ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសប្រអប់ជើងឆ្វេងឈឺចុកចាប់ ខណៈឪពុកម្តាយប្រើឱ្យទៅដឹកគោឱ្យផឹកទឹកដើរមិនទាន់ដល់ផង ស្រាប់តែជាន់លើពស់ពិសប្រភេទពព្លាក់ពណ៌សចឹកជើងឆ្វេងមុត៤ចង្កូមហូរឈាមជោកជើងស្រែកទ្រហោយំយ៉ាងខ្លាំង ត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេល កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២២ វិច្ឆិកា ២០១៥ ស្ថិតនៅចំណុចក្បែរមាត់បឹង ក្នុងភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ ឆន ជីវ៉ា អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩A នៃអនុវិទ្យាល័យហ៊ុនសែនអូរដូនតា ។
ចំណែកឪពុកឈ្មោះ នួន ឆន អាយុ៦២ឆ្នាំ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រើកូនប្រុសគាត់ឱ្យទៅដឹកគោផឹកទឹក និងប្តូរទៅឱ្យស៊ីស្មៅកន្លែងផ្សេងទៀត ខណៈដើរដល់ពាក់កណ្តាលផ្លូវជាមួយនឹងសត្វឆ្កែមួយក្បាល ។ ពេលនោះ ឆ្កែរត់បែរថយក្រោយ ដោយឃើញសត្វពស់ រីឯកូនប្រុសគាត់មិនដឹងថាមានពស់នោះទេ ក៏ដើរទៅខាងមុខឆ្កែ ស្រាប់តែជាន់លើពស់ពិសធ្វើឱ្យចឹកចំប្រអប់ជើងផ្នែកខាងឆ្វេង ភ្លាមនោះគាត់ក៏ប្រញាប់ដឹកកូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកតែម្តង ។
រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ កូនប្រុសគាត់អន់បានធូរស្រាលបន្តិចហើយ គ្រាន់តែនៅហើមជើងរបួស កូនគាត់ស្នាក់នៅក្នុងមន្ទីរពេទ្យរង់ចាំរហូតដល់ស្រកសិនទើបគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
លោកគ្រូពេទ្យបានឱ្យដឹងថា ពស់ពព្លាក់ ពស់ភ្នាក់អង្វែល ពស់វែក ស្រកាចាស់ គឺសុទ្ធតែមានពិសទាំងអស់ ដូច្នេះបន្ទាប់ពីវាចឹករួច ត្រូវប្រញាប់នាំជនរងគ្រោះមកចាក់ថ្នាំបន្សាបជាតិពិស បើពុំដូច្នោះទេ អាចនឹងប៉ះពាល់ដល់អាយុជីវិត បើសិនជាជាតិពិសជ្រាបចូលដល់បេះដូង ៕
ចែករំលែកព័តមាននេះ