រាជធានីភ្នំពេញ ៖ កម្មករកម្មការីនីរោងចក្រហ្គ្រេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ហៅរោងចក្រ QMI ចំនួន៦៩នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីយកសំណាកលើក២នេះហើយ ត្រូវបានរថយន្តពេទ្យចំនួន៧គ្រឿង ដឹកចេញពីទីតាំងរោងចក្រទៅព្យាបាលជាបន្តបន្ទាប់ ។

រោងចក្រហ្គ្រេនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី ហៅរោងចក្រ QMI ជារោងចក្រ កាត់ដេរ ដែលមានទីតាំងនៅក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកលើកទី២ កាលពីវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងទីតាំងរោងចក្រ ។

តាមព័ត៌មានព័ត៌មានអោយដឹងថា នៅក្នុងយុទ្ធនាការយកសំណាកជាលើកទី២នេះ បានបញ្ចប់នៅវេលាម៉ោងប្រមាណ៤រសៀល ជាលទ្ធផលរកឃើញ មានវិជ្ជមានចំនួន ៦៩នាក់ ក្នុងចំណោមអ្នកយកសំណាក់ទាំងអស់ចំនួន ២៤៣៤នាក់ ។ នេះបើតាមការអោយដឹងពីអាជ្ញាធរ និងសន្តិសុខរោងចក្រ ។

ទោះបីជាយ៉ាងណាការយកសំណាកនេះ ពុំទាន់អស់នៅឡើយ ដោយកម្មករ មួយចំនួនមិនទាន់បានមកយកសំណាកនោះឡើយ និងខ្លះទៀតពុំទាន់ដឹង ។

តាមព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីរកឃើញវិជ្ជមាន នៅវេលាម៉ោងប្រមាណ ២រសៀល រថយន្តពេទ្យ ចំនួន ៤គ្រឿងមកដឹកអ្នកជំងឺ បណ្តើរទៅព្យាបាល ។ លុះនៅវេលាម៉ោងប្រមាណជាង៦ទៅ៧យប់ រថយន្តចំនួន៣គ្រឿងទៀត បានបន្តមកដឹកបញ្ជូន ទៅព្យាបាល នៅដឹព្រេមៀសេនធ័រសែនសុខ និងស្តាតអូឡាំពិច ។

តាមសេចក្កី ជូនដំណឹងរបស់នាកយរោចក្រ បានអោយដឹងថា បងប្អូនដែលយកសំណាកលើកទី១ រួចហើយចាំបាច់ ត្រូវយកសំណាក់លើកទី២ម្តងទៀត ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ជាកំហិត នៅរោងចក្រ ហ្គ្រេនធ្វីនវេលាម៉ោង៩ព្រឹក ។ បើអវិជ្ជមានពេទ្យ ចេញលិខិត និងបោះត្រាជួនវិញ ហើយបងប្អូនកាន់លិខិតដើម្បីចូលធ្វើនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បើគ្មានការប្រែប្រួលពីអាជ្ញាធរតាមលិខិតសម្រេចលេខ ១៣៩/២១សសរចុះ០៨ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ បើគ្មានលិខិតពិនិត្យសំណាកលើកទី២ អវិជ្ជមាននោះទេ ក្រុមហ៊ុនពុំអនុញ្ញាតអោយចូលធ្វើការជាដាច់ខាតដោយយោងតាមការណែនាំរបស់អនុគណៈកម្មការក្រសួងការងារក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។
គួរបញ្ជាក់ថា រោងចក្រកាត់ដេរហ្គ្រេនធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា)ភីអិលស៊ី ហៅរោងចក្រ QMI បានផ្ទុះវិជ្ជមានកូវីដជាបន្ត បន្ទាប់ រហូតដល់៣០២នាក់ តាំងពីថ្ងៃទី០៤,០៥,និងទី៦ ខែមិថុនា ឆ្នាំ ២០២១។ លុះរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១អាជ្ញាធរ បានដឹករនាំងដែក បិទខ្ទប់នៅតំបន់ជុំវិញ តាមសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះ នៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា«តំបន់លឿងទុំ» សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ការបិទខ្ទប់នេះនឹងបន្តរហូតដល់ពេលណានោះទេ បើសិនជានៅតែរកឃើញកម្មករ វិជ្ជមានបែបនេះ ។ អ្វីដែលមានការព្រួយបារម្ភនោះ នៅក្នុងការបិទខ្ទប់នោះ កម្មករកម្មការីនី មួយចំនួនធំបានរត់ចេញ ទៅស្នាក់នៅ កន្លែងផ្សេង និងខ្លះទៀត បានធ្វើដំណើរទៅស្រុកកំណើត ។
បើសិនជាកម្មករ ទាំងនោះមានវិជ្ជមានវាអាចទៅចំលង់បងប្អូន និងក្រុមគ្រួសារនៅតាមបណ្តាលខេត្ត ផងដែរ ៕
ចែករំលែកព័តមាននេះ