រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើ និងជំរុញដល់តំណាងប្រទេសស៊ុយអែតជួយសម្របសម្រួលធុរជន និងវិនិយោគិនរបស់ខ្លួនសំខាន់ៗដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសារការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា ។
លោករដ្ឋមន្ត្រីថែមទាំងបញ្ជាក់ថា កម្ពុជាមានឱកាសលើការវិនិយោគលើវិស័យដទៃរួមមាន ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិចផងដែរ ។
សំណើរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានធ្វើឡើងនៅក្នុងឱកាសលោកទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។
គួរបញ្ជាក់ថា ប្រទេសស៊ុយអែត បានប្រកាសដកស្ថានទូតចេញពីភ្នំពេញ នៅចុងឆ្នាំ២០២១នេះ ។ ទំនាក់ទំនងការទូតកម្ពុជា និងស៊ុយអែតបន្តធ្វើតាមរយៈឯកអគ្គរាជទូតប្រទេសស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ ។
ទោះយ៉ាងនេះក្តីនៅក្នុងជំនួបជាមួយលោក លោក ប៉ាន សូរស័ក្ដិ លោក BJÖRN HÄGGMARK បានឆ្លើយតបដោយការជឿជាក់ ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត ។
ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារអាមេរិក ។ លោកឯកអគ្គរាជទូត បានកត់សម្គាល់ផងដែរពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា ។
លោកបានលើកឡើងពីសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញ។
ឆ្លៀតពេលនេះ លោករដ្ឋមន្ត្រី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានផងដែរ ៕
ចែករំលែកព័តមាននេះ