រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត ។

ក្នុងព្រះរាជសារជូនជនរួមជាតិ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណាព្រះមហាក្សត្រ បានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ លោកស្រី លោកតា ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥តទៅ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស នៃសាធា រណរដ្ឋបារាំង ។

នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមកម្មវិធី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅចុងសប្ដាហ៍នេះ៕

ចែករំលែកព័តមាននេះ