ធូរស្រាលមួយកម្រិត ! អាករលើសាច់ ត្រី ស៊ុត និងគ្រឿងទេសសំខាន់ៗត្រូវបានរដ្ឋទទួលបន្ទុកជំនួស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់បន្តថា ដោយសម្រេចបានៈ
ចំពោះប្រការ១-ប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតផលក្នុងស្រុក ដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ប្រការ២-ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។
ប្រការ៣-បន្ថែមពីនេះទៀត សម្រាប់គោលដៅ នៃប្រកាសនេះ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម ៖

១.សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។
៣. ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។
៥.អំបិលគ្រប់ប្រភេទ។
៦. ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។
ប្រការ៤-ជាចុងក្រោយ អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ ៕



ចែករំលែកព័តមាននេះ