ខេត្តប៉ៃលិន៖ ក្រោយពីមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានធ្វើតេស្តរហ័សលើក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅ ប៉ាហ៊ី ក៏បានរកឃើញអ្នកផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ រួចមក គឺនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច បិទផ្សារសាមគ្គី ហៅ ប៉ាហ៊ី ទាំងមូលជាបណ្តោះអាសន្ន។
នៅល្ងាចថ្ងៃដដែលនេះ គេសង្កេតឃើញប្រជាពលរដ្ឋ មានការនាំគ្នាទិញទំនិញ ឥវ៉ាន់មួយចំនួន ទុកសម្រាប់ក្រុមគ្រួសារ។ ចំណែកអាជីវករ ក្នុងផ្សារទាំងអស់ នាំគ្នា រើឥវ៉ាន់របស់ខ្លួនមួយចំនួនចេញពីក្នុងផ្សារ អ្នកខ្លះបិទតូប ខណ:អាជ្ញាធរក្រុង រៀបចំដាក់ខ្សែហ៊ុំព័ទ្ធផ្សារ មិនឲ្យចេញចូល។
រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាស លេខ០៧៦/២១ សសរ. ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្រេចប្រកាសបិទជាបណ្តោះអាសន្នទីតាំងផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៨ ខែមិថុនានេះ រហូតដល់មានការសម្រេចសាជាថ្មី។
តាមសេចក្តីសម្រេច នៅក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងប៉ៃលិន ត្រូវ៖ ហ៊ុំព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញចូល ក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យ ដោយសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។ ចំណែកអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីអ្នកមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ខាងលើ រដ្ឋបាលខេត្ត បានស្វែងរក ដើម្បីយកទៅធ្វើចត្តាឡីស័ក ដោយអ្នកមានជំងឺខាងលើ កំពុងសម្រាកព្យាបាល ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
ដូច្នេះ ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ អាជ្ញាធរខេត្ត ក៏បានចាត់ឱ្យក្រុមការងារចុះផ្សព្វផ្សាយពីវិធាន ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ខណ:ជំងឺដ៏កាចសាហាវមួយនេះ កំពុងរាតត្បាត នៅក្នុងខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ៕ ដោយ៖ នីយ៉ា











ចែករំលែកព័តមាននេះ