រាជធានីភ្នំពេញ ៖ បុរសជាបរទេសម្នាក់បានចិញ្ចឹមសត្វឆ្មាមួយក្បាលនៅលើផ្ទះ តែជាអកុសលសត្វឆ្មានោះបានងា.ប់ដោយមិនដឹងមូលហេតុ ដោយក្តីអាណិតអាសូរគាត់មិនដាច់ចិត្តយកស.ពឆ្មានោះទៅបោះចោលទេ ក៏បានសម្រេចចិត្តដុតស.ពឆ្មាចោលនៅលើផ្ទះខ្លួនស្នាក់នៅតែម្តង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតគ្នាស្មានតែភ្លើងឆេះផ្ទះ ក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ហៅរថយន្ដពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះលេខ១១៨E1 ផ្លូវ១៩ ក្រុម២៤ ស្ថិតក្នុងភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ម្ចាស់ផ្ទះជាជនបរទេសខាងលើនេះ មានឈ្មោះ Scott Jeffrey Ray ជនជាតិអាមេរិក ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរអ្នកនិពន្ធ បានប្រាប់សមត្ថកិច្ចមូលដ្ឋានអោយដឹងថា រូបគាត់ទើបតែចូលមកស្នាក់នៅផ្ទះកើតហេតុខាងលើកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះទេ ហើយរូបគាត់បានចិញ្ចឹមសត្វឆ្មាមួយក្បាលដាក់ក្នុងទ្រុងនៅលើផ្ទះស្នាក់នៅរបស់គាត់ ។

ម្ចាស់ផ្ទះជនបរទេសរូបនេះបានបន្តទៀតថា នៅថ្ងៃទី១៧ ខែមិថុនានេះ សត្វឆ្មារបស់គាត់ក៏បានងា.ប់ដោយមិនដឹងមូលហេតុឡើយ ហេតុតែអាណិតស្រឡាញ់សត្វចិញ្ចឹម រូបគាត់មិនដាច់ចិត្តយកឆ្មានោះទៅបោះចោលទេ ក៏បាននឹកឃើញវិធីដុតស.ពឆ្មានោះចោលតែម្តង ។

ប្រភពដដែលបន្តទៀតថា ដោយគាត់បានយកផើងផ្កាថ្មធំមួយចាក់ដីចេញអស់ ហើយកក៏យកធ្យូង និងអូសមករៀបក្នុងផើងផ្កានោះរួចដាក់ស.ពឆ្មានៅក្នុងគំនរ អូសនោះ ហើយក៏បានចាក់សាំងដុតតែម្តង បង្កឱ្យក្លាយជាអណ្ដាតភ្លើងឆាបឆេះលាយឡំជាមួយនឹងផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនៅជិតខាង ស្រែកឆោឡោថា «ភ្លើងឆេះផ្ទះ» បន្ទាប់ក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ហៅរថយន្ដពន្លត់អគ្គិភ័យមួយគ្រឿង ចេញមកអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម ខាងការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកដល់កន្លែងកើតហេតុភ្លាមៗ និងទាញទុយោត្រៀមបាញ់អន្តរាគមន៍ពន្លត់ទៅហើយ តែពេលកម្លាំងជំនាញឡើងទៅពិនិត្យកន្លែងឆេះ ទើបដឹងថា ជារឿងហួសចិត្ត គឺម្ចាស់ផ្ទះដុតស.ពឆ្មាគាត់សោះ ក្រោយមកក៏បានទាញបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាមៗផងដែរ ។

ក្រោយមានការភ្ញាក់ផ្អើល ម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីធ្វើកិច្ចសន្យា អប់រំណែនាំកុំឲ្យធ្វើបែបនេះតទៅទៀត ៕

ចែករំលែកព័តមាននេះ