធានការបិទខ្ទប់ ការដាក់​បារ៉ាស​ ចងខ្សែ​នៅមុខផ្ទះ បារ៉ាសនៅលើផ្លូវ​បិទខ្ទប់ រួមទាំង​ខ្សែចង​បិទផ្លូវ ការហាមឃាត់​ធ្វើចរាចរណ៍ មិនថា យប់ ឬថ្ងៃ មុខរបរ​គ្រប់ប្រភេទត្រូវបិទទ្វារ​ រួមទាំង​ការបែងចែកតំបន់​លឿង លឿងទុំ និងតំបន់ក្រហម ច្បាស់ណាស់ថា អ្នកភ្នំពេញ នឹង​ជួបប្រទះឡើងវិញ ​ជាមិនខាន​។​

ដូច្នេះ​ក្នុងអំឡុងពេលនេះ ម្នាក់ៗ ចាំបាច់ត្រូវតែ​បន្ត​ និងបង្កើន​ការយកចិត្តទុកដាក់​ការពារខ្លួន ព្រមទាំង​ប្រុងប្រយ័ត្ន​ខ្ពស់ជាងមុន ដើម្បី​ចូលរួម​កាត់ផ្តាច់​កុំ​ឲ្យឆ្លងបន្តពីម្នាក់ ទៅម្នាក់ ទោះជា​ក្នុងគ្រួសារ ក្នុងសហគមន៍ ឬនៅកន្លែង​ធ្វើការក៏ដោយ។

វិធានការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លង​កូវីដ សាមញ្ញទេ គឺ​៣ការពារ និង៣កុំ​ ដែល​សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានដាក់​ចេញ​ឲ្យអនុវត្ត តាំងពីពាក់ក​ណ្តាល​ខែ​ធ្នូ ឆ្នាំ២០២១ រួមទាំង​ការ​ចូលរួម​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​។​

យ៉ាងណាក៏ដោយ មកដល់ពេលនេះ អ្នកជំនាញ​មើលឃើញថា ការអនុវត្ត​វិធានការទប់ស្កាត់​ការឆ្លងកូវីដ នៅមានចំណុច​ខ្វះចន្លោះ លើវិធានការ ៣កុំ គឺកុំ​ជួបជុំគ្នា កុំចាប់ដៃ ប៉ះ​ពាល់គ្នា និងកុំ​ចូលទៅ​កន្លែងបិទជិត ហើយប្រើប្រាស់ម៉ាស៊ីន​ត្រជាក់ច្រើន​។ ដូច្នេះ បុគ្គលគ្រប់រូប ត្រូវ​យកចិត្តទុកដាក់​ឡើងវិញ និង​បន្ថែមទៀត លើការកែប្រែ​ឥរិយាបថរបស់បុគ្គល និងម្ចាស់ទីតាំង​ប្រមូលផ្តុំ​ទាំងឡាយ ដោយ​ត្រូវចូលរួម​​អនុវត្តវិធានការ ៣កុំ ជាចាំបាច់៕