ខេត្តកំពង់ឆ្នាំង ៖ សហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹមមានទុនត្រឹមតែជាង៣លានរៀលប៉ុណ្ណោះ ។ ដោយមានការសម្របសម្រួលបង្កើត និងគាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្មមួយនេះបានពង្រីកសមាជិករបស់ខ្លួន ចំនួន១៤០គ្រួសារ និងមានទុនជាទឹកប្រាក់សរុបចំនួន ៧៦,៣លានរៀលសម្រាប់ប្រតិបត្តិការអាជីវកម្មសហគមន៍លើផ្ទៃដីសរុប ៨៦ហិកតា នាពេលបច្ចុប្បន្ន ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សហគមន៍នេះ បានចុះបញ្ជីស្របច្បាប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ។ អាជីវកម្មសំខាន់ៗរបស់សហគមន៍មានដូចជា ការផ្តល់ឥណទានកសិកម្មដោយគ្របដណ្តប់វិសាលភាពទូទាំងឃុំទឹកហូតផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពូជបន្លែដល់សមាជិក ការចិញ្ចឹមមាន់ និងដាំបន្លែសុវត្ថិភាព ដូចជា ខ្ទឹមស្លឹក ស្ពៃខៀវ ស្ពែតឿ សាឡាដ និងភ្លៅកង្កែប។

តាមរយៈការដាំដុះក្នុងផ្ទះសំណាញ់ដែលជាបច្ចេកទេសកសិកម្មថ្មីគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគន៍ និងអ្នកប្រមូលទិញ បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិត និងលក់ខ្ទឹមស្លឹកដែលជាដំណាំង អាទិភាពរបស់សហគមន៍ពី ៣ទៅ៤តោនក្នុង ១ថ្ងៃជាប្រចាំទៅកាន់ទីផ្សារភ្នំពេញ និងទីផ្សារនានា ។

ការបង្កើតសហគមន៍កសិករជាមធ្យោបាយសំខាន់សម្រាប់ជួយពលរដ្ឋក្នុងការអាចជួយគ្នាទៅមកលើបញ្ហាថវិកាដោយសហគមន៍បានបង្កើតក្រុមសន្សំហើយផ្តល់ប្រាក់កម្ចីឲ្យសមាជិក ផ្តល់ចំណេះដឹងបច្ចេកទេសដាំដុះ និងព័ត៌មានទីផ្សារពីគ្នាជាដើម ។
កន្លងមកមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចុះសហគមន៍ ហើយបានជំរុញឲ្យកសិករបង្កើតក្រុមសន្សំនៅក្នុងជាទីទៅគេច្រើនដាក់ឈ្មោះក្រុមសន្សំប្រាក់ស្ត្រី ក្រុមសន្សំដើម្បីកុមារជាដើម ។

ក្រៅពីការជួយគ្នាលើការងារកសិកម្ម សហគមន៍កសិករបានចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើកុមារ និងការជួញដូរដែលបទល្មើសផ្សេងៗនៅក្នុងសហគមន៍របស់បានទៀតផង ។
ការវិវឌ្ឍរីកចម្រើនរបស់សហគមន៍កសិកម្មទឹកហូត ក្នុងខេត្តកំពង់ឆ្នាំងនេះ ត្រូវបានវាយតម្លៃថា បានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេសចូលរួមជាមួយក្រសួងកសិកម្ម ក្នុងការពង្រឹង និងពង្រីកផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីឈានទៅបន្តការកាត់បន្ថយការនាំចូលពីបណ្តាប្រទេសនានាផងដែរ ៕
ចែករំលែកព័តមាននេះ