ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន២នាក់ ជាក្រុមចោរដែលសកម្មខាងគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០៨ និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំនុចផ្ទះក្នុងបុរីទួលសង្កែ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល និងឃាត់ខ្លួនបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាមេរ៉ាសុវត្ថិភាព ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុម ចន្ទលី ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅ ភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ក្នុងនោះ សម្ភារៈបាត់បង់ ៖ ប្រាក់ចំនួន ៣០,០០០ដុល្លាអាមេរិក , ខ្សែកមាសចំនួន ០២ខ្សែ ទម្ងន់សរុប ៥តម្លឹង(ជារបស់ជនរងគ្រោះ )។
ចំណែក ជនសង្ស័យទាំង២នាក់៖ ទី១- ឈ្មោះ អ៊ឹម ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តេស្តិ៍ទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន ។
ទី២- ឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ដើមស្លែង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តេស្តិ៍ទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន ។
ក្នុងនោះ វត្ថុតាងចាប់យក ៖
ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ទឹកសណ្តែក ចំនួន ០១គ្រឿង ,កែវសម្រាប់ជក់ថ្នាំញៀនពណ៌សថ្លាចំនួន ០៣ , ដែកកេះចំនួន០២, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ,ទម្ងន់សរុប ០,៧៣ក្រាម ,អាវយឺតដៃខ្លីពណ៌ខ្មៅ មានអក្សរជាភាសាអង្គគ្លេស (ESSENTIALS FEAR OF GOO) ចំនួន ០១,ខោក្រណាតជើងវែងពណ៌ប្រផេះចំនួន ០១, ម៉ាស់សម្រាប់ពាក់ពណ៌ទឹកប៊ីចចំនួន ០១ ,ទួណឺវីស ដងជ័រពណ៌ខៀវ ចំនួន ០៦ ,ដង្កាប់ចំនួន ០៣,កូនសោរ សម្រាប់ដោះខ្ចៅចំនួន ០៥,ដែកកែឆ្នៃចុងសំប៉ែតស្រួច ចំនួន ០១,រណាដែកចំនួន ០១ ,ដែកឆាបចំនួន ០១,កាំបិតរូតចំនួន ០១,កូនសោរតាន់ជ្រុងចំនួន ០៤ ,កន្ត្រៃចំនួន ០៤(ចាប់យកពីជនសង្ស័យឈ្មោះ អ៊ឹម ថា),ទូរស័ព្ទដៃម៉ាក OPPOពណ៌ខ្មៅ ចំនួន ០១គ្រឿង (ចាប់យកពីជនសង្ស័យឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ )។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅអំឡុងឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ម៉ុម ចន្ទលី បានទិញផ្ទះល្វែងមួយខ្នងស្ថិតនៅក្នុងបុរីទួលសង្កែ ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីស្នាក់នៅ រហូតដល់ដើមឆ្នាំ២០២៥ ជនរងគ្រោះបានចាក់សោរទុកផ្ទះខាងលើចោល រួចទៅស្នាក់ជាមួយកូននៅរាជធានីភ្នំពេញ ។ ជារៀងរាល់ថ្ងៃចុងសប្តាហ៍ទើបជនរងគ្រោះមកមើលម្តង ។ លុះនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ០០នាទីព្រឹក ជនរងគ្រោះបានមកមើលផ្ទះនៅចំណុចខាងលើដូចសព្វដង ក៏ឃើញសភាពនៅក្នុងផ្ទះរបស់ខ្លួន មានភាពរញ៉េរញ៉ៃ ដោយសង្ស័យថាមានចោរចូលផ្ទះ ទើបដើរត្រួតពិនិត្យមើលតាមបន្ទប់ឃើញទ្វាខូចរបើកចេញទាំងអស់ ទើបដឹងថាបាត់លុយចំនួន ៣០,០០០ដុល្លាអាមេរិក និងខ្សែកមាសចំនួន ០២ខ្សែ ទម្ងន់សរុប ៥តម្លឹង បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ។
ក្រោយពីទទួលបានបណ្តឹងកម្លាំងជំនាញ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះត្រួតពិនិត្យផ្ទះកើតហេតុ ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ក៏បានឃើញបុរសម្នាក់មានសកម្មភាពដើរក្នុងបរិវេនបុរីគួរឲ្យសង្ស័យ ជាលទ្ធផលនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ០០នាទីរសៀលកម្លាំងជំនាញបានហៅឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ ភេទប្រុស ដែលជាអ្នករស់នៅជិតខាងក្បែរផ្ទះកើតហេតុ មកសាកសួរ និងបានបង្ហាញរូបភាពភិនភាគបុរសម្នាក់ដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពឲ្យមើល ទើបឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ ប្រាប់មកសមត្ថកិច្ចថា រូបគេពិតជាបានស្គាល់បុរសម្នាក់នោះ និង ធ្លាប់មានទំនាក់ទំនងជាមួយគ្នាហៅមកឲ្យជួយសម្អាតផ្ទះរបស់បងខ្លួនផងដែរ បន្ទាប់មកទើបសមត្ថកិច្ចបានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ជនសង្ស័យឈ្មោះ អ៊ឹម ថា ហៅ ថា ឬ វុធ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ឹម ថា បានសារភាពថា ខ្លូនគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងបុរីទួលសង្កែចំនួន០២ដង មានដូចខាងក្រោម ៖ លើកទី១ នៅថ្ងៃទីមិនចាំ ខែកញ្ញា ឆ្នាំពីរពាន់ម្ភៃប្រាំ វេលាម៉ោង ១៧ និង ០០នាទីល្ងាច ខ្លួនបានធ្វើសកម្មភាពយកទួណឺវីសទៅបុកបំបែកមេសោររួចូលលួចសម្ភារៈនៅក្នុងផ្ទះរបស់ជនរងគ្រោះបានដូចជា ទូរស័ព្ទដៃម៉ាក Iphone 16 ពណ៌ទឹកប្រាក់ ០១គ្រឿង, លុយវៀតណាម ២លានជាងដុង,លុយចិនចំនួន ជិត១ពាន់យ៉េន,ខ្សែដៃអង្កាំចំនួន ០១ខ្សែ និងម៉ូតូម៉ាក់ Pcx ពណ៌ចំនួន ០១គ្រឿង ។
លើកទី២ នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទីរសៀល ឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ត្រូវជាអ្នកស្គាល់គ្នាបានជិះម៉ូតូឌុបខ្លួនឲ្យមកធ្វើការសម្អាតផ្ទះបងរបស់គាត់នៅក្នុងបុរីទួលសង្កែ ពេលធ្វើដំណើរតាមផ្លូវ ដោយពេលនោះខ្លួនគិតថា ត្រូវការលុយ ចំណែកឈ្មោះ សុខ សម្បត្តិលក្ខិណា ហៅ បាត់ គាត់ក៏ត្រូវការលុយ ទើបខ្លួនប្រាប់ទៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ថាចង់ចេញរកលុយដើម្បីយកចែកគ្នាចាយដោយទៅរកមើលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងបុរីខាងលើ ពេលឆ្លងទូកដរ ដល់ត្រើយខាងអរិយក្សត្រ ខ្លួនបានឲ្យឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ជិះម៉ូតូម្នាក់ឯងទៅចាំនៅផ្ទះរបស់បងគាត់នៅក្នុងបុរីមុន ចំណែកខ្លួនជួលកង់បីជិះសំដៅទៅតាមក្រោយ ។
ពេលទៅដល់បានបោសសម្អាតនៅផ្ទះខាងលើរួច ឲ្យឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ចាក់សោរផ្ទះខាងមុខ ទុកតែទ្វារខាងក្រោយដើម្បីឲ្យខ្លួនស្រួលចេញនៅពេលធ្វើសកម្មភាព ហើយឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ បានជិះម៉ូតូចេញទៅចាំនៅខាងក្រៅដោយមានសភាពស្ងាត់ទើបខ្លួនចេញពីក្នុងផ្ទះខាងលើ ដើរដល់តាមផ្លូវក៏បានឃើញផ្ទះល្វែងទល់គូទគ្នាត្រូវបានម្ចាស់ចាក់សោរមិននៅ ទើបធ្វើសកម្មភាពផ្លោះរបង និងទាញជំរឹងបង្អួចខាងក្រោយនោះបំបាក់ដើម្បីលូនចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ដោយយកទួណឺវីសទៅគាស់មេសោរចូលរុះរើនៅក្នុងបន្ទប់ តែមិនឃើញមានទ្រព្យសម្បត្តិអ្វីមានតម្លៃនោះទេ ។
ពេលនោះខ្លួនបានលើកកង់ហាត់ប្រាណមួយឡើងទៅជាន់ខាងលើ ដើម្បីលួចយកកង់នោះចេញ តែដោយសារហែកជញ្ចាំងសង្ក័សីដែលម្ចាស់គេធ្វើបាំងខណ្ឌជញ្ចាំងផ្ទះមានទំហំតូចមិនអាចយកកង់ចេញបាន ទើបទុកចោលរួចប្រមូលកម្រាលពូកចំនួន ០៣ឈុត និងម៉ាស៊ីនផ្លុំសក់ ចេញតាមបង្អួចខាងក្រោយមកក្រៅ ក៏ត្រូវសន្តិសុខ ឃាត់សួរ តែខ្លួនប្រាប់ថាជាអ្នកស៊ីឈ្នួលសម្អាតផ្ទះឲ្យគេ បន្ទាប់មកខ្លួនបានទូរស័ព្ទហៅឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ ជួបខាងសន្តិសុខ ដោយគាត់បានបញ្ជាក់ប្រាប់ទៅខាងសន្តិសុខថា ខ្លួនជាអ្នកសម្អាតនៅផ្ទះបងរបស់គាត់ ទើបសន្តិសុខអនុញ្ញាតិឲ្យចេញ ភ្លាមនោះឈ្មោះ សុខ សម្បត្តិលក្ខណា ហៅ បាត់ បានឌុបខ្លួនយកទៅទម្លាក់នៅត្រឹមណាហ្គា រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៥ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់ ៕











ចែករំលែកព័តមាននេះ