គណៈកម្មាធិការផ្នែកទេសចរណ៍របស់ប្រទេសហ្ស៊កដានីបានបញ្ជាក់កាលពីថ្ងៃទី៦ មីនា ថា ភ្ញៀវទេសចរបរទេសលុបចោលការធ្វើដំណើរចូលភូមិភាគអារ៉ាប់ស្ទើរតែទាំងអស់ ដោយសណ្ឋាគារនៅហ្ស៊កដានីត្រូវលុបចោលបន្ទប់ស្នាក់នៅច្រើនជាង៥០%នៅសល់តែភ្ញៀវទេសចរក្នុងតំបន់ ខណៈពេលប្រាក់ចំណូលក្នុងប្រទេសហ្ស៊កដានីលើវិស័យទេសចរណ៍ក្នុងមួយឆ្នាំមានប្រហែល១៤% ឬប្រហែល១.០០០លានដុល្លារអាមេរិក។ នៅក្នុងរបាយការណ៍បញ្ជាក់ឱ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសបារាំង គឺជាក្រុមចម្បងរបស់ប្រទេសហ្ស៊កដានី ខណៈពេលភ្ញៀវទេសចរបរទេសលុបចោលការធ្វើដំណើរដែលចាត់ទុកថា ជាការបាត់ចំណូលក្នុងប្រទេស។
ភ្ញៀវទេសចរមកពីបារាំងសំលឹងឃើញថា ព្រះមហាក្សត្រអាប់ឌុលឡានៃប្រទេសហ្ស៊កដានីកំពុងទទួលរងការផ្តួលអំណាចដូចព្រះមហាក្សត្រម៉ារ៉ុក ។ ចំណែកស្ថានភាពទេសចរណ៍របស់ប្រទេសស៊ីរីក៏ប្រឈមមុខនឹងបញ្ហាអ្នកទេសចរត្រូវផ្អាកធ្វើដំណើរច្រើនដូចគ្នា ដោយបានធ្លាក់ចុះប្រហែល១១ទៅ១២% រីឯការលុបចោលការកក់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារបានថយចុះប្រហែល៣៥ទៅ៤០% ។ បច្ចុប្បន្នរដ្ឋាភិបាលអាមេរិកបានប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួនត្រូវចៀសវាងធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសយេម៉ែន ព្រោះស្ថានការណ៍ក្នុងតំបន់នៅមានភាពគ្រោះថ្នាក់ក្រោយពីកើតហេតុក្រុមអាល់កៃដាសំលាប់មន្ត្រីប្រតិបត្តិការពិសេសចំនួន៤នាក់នៅកណ្តាលក្រុងសាណា ៕
ចែករំលែកព័តមាននេះ