ភ្ញៀវទេសចរបរទេសចាប់ផ្ដើមជិះកប៉ាល់ទស្សនាតាមដងទន្លេពីភ្នំពេញមកខេត្តកំពង់ឆ្នាំង ខ្លះបន្តទៅខេត្តសៀមរាប
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរណ៍បរទេស ដែលធ្វើដំណើរតាមផ្លូវទឹក ដោយជិះ កប៉ាល់ពីភ្នំពេញមកខេត្តកំពង់ឆ្នាំងនិងខ្លះបន្តទៅខេត្តសៀមរាប បានចាប់ផ្ដើមដំណើរចាប់ពីពាក់កណ្ដាលខែវិច្ឆិកា និងបន្តរហូតដល់ខែឧសភា ទើបផុតដោយសារកប៉ាល់ធំៗមិនអាចធ្វើដំណើរនៅរដូវប្រាំងបាន។នេះជាការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 1 ខែធ្នូ ឆ្នាំ2025។
លោក សេង សាលី ប្រធានមន្ទីរចចកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា 30 ខែវិច្ឆិកា ម្សិលមិញនេះ មានភ្ញៀវទេសចរបរទេសចំនួន 112 នាក់ បានមកទស្សនានៅវត្តកំពង់ត្រឡាចលើនិងបានបន្តមកទស្សនា និង រាំលេងកំសាន្ត នៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាបៀរ ។ភ្ញៀវទាំង 102 នាក់ មាន 8 សញ្ជាតិគឺសញ្ជាតិអូស្ត្រាលីអាមេរិក កាណាដា បារាំង ស្វីស អ៊ីតាលី បែលហ្សិក និងអង់គ្លេស។
លោកប្រធានមន្ទីរទេសចរខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍បានធ្វើដំណើរតាមកប៉ាល់ ក្នុងគោលដៅមកខេត្តកំពង់ឆ្នាំង និងកប៉ាល់ខ្លះបាន បន្តទៅខេត្តសៀមរាប ដោយក្នុងនោះបានឈប់ សំចតនៅកំពង់ផែកំពង់ត្រឡាចក្រោម ហើយបានបន្តដំណើរដល់ជិះរទេះគោ មកវត្តកំពង់ត្រឡាចលើ ដើម្បីទស្សនាគំនូរបុរាណ និងបន្ទាប់មកទៀតបានបន្តដំណើរដោយកប៉ាល់។មកដល់ភូមិ ព្រែកសាលា ស្ថិតនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ នាពេលរសៀល ពួកគាត់បានឡើងពីរកប៉ាល់មកពិសាអាហារពេលល្ងាច ដោយមានអាជ្ញាធរមូលដ្ឋាន នៅទីនោះរៀបចំទទួល ប៉ុន្តែផ្តល់តែពីតាំងនិងរៀបចំវង់តន្ត្រីបុរាណឲ្យពួកគាត់រាំលេងកម្សាន្តតែប៉ុណ្ណោះ ចំពោះអាហារគឺខាងកប៉ាល់ជាអ្នករៀបចំ ។ភ្ញៀវនៅលេងកំសាន្តនៅទីនោះគឺរហូតដល់ពេលយប់ដោយដុតភ្លើងភ្នួករាំលេងកម្សាន្ត រួចទើបបន្តដំណើរមកខេត្តកំពង់ឆ្នាំង ទៀត។
ភ្ញៀវទេសចរណ៍បានទស្សនាតាមផ្លូវទឹកចាប់ពីរាជធានីភ្នំពេញរហូតដល់ខេត្តកំពង់ឆ្នាំង ហើយភ្ញៀវខ្លះបានបន្តទៅខេត្តសៀមរាប តែជើងកប៉ាល់ខ្លះគឺវិលត្រឡប់ភ្នំពេញវិញ។
ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងភ្ញៀវបានឡើងពីរកប៉ាល់ទស្សនាផ្សារលើ ផ្សារក្រោម និងកន្លែងសិប្បកម្មស្មូនឆ្នាំងដីនៅភូមិអណ្ដូងឬស្សីឃុំស្រែថ្មីស្រុករលាប្អៀរ ៕



















ចែករំលែកព័តមាននេះ